អន្តរជាតិ
របាយការណ៍​៖ រុស្ស៊ី​វ៉ា​អង់គ្លេស​ជា​ប្រទេស​ផលិត​សព្វាវុធ​ធំជាងគេ​ទី​២ ឯ​អាមេរិក​នៅ​លេខ​១ ដដែល​
10, Dec 2018 , 10:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​រុស្ស៊ី បាន​ដណ្ដើម​តំណែង​លេខ​២ ពី​អង់គ្លេស​ក្នុង​បញ្ជី​ប្រទេស​ផលិត​សព្វាវុធ​ធំជាងគេ​របស់​ពិភពលោក ប៉ុន្តែ​ឈរ​នៅ​ពីក្រោម​អាមេរិក ដែល​បន្ត​រក្សា​តំណែង​លេខ​១ ដដែល​។ នេះ​បើតាម​របាយការណ៍​រប​ស់​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​របស់​ស៊ុយអែត​ចេញផ្សាយ​ថ្ងៃទី​១០ ខែធ្នូ​។ កំណើន​ការផលិត​អាវុធ​តាំងពី​ឆ្នាំ​២០១១ មក ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​រុស្ស៊ី​ឡើង​លេខ​រៀង​បែបនេះ ហើយ​ក្រុមហ៊ុន​រុស្ស៊ី​ជាច្រើន​បាន​ហក់​ចូល​ចំណាត់ថ្នាក់​កំពូល​ទាំង​១០ ដែរ​។​

 
​ការចំណាយ​ច្រើន​ដើម្បី​បំពេញតម្រូវការ​អាវុធ​ដើម្បី​ធ្វើ​ទំនើបកម្ម​យោធា បាន​ក្លាយជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ឧស្សាហកម្ម​សព្វាវុធ​រប​ស់​រុស្ស៊ី កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយនេះ​។ ក្នុង​របាយការណ៍​រប​ស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុក​ខូ​ល (SIPRI) ក្រុមហ៊ុន​របស់​រុស្ស៊ី​ចំនួន​១០ បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ក្រុមហ៊ុន​ផលិត​អាវុធ​ចំនួន​១០០ សម្រាប់​ឆ្នាំ​២០១៧ មានតម្លៃ​៣៧.៧​ពាន់​លាន​ដុល្លារ ស្មើនឹង ៩.៥ ភាគរយ​នៃ​ទំហំ​ផលិត​សរុប​។​
 
​ជាមួយ​ទំហំ​ដ៏​ច្រើន​នេះ រុស្ស៊ី​បានក្លាយ​ជា​ប្រទេស​ផលិត​សព្វាវុធ​ធំ​ទី​ពីរ ដែល​ធ្លាប់​អង្គុយ​ដោយ​អង់គ្លេស តាំងពី​ឆ្នាំ​២០០២ មកម្ល៉េះ​។ Almaz-Antey ដែលជា​ក្រុមហ៊ុន​ផលិត​អាវុធ​ធំជាងគេ​របស់​រុស្ស៊ី បាន​ក្លាយជា​ក្រុមហ៊ុន​រុស្ស៊ី​ដំបូង​គេ​មានឈ្មោះ​ក្នុង​តំណែង​កំពូល​ទាំង​១០ ដោយមាន​កំណើន​ការលក់​ចំនួន​១៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៧ និង​មាន​ទំហំ​ទឹកប្រាក់​៨.៦​ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​រុស្ស៊ី ៣ ទៀត ក៏​ជាប់​ឈ្មោះ​ក្នុង​តំណែង​កំពូល​ទាំង​១០០ ដែរ​។ 
 
​បើតាម​របាយការណ៍​ដែល​ចេញផ្សាយ​ចំ​ទិវា​សិទ្ធិមនុស្ស អាមេរិក​នៅតែ​ឈរលើ​គេ​ក្នុង​តារាង​ដដែល​។ ក្រុមហ៊ុន​អាមេរិក​ចំនួន ៤២ បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​របស់ SIPRI ដោយ​ការ​លក់បាន​កើនឡើង​២​ភាគរយ​ដល់​ទៅ​ចំនួន ២២៦.៦​ពាន់​លាន​ដុល្លារ ស្មើនឹង​៥៧​ភាគរយ​នៃ​ការលក់​របស់​ក្រុមហ៊ុន​ទាំង​១០០ ។ លោក Aude Fleurant អ្នកចាត់ការ​ជាន់ខ្ពស់​របស់ SIPRI និយាយថា ក្រុមហ៊ុន​អាមេរិក​ទទួល​ប្រយោជន៍​ច្រើន​ពី​ក្រសួងការពារជាតិ​អាមេរិក​។ ក្រុមហ៊ុន Lockheed Martin ឈរ​តំណែង​លើ​គេ​ក្នុង​បញ្ជី​ឆ្នាំ ២០១៧ ។​
 
​អង់គ្លេស​ឯណោះ​វិញ ទោះ​បាត់បង់​តំណែង​លេខ​ពីរ​មែន មហាអំណាច​មួយ​នេះ​នៅតែ​រក្សា​តំណែង​ប្រទេស​ផលិត​អាវុធ​ធំជាងគេ​នៅ​អឺរ៉ុប​ខាងលិច​ដដែល​។ ការលក់​សព្វាវុធ​រប​ស់​ក្រុមហ៊ុន​អង់គ្លេស បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ឆ្នាំ ២០១៧ ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៣៥.៧​ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន BAE Systems របស់​អង់គ្លេស ស្ថិតនៅ​ចំណាត់​ទី ៤ ដោយមាន​បរិមាណ​លក់​ចំនួន ២២.៩​ពាន់​លាន​ដុល្លារ គឺ​តិចជាង​ក្រុមហ៊ុន Almaz-Antey ។​
 
​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ បរិមាណ​លក់​របស់​ក្រុមហ៊ុន​តួ​ក​គី​ក៏​កើនឡើង​ដែរ ដែល​នេះ​បង្ហាញ​ពី​មហិច្ឆតា​របស់​ក្រុង​អង់កា​រ៉ា​ក្នុងការ​អភិវឌ្ឍ​ឧស្សាហកម្ម​សព្វាវុធ​រប​ស់​ខ្លួន​ដើម្បី​បំពេញតម្រូវការ​អាវុធ និង​កាត់បន្ថយ​ការពឹងផ្អែក​ការផ្គត់ផ្គង់​បរទេស​។ យ៉ាងណាមិញ របាយការណ៍​ខាងលើនេះ មិន​រាប់បញ្ចូល​ចិន​ឡើយ ទោះជា​ប្រទេស​នេះ​ចំណាយ​ច្រើន​លើ​វិស័យ​យោធា​របស់ខ្លួន​ក្ដី ខណៈ SIPRI អះ​អង​ថា គ្មាន​ទិន្នន័យ​ពី​ប្រទេស​នេះឡើយ​៕
 

Tag:
 រុស្ស៊ី​
  អង់គ្លេស​
  អាមេរិក​
 SIPRI
© រក្សាសិទ្ធិដោយ thmeythmey.com