អន្តរជាតិ
សភា​ជប៉ុន​ព្រម​អនុម័ត​ច្បាប់​បើកទ្វារ​ទទួល​ពលករ​បរទេស​បន្ថែម ស្របពេល​ប្រឈម​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម
30, Nov 2018 , 9:59 pm        
រូបភាព
ដោយ:
​សភា​ជាន់​ទាប​ជប៉ុន កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា បានអនុម័ត​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស់​មួយ ដែល​នឹង​បើកចំហ​ទ្វារ​ប្រទេស​ឲ្យ​កាន់តែ​ទូលាយ ដើម្បី​ទទួលយក​ពលករ​បរ​ទេស​រាប់ម៉ឺន​នាក់​បន្ថែមទៀត​។ គំនិត​ផ្តួចផ្តើម​ថ្មី​នេះ​នឹង​ប្រែក្លាយ​ជប៉ុន​ទៅជា​ប្រជាជាតិ​មួយ ដែល​ស្វាគមន៍​ជនអន្តោប្រវេសន៍​ជាពិសេស​ពលករ​មាន​ជំនាញ​ខ្ពស់​។​

 
​ក្រោយពី​សភា​ជាន់​ទាប​បាន​ពិនិត្យ និង​សម្រេច​អនុម័ត​រួចរាល់​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ សេចក្តីព្រាងច្បាប់​ថ្មី​នេះ​នឹងត្រូវ​លើក​យកទៅ​ជជែក​តទល់​បន្ថែមទៀត នៅឯ​សភា​ជាន់ខ្ពស់​នា​ថ្ងៃទី​១០ ខែធ្នូ​ខាងមុខ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo ប្រសិន​ច្បាប់​នេះ​ចូល​ជា​ធរមាន វា​អាច​បង្កើន​ចំនួន​ពលករ​បរទេស​ក្នុងប្រទេស​ជប៉ុន ប្រមាណ​ជាង ៣៤៥ ០០0​នាក់ ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ​។​
 
​រដ្ឋាភិបាល​ជប៉ុន​បា​នព​ន្លឿ​ន​ការតស៊ូ​មតិ និង​សម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ ដោយ​សង្ឃឹមថា វា អាច​នឹង​ចូល​ជា​ធរមាន ត្រឹម​ខែមេសា ឆ្នាំ​២០១៩​។ ជាក់ស្តែង ដំណើរ​នៃ​ការពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​នេះ បាន​ប្រើប្រាស់​រយៈពេល​ត្រឹម​១៧​ម៉ោង និង​១៥​នាទី ជំនួស​ឲ្យ​រយៈ​ទាប​បំផុត​សម្រាប់​ច្បាប់​ដ៏​ចម្រូងចម្រាស់ គឺមាន​រយៈពេល​ដល់ ២០​ម៉ោង​។​
 
​ការ​បង្កើនល្បឿន​កិច្ចពិភាក្សា​នេះ​គឺធ្វើឡើង ស្រប​ពេលដែល​ក្រុង​តូ​ក្យូ​ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ក្នុងស្រុក ដែល​បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​អត្រាកំណើត ប្រជាជន និង​ការកើនឡើង​នៃ​ប្រជាជន​ចាស់ជរា​។​
 
​តាមពិតទៅ ជប៉ុន​មាន​ប្រពៃណី​រឹតត្បិត​ចំពោះ​ការទទួលយក​ពលករ​ទេស មក​ធ្វើការ​ក្នុងប្រទេស​ខ្លួន លើកលែងតែ ពលករ​មាន​ជំនាញ​ខ្ពស់ ជាពិសេស​ក្នុង​វិស័យ​វិ​ជ្ជ​សាស្ត្រ​ជាដើម​។ ប៉ុន្តែ​សម្រាប់​សេចក្តីព្រាងច្បាប់​ថ្មី​នេះ វា​នឹង​អនុញ្ញាត​ឲ្យ​ពលករ​ទាំង​ជំនាញ​និង​គ្មាន​ជំនាញ​ពី​បរទេស អាច​ចូល​បម្រើការ​ក្នុង​វិស័យ​ចំនួន ១៤ ក្នុងប្រទេស​ជប៉ុន ដែល​កំពុង​រងគ្រោះ​ដោយសារ​កង្វះ​កម្លាំង​ពលកម្ម​។ វិស័យ​ទាំង​១៤ គឺ​រាប់បញ្ចូល​ដូចជា ផ្នែក​ថែទាំ​សុខភាព​, សំណង់ និង​ឧស្សាហកម្ម​ជាដើម​។​
 
​ប្រព័ន្ធគ្រប់គ្រង​ជនអន្តោប្រវេសន៍​របស់​ជប៉ុន​ថ្មី​នេះ នឹង​បង្កើតជា​ទិដ្ឋាការ​ប្រភេទ​ថ្មី​ចំនួន​ពីរ​សម្រាប់​ពលករ​បរ​ទេស​។ ទីមួយ​គឺមាន​សុពលភាព​៥​ឆ្នាំ​សម្រាប់​ពលករ​បរទេស ដែល​អាច​និយាយ​ភាសា​ជប៉ុន​បានល្អ និង​ស្ថិតក្នុង​វិស័យ​កំពុង​ខ្វះខាត​ខាងលើ​។  ហើយ​ទី​ពីរ​វិញ​នោះ​គឺ​សម្រាប់​ពលករ​មាន​ជំនាញ​ខ្ពស់ ដែល​ពួកគេ​ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​នាំ​គ្រួសារ​ទៅ​រស់នៅ​ជាមួយ​ថែម​ទៀតផង​។ ជាពិសេស សម្រាប់​ទិដ្ឋាការ​ប្រភេទ​ទី​ពីរ​នេះ រដ្ឋាភិបាល​ពុំបាន​កំណត់​ចំនួន​ការផ្តល់​ចំនួន​ទិដ្ឋាការ​ជាថ្មី​ឡើយ​។ នេះ​មានន័យថា ពួកគេ​អាចមាន​សិទ្ធិ​រស់នៅក្នុង​ប្រទេស​ជ​ប៉ុន​ជា​រៀងរហូត​ថែម​ទៀតផង​។​
 
​យោងតាម​ក្រសួង​ការងារ​ជប៉ុន ចំនួន​ពលករ​បរទេស​ក្នុងប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ ១,២៨​លាន​នាក់ គិត​ត្រឹម​ចុងខែ​តុលា​នេះ ដែល​កើនឡើង​ពី​ចំនួន ៦៨​ម៉ឺន​នាក់ កាលពី​ឆ្នាំ​២០១២​។ ក្នុងចំណោម​ពលករ​បរទេស​ទាំងអស់ ជនជាតិ​ចិន​មាន​ចំនួន​ច្រើនជាងគេ​បំផុត​ដែល​ស្មើនឹង​៣៧​ម៉ឺន​នាក់ និង​តាម​ពីក្រោយ​ដោយ​វៀតណាម និង​ហ្វីលីពីន​៕
 

Tag:
 ជប៉ុន​
  គោលនយោបាយ​អន្តោប្រវេសន៍​
  កង្វះ​កម្លាំង​ពលកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com