អន្តរជាតិ
Brexit៖ ដឹងថាមិនអាចឆ្លងសភារួច លោកស្រី ម៉េយ៍ រត់ទៅចរចាជាមួយអឺរ៉ុបឡើងវិញ នាយករដ្ឋមន្រ្តីអង់គ្លេស ថេរ៉េសា ម៉េយ៍ (រូបភាព AFP)
× នាយករដ្ឋមន្ត្រីអង់គ្លេស ថេរ៉េសា ម៉េយ៍ បានសម្រេចចិត្តលើកពេលកិច្ចប្រជុំសភាដើម្បីបោះឆ្នោតលើកិច្ចព្រមព្រៀងចាកចេញពីអឺរ៉ុប។ ក្នុងលិខិតបន្ទាន់ទៅកាន់សភាថ្ងៃទី១០ ខែធ្នូ លោកស្រី ម៉េយ៍ ទទួលបានស្គាល់ថា កិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប នឹងមិនទទួលបានការគាំទ្រពីសមាជិកសភាឡើយ ហើយលោកស្រីនឹងបន្តជជែកជាមួយអឺរ៉ុបទៀតដើម្បីដោះស្រាយបញ្ហាដែលសមាជិកសភាមិនពេញចិត្ត។ យ៉ាងណាមិញ សហភាពអឺរ៉ុបនិយាយទុកមុនថា គ្មានការចរចាម្ដងទៀតឡើយ។
នៅថ្ងៃទី១១ ខែធ្នូ នាយករដ្ឋមន្ត្រីអង់គ្លេស ថេរ៉េសា ម៉េយ៍ នឹងធ្វើដំណើរទៅកាន់ហូឡង់ និងអាល្លឺម៉ង់ដើម្បីបន្តការជជែកលើកិច្ចព្រមព្រៀងលែងលះ ខណៈសមាជិកសភាអង់គ្លេសកំពុងមិនពេញចិត្ត។ លោកស្រី ម៉េយ៍ នឹងជួបជាមួយសមភាគីអាល្លឺម៉ង់ ម៉ាក រូត នៅឡាអេ មុននឹងទៅជួបអធិការបតីអាល្លឺម៉ង់នៅបែរឡាំងជាក្រោយ។ ដំណើរទស្សនកិច្ចនេះ មានគោលដៅសង្គ្រោះកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលលោកស្រី និងអឺរ៉ុបដែលជួបបញ្ហាធំ។
កាលពីថ្ងៃទី១០ ខែធ្នូ លោកស្រី ម៉េយ៍ បានសម្រេចចិត្តពន្យារពេលបោះឆ្នោតលើកិច្ចព្រមព្រៀងជាមួយអឺរ៉ុបនៅឯសភាដែលគ្រោងធ្វើនៅថ្ងៃទី១២ ព្រោះដឹងថា មិនអាចឆ្លងផុតបាន ខណៈសមាជិកសភាជាច្រើនរាប់ទាំងសមាជិកមកពីកាន់អំណាចផងនោះ ជំទាស់ដាច់ខាត។ មិនមែនតែជំទាស់កិច្ចព្រមព្រៀងជាមួយអឺរ៉ុបឡើយ សមាជិកសភាអង់គ្លេសក៏មានផែនការបោះឆ្នោតទម្លាក់លោកស្រី ម៉េយ៍ ពីតំណែងនាយករដ្ឋមន្ត្រីទៅទៀត។
ក្នុងលិខិតទៅសភា នាយករដ្ឋមន្ត្រីរូបនេះបានសន្យាថា នឹងនាំយកការធានាពីមេដឹកនាំអឺរ៉ុបជុំវិញការព្រួយបារម្ភទាំងឡាយដែលលើកឡើងដោយសមាជិកសភា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ បញ្ហាព្រំដែនជាមួយអៀឡង់ខាងជើង ដែលលោកស្រី ម៉េយ៍ យល់ព្រមឲ្យបន្តបើកចំហក្រោយអង់គ្លេសចាកចេញពីអឺរ៉ុប គឺជាចំណុចដែលសមាជិកសភាមិនគាំទ្រ និងចង់ឲ្យរដ្ឋាភិបាលដោះស្រាយឲ្យដាច់ស្រេច។
យ៉ាងណាមិញ មុនជំនួបនៅព្រុចសែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដូណាល់ ទូស បានប្រកាសហើយថា គ្មានការចរចាជាថ្មីឡើយ។ តាមរយៈបណ្ដាញសង្គម Twitter លោក ទូស បញ្ជាក់ថា អឺរ៉ុបអាចត្រឹមជួយសម្រួលឲ្យលោកស្រី ម៉េយ៍ អាចឆ្លងកាត់ដំណាក់កាលសភាបានប៉ុណ្ណោះ។ បណ្ដាមេដឹកនាំសមាជីកសហភាពអឺរ៉ុបទាំង២៧ នឹងជួបប្រជុំគ្នាក្នុងសប្ដាហ៍នេះដើម្បីជជែកពីការចាកចេញរបស់អង់គ្លេស ហើយលោកស្រី ម៉េយ៍ រំពឹងថា មានវត្តមានក្នុងជំនួបនេះដែរ។
តាមផែនការ អង់គ្លេសនឹងចាកចេញពីអឺរ៉ុបនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខ។ យ៉ាងណាមិញ សំឡេងជំទាស់របស់អ្នកនយោបាយក្នុងអង់គ្លេស ធ្វើឲ្យមានការបារម្ភកាន់តែខ្លាំងថា អង់គ្លេសអាចចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង។ លោកស្រី ម៉េយ៍ វិញនៅតែអះអាងថា កិច្ចព្រមព្រៀងដែលលោកស្រីសម្រេចបានជាមួយអឺរ៉ុប ជាកិច្ចព្រមព្រៀងដ៏ល្អជាងគេដដែល និងចង់ឲ្យសមាជិកសភារួមគ្នាដើម្បីឲ្យអង់គ្លេសចាកចេញដោយស្រួល៕
Tag:
Brexit
អឺរ៉ុប
Theresa May
© រក្សាសិទ្ធិដោយ thmeythmey.com