ជាតិ
នយោបាយជាតិ
អចិន្ត្រៃយ៍សភា ផ្តើមពិភាក្សាច្បាប់ ដែលឲ្យអ្នកជាប់បម្រាម ចូលធ្វើនយោបាយវិញ
× គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី៥ ខែឆ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពរបស់សម្តេច ហេង សំរិន ដែលជាប្រធាន ដើម្បីពិភាក្សាលើសំណើសុំធ្វើវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ។
ជានីតិវិធី ពេលគណៈកម្មាធិការអចិន្ត្រៃយ៍ ពិភាក្សានិងអនុម័តរួច សេចក្តីស្នើច្បាប់ខាងលើ នឹងត្រូវបញ្ជូនទៅគណៈកម្មការជំនាញ ដដែលបន្ទុកក្នុងវិស័យនេះ ដើម្បីសិក្សាលម្អិត។ ក្រោយសិក្សារួច គណៈកម្មការជំនាញ នឹងបញ្ជូនទៅឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍វិញ។
គណៈកម្មាធិការអចិន្ត្រៃយ៍ នឹងបើកកិច្ចប្រជុំជាលើកទីពីរ ដើម្បីកំណត់កាលបរិច្ឆេទនៃការបើកសម័យប្រជុំពេញអង្គនៃរដ្ឋសភា លើសេចក្តីស្នើសច្បាប់នេះ។
មាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា៖«ក្នុងករណី ដែលគណបក្សនយោបាយ ត្រូវបានរំលាយ តុលាការអាចសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំនៃគណបក្សនយោបាយនោះ សម្រាប់រយៈពេល ៥ឆ្នាំ»។
ប៉ុន្តែ អ្នក ជាប់បម្រាមទាំងនោះ អាចនឹងមានឱកាសបានចូលធ្វើនយោបាយវិញ មុនកាលកំណត់ នៅពេលមាត្រា៤៥ថ្មី (ស្ទួន) ត្រូវបានកែប្រែរួច។ ខ្លឹមសារថ្មី ដែលនឹងត្រូវបញ្ចូលក្នុងមាត្រានេះ គឺ នាយករដ្ឋមន្ត្រី អាចមានសិទ្ធិ ថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីទូលសុំព្រះអង្គ ឲ្យផ្តល់នីតិសម្បទាដល់អ្នកដែលត្រូវដកសិទ្ធិនយោបាយ ហើយឲ្យពួកគេ អាចធ្វើនយោបាយវិញ មុនកាលកំណត់របស់តុលាការកំពូល។
រដ្ឋាភិបាល ប្រកាសថា ការកែប្រែច្បាប់ត្រង់ចំណុចនេះ គឺដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា៕
Tag:
ច្បាប់នយោបាយ
រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com