ជាតិ
សាលា​រាជធានី រើស​មន្ត្រី​ជាង ៥​ពាន់​នាក់ សម្រាប់ធ្វើ​ជំរឿន​ប្រជាជន​នៅ​ភ្នំពេញ
08, Dec 2018 , 8:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
រូបភាពពីហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជំរឿន​ប្រជាជន​រាជធានី​ភ្នំពេញ បានប្រកាស​ជ្រើសរើស​មន្ត្រី​ត្រួតពិនិត្យ​, មន្ត្រី​សម្ភាសន៍ និង​មន្ត្រី​បំរុង ចំនួន ៥,០៥៩ នាក់ សម្រាប់​អនុវត្ត​ការងារ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ចុះហត្ថលេខា​ដោយ​លោក ឃួ​ង ស្រេង​។​


 
​បើតាម​សេចក្ដីជូនដំណឹង គណៈកម្មាធិការ​ជំរឿន​ប្រជាជន​រាជធានី​ភ្នំពេញ ត្រូវការ​ជ្រើសរើស​មន្ត្រី​ត្រួតពិនិត្យ​, មន្ត្រី​សម្ភាសន៍ និង​មន្ត្រី​បំរុង សរុប​ចំនួន ៥,០៥៩ នាក់ ដោយ​ក្នុងនោះ ត្រូវការ​មន្ត្រី​ត្រួតពិនិត្យ​ចំនួន ៩៩៦​នាក់​, មន្ត្រី​សម្ភាសន៍​ចំនួន ៣,៩៨៣​នាក់ និង​មន្ត្រី​បំរុង​ចំនួន ៨០​នាក់​។ 
 
​សាធារណជន​, មន្ត្រីរាជការ​, បុគ្គលិក​តាម​បណ្ដា​មន្ទីរ​, អង្គភាព​, ស្ថាប័ន​រដ្ឋបាល​ខណ្ឌ​, សិស្ស និង​និស្សិត​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ដែលមាន​ចំណាប់​ចង់​បំពេញការងារ​ជា​មន្ត្រី​ជំរឿន​ទូទៅ​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ខ្លី អាច​ទៅ​ដាក់ពាក្យ និង​កិច្ចសន្យាការងារ​នៅ​មន្ទីរ​ផែនការ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្ដា​ខណ្ឌ​ទាំង ១២​។ 
 
​បេក្ខជន​ដែល​ចូល​ជាម​ន្ត្រី​ជំរឿន ត្រូវ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល ៤​ថ្ងៃ​។ បន្ទាប់ពី​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​រួច បេក្ខជន​ដែលជា​មន្ត្រី​ត្រួតពិនិត្យ និង​មន្ត្រី​សម្ភាសន៍ ត្រូវ​ចុះ​អនុវត្ត​ការងារ​ជំរឿន​សិ​ត្ថិ​ប្រជាជន​រយៈពេល ១៤​ថ្ងៃ​។ 
 
​គណៈកម្មាធិការ​ជំរឿន​ប្រជាជន​រាជធានី​ភ្នំពេញ ចាប់ផ្ដើម​ទទួល​ពាក្យ​ពីថ្ងៃ​ទី ៦ ធ្នូ​នេះ រហូតដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០១៨​នេះ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​តាម​ទូរ​សព្ទ​លេខ ០៧៧ ៥៨០ ៦១៦/ ០១១ ៩០៧ ៦៣៩/ ០១២ ៣៣៩ ១៣០​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ខាងលើ​៕
 

Tag:
 ​ជំរឿន​
  ប្រជាជន​
© រក្សាសិទ្ធិដោយ thmeythmey.com