លោក សម រង្ស៊ី ហ៊ានសន្និដ្ឋានថា លោក កឹម សុខា និង មន្ត្រីផ្សេងទៀតក្នុងបក្សរបស់លោក នឹងត្រូវដោះលែង ព្រោះរដ្ឋាភិបាលកម្ពុជា ពុំអាចទប់ទល់ជាមួយសម្ពាធអន្តរជាតិបានទៀតទេ។ អ្នកនាំពាក្យ ឆ្លើយតបថា គ្មានបរទេសណា មានអំណាចលើរដ្ឋាភិបាលកម្ពុជាឡើយ។
ក្រោយទទួលតំណែងជាប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានរងការវាយប្រហារជាហូរហែ ពីថ្នាក់ដឹកនាំនិងមន្ត្រីដែលគាំទ្រលោក កឹម សុខា។ មានអ្នកខ្លះ ដោយរួមទាំងកូនស្រីរបស់លោក កឹម សុខា ផងដែរ គឺកញ្ញា កឹម មនោវិទ្យា បានហៅទង្វើរបស់លោក សម រង្ស៊ី ថាជាការធ្វើបក្សប្រហារ។
ស្ថិតក្នុងស្ថានភាពបែបនេះ លោក សម រង្ស៊ី បានរក្សាភាពស្ងៀមស្ងាត់និងព្យាយាមបង្ហាញឥរិយាបថទន់ភ្លន់ជាមួយមន្ត្រីនិងអ្នកគាំទ្រទាំងនោះ ដោយលោក ពុំបានវាយបកអ្វីឡើយ។ ផ្ទុយមកវិញ លោក ប្រឹងបង្ហាញពីការគិតគូររបស់ខ្លួន ចំពោះលោក កឹម សុខា ដែលជាដៃគូនយោបាយ រួមទាំងថ្នាក់ដឹកនាំនិងមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យទទួលបានសេរីភាពពេញលេញ និងបានវិលចូលឆាកនយោបាយវិញ។ ចំណែកដំណោះស្រាយសម្រាប់ខ្លួនលោក គឺទុកមួយឡែកសិន។
មិនត្រឹមតែប៉ុណ្ណោះ លោក សម រង្ស៊ី នៅទទូចឲ្យដកការចោទប្រកាន់គ្រប់បែបយ៉ាង ចេញពីមន្ត្រីនៃគណបក្សសង្គ្រោះជាតិ និងមនុសុ្សដទៃទៀត។ ហើយលោក ក៏មិនភ្លេចដែរពីការទាមទារឲ្យគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពដូចមុន និងផ្តល់តំណែង ជូនសមាជិកប្រឹក្សាឃុំ-សង្កាត់ ដែលត្រូវបានដកហូត រួមទាំងបោះឆ្នោតឡើងវិញ។
ក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី លើកឡើងថា រដ្ឋាភិបាលកម្ពុជា កំពុងរងឥទ្ធិពលពីសហគមន៍អន្តរជាតិ ដូច្នេះ នឹងធ្វើតាមអ្វីដែលលោកទាមទារខាងលើ។ លោក សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«លោក ហ៊ុន សែន អត់មានមធ្យោបាយទប់ទល់ជាមួយសម្ពាធអន្តរជាតិទេ។ សម្ពាធអន្តរជាតិ កាន់តែខ្លាំងឡើងៗហើយ»។
«ចុះបើលោក ហ៊ុន សែន មិនធ្វើតាមអ្វីដែលលោកទាមទារ តែបែរជាស្នើឲ្យព្រះមហាក្សត្រ លើកលែងទោសដល់លោកវិញ តើលោក យល់ព្រម ហើយទៅចូលជាមួយលោក ហ៊ុន សែនទេ?»។ លោក ជុន ច័ន្ទបុត្រ អ្នកសម្របសម្រួល បានដាក់សំណួរនេះទៅកាន់លោក សម រង្ស៊ី ហើយលោក បានឆ្លើយយ៉ាងដូច្នេះថា៖«អត់ព្រមដាច់ខាត... ទុកខ្ញុំនៅក្រោយគេចុះ។ សុំឲ្យលោក កឹម សុខា មន្ត្រីគណបក្សសង្គ្រោះជាតិទាំងអស់ មន្ត្រីសង្គមស៊ីវិល និងអ្នកកាសែត រួចខ្លួនឲ្យអស់សិនទៅ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានច្រានចោលការលើកឡើងរបស់លោក សម រង្ស៊ី ដែលថារដ្ឋាភិបាលកម្ពុជា រងសម្ពាធពីសហគមន៍អន្តរជាតិ។ លោក ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទយ៉ាងដូច្នេះថា៖«រដ្ឋាភិបាល សម្រួលនយោបាយ ទៅតាមស្ថានការណ៍ ដោយគ្មានអំណាចពីបរទេសណាទេ»។
ដោយយល់ថាជាការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ព្រមទាំងឈរលើស្មារតីផ្សះផ្សារជាតិ រដ្ឋាភិបាល ក៏ប្រកាសពីការកែប្រែច្បាប់ ដើម្បីបើកផ្លូវឲ្យអ្នកដែលត្រូវបានដកសិទ្ធិនយោបាយ អាចចូលរួមធ្វើនយោបាយវិញ។ បច្ចុប្បន្ន សំណើសុំកែច្បាប់នេះ កំពុងស្ថិតក្នុងការពិភាក្សារបស់រដ្ឋសភា៕