ជាតិ
ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ​៖​ទោះ​សាលាក្រុង​មិន​អនុញ្ញាត សមាគម​,NGO នៅតែ​ហែ​ក្បួន​ដដែល​
09, Dec 2018 , 5:29 pm        
រូបភាព
​ភ្នំពេញ​៖ តំណាង​សមាគម​,​បណ្ដាញ​សហព័ន្ធ​សហជីព និង​អង្គការក្រៅរដ្ឋាភិបាល នឹង​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ថ្ងៃទី ១០ ធ្នូ​នេះ​។ តាម​គម្រោង ការរៀបចំ​ប្រារព្ធ​ខួប​នេះ​នឹងមាន​អ្នកចូលរួម​ប្រមាណ​១​ពាន់​នាក់​ជួបជុំគ្នា​នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) ហើយ​ដង្ហែ​ក្បួន​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឲ្យ​មានការ​ជួបជុំ ប៉ុន្តែ​មិន​ឲ្យ​មានការ​ដង្ហែ​ក្បួន​នៅតាម​ទីសាធារណៈ​នោះទេ ក្រោម​ហេតុផល​ខ្លាច​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​។ យ៉ាងណាក៏ដោយ លោក ស ម៉ូ​រី អនុប្រធាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា នៅតែ​រក្សា​ជំហរ​ដង្ហែ​ក្បួន​ដដែល​។​


 
​បើតាម​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជម្រាប​មក លោក ស ម៉ូ​រី អនុប្រធាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា​, លោក ទុយ ស៊ី​ធៀង អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ ចំណីអាហារ និង​សេវាកម្ម​កម្ពុជា​, លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​លោក ថេ​ង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា ដោយ​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ ប៉ុន្តែ​មិនមាន​ការ​ដង្ហែ​ក្បួន​នៅតាម​ទីសាធារណៈ​។ 
 
​ក្នុង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ  បាន​បញ្ជាក់ថា​៖ «​ក្នុងករណី​នៅតែ​ធ្វើការ​ជួបជុំ​ខុសពី​ទីតាំង​ដែល​បានអនុញ្ញាត​ជូន ហើយ​មានការ​ដង្ហែ​ក្បួន​តាមផ្លូវ​សាធារណៈ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​នោះ លោក​តំណាង​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​ច្បាប់​ជា​ធរមាន​»​។​
 
​បើទោះបី​មិន​អនុញ្ញាត​ឲ្យ​មានការ​ដង្ហែ​ក្បួន​ក៏ដោយ ក៏​ក្រុម​សកម្មជន​នៅតែ​រក្សា​ជំហរ​ដដែល​។ លោក ស ម៉ូ​រី អនុប្រធាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​៖ « មកដល់​ម៉ោង​នេះ ក្រុមការងារ​នៅតែ​រក្សា​ជំហរ​ដដែល នឹង​ជួបជុំគ្នា​មុខ​សួនច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ជាតិ (CDC) ហើយ​ដង្ហែ​ក្បួន​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​។ ទោះ​ថ្ងៃស្អែក​មានការ​រារាំង​ក៏ដោយ ក្រុមការងារ​នៅតែ​សម្រេចចិត្ត​ចូលរួម​»​។ 
 
​អនុប្រធាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា​រូបនេះ មានគំនិត​សុទិដ្ឋិនិយម​ថា សាលា​រាជធានី និង​ក្រសួងមហាផ្ទៃ នឹង​សម្របសម្រួល​ឲ្យ​ការ​មាន​ជួបជុំ និង​ដើរ​ក្បួន​ទៅ​ទីលាន​ប្រជាធិបតេយ្យ​បាន​។ បើតាម​លោក ស ម៉ូ​រី លិខិត​ដែល​ក្រុមការងារ​លោក​ផ្ញើ​ទៅ​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ច្បាស់​ថា ការជួបជុំ​នេះ ជាការ​ជួបជុំ​ដោយ​សន្តិវិធី​, អហិង្សា និង​ជាការ​សម្ដែង​មតិ​។ 
 
​សូមបញ្ជាក់ថា ការរៀបចំ​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ នឹង​រៀបចំ​នៅ​ថ្ងៃទី ១០ ខែធ្នូ ចាប់ពី​ម៉ោង ៧​ព្រឹក ដល់​១២​ថ្ងៃត្រង់ ដែលមាន​ការជួប​ជុំគ្នា​នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ជាតិ (CDC) រួច​ដង្ហែ​ក្បួន​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​៕ 

Tag:
 សាលា​រាជធានី​
 ​សមាគម​
 NGO
 ​ទីលាន​ប្រជាធិបតេយ្យ​
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com