អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រាយុទ្ធ ប្រតិកម្មខ្លាំង ក្រោយមានការចោទប្រកាន់ថាលោកពាក់ព័ន្ធការបែងចែកមណ្ឌលបោះឆ្នោត
× ប្រមុខរបបសឹកថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា បានសម្តែងការខឹងសម្បារខ្លាំងទៅនឹងសារព័ត៌មាន និងបក្សនយោបាយមួយចំនួន ដែលមានចេតនាចោទប្រកាន់ថា លោកមានជាប់ពាក់ព័ន្ធនឹងការងារបែងចែកមណ្ឌលបោះឆ្នោតមុនការបោះឆ្នោតមកដល់នៅឆ្នាំ ២០១៩ ខាងមុខ។
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃ៣០ ខែវិច្ឆិកា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការយុទ្ធសាស្ត្រជាតិ នៅទីស្តីគណៈរដ្ឋមន្ត្រី ដោយផ្តោតលើការងារសម្រាប់ការបោះឆ្នោត ជាពិសេសនោះលើវិធានការសម្រាប់ឆ្លើយតបនឹងបណ្តឹងនានានៃការបែងចែកមណ្ឌលបោះឆ្នោត។ នេះបើយោងតាមផ្សាយរបស់សារព័ត៌មានក្នុងស្រុក The Nation ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ អំឡុងពេលនៃកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីខឹងច្រឡោតតោតតូង ប្រើពាក្យមិនគប្បី ដោយប្រតិកម្មទៅនឹងការចោទសួរដដែលៗរបស់សារព័ត៌មានពាក់ព័ន្ធនឹងការបែងចែកមណ្ឌលបោះឆ្នោត ជាពិសេសការចោទប្រកាន់របស់អ្នកនយោបាយ ដែលថា លោក នៅពីក្រោយនៃការបែងចែកមណ្ឌលបោះឆ្នោត។
លោក ប្រាយុទ្ធ បានអះអាងថា នាយករដ្ឋមន្ត្រី គ្មានការងារអ្វីទៅចេះដឹងរឿងបែងចែកមណ្ឌលអ្វីនោះទេ។ លោក ថ្លែងបែបនេះរួចហើយ ក៏បន្តប្រតិកម្មទៅនឹងអ្នកនយោបាយ ដែលបានចោទថា អ្នកកំពុងតែកាន់អំណាច បាននៅពីក្រោយក្នុងការរៀបចំមណ្ឌលបោះឆ្នោតតាមសំឡេងរបស់បក្សដែលមាននិន្នាការមករករបបសឹក។
លោកនាយករដ្ឋមន្ត្រី បានបកស្រាយថា ការបែងចែកមណ្ឌលបោះឆ្នោតអាស្រ័យទៅលើអ្នកបោះឆ្នោតនោះទេ ពោលគឺទោះបីមណ្ឌលត្រូវបានបែងចែករបៀបណាក៏ដោយ ប្រសិនពួកគេ មិនបោះឲ្យអ្នកណា នោះអ្នកនោះ ក៏មិនទទួលបានការជ្រើសរើសឡើយ។ លោក ក៏សង្កត់ធ្ងន់ផងដែរ លោក មិនកាន់ជើងខាងណាឡើយ ហើយរឹតតែមិនបានបញ្ជាឲ្យអ្នកណាធ្វើអ្វីឡើយ។
គួរជម្រាបផងដែរថា នៅថ្ងៃ៣០ វិច្ឆិកាដដែលនោះ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានបញ្ចប់ការបែងចែកមណ្ឌលសម្រាប់ការបោះឆ្នោត ដែលនឹងប្រព្រឹត្តនៅដើមឆ្នាំ២០១៩ខាងមុខនេះ។ រឿងចំនួននៃការបែងចែកមណ្ឌលប៉ុន្មាននោះ នឹងត្រូវចុះផ្សាយតាមរាជការកិច្ចតាមក្រោយ។ ក៏ប៉ុន្តែខណៈដែលរាជកិច្ចមិនទាន់ចុះផ្សាយផងនោះ បក្សនយោបាយថៃ បានចាប់ផ្តើមជជែក និងចោទប្រកាន់របបសឹកជាបណ្តើរថា ជាអ្នកនៅពីក្រោយនៃបែងចែកនេះ ដ្បិតក្នុងការបោះឆ្នោតខាងនេះ ក៏មានបក្សមានទំនោរទៅរករបបសឹក ចូលរួមផងដែរ៕
Tag:
ប្រាយុទ្ធ ចន្ទអូចា
ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com