អន្តរជាតិ
របប​យោធា​ថៃ ដក​បម្រាម​នយោបាយ​ដើម្បី​ត្រៀម​ការបោះឆ្នោត​ឆ្នាំ​២០១៩
11, Dec 2018 , 8:59 pm        
រូបភាព
លោក ប្រាយុទ្ធ ចន្ទអូចា ទម្លាក់សន្លឹកឆ្នោតកាលពីការធ្វើប្រជាមតិរដ្ឋធម្មនុញ្ញ
លោក ប្រាយុទ្ធ ចន្ទអូចា ទម្លាក់សន្លឹកឆ្នោតកាលពីការធ្វើប្រជាមតិរដ្ឋធម្មនុញ្ញ
របប​យោធា​ថៃ បានសម្រេច​ចិត្ត​លើកលែង​បម្រាម​ផ្នែក​នយោបាយ​ដែល​បាន​អនុវត្ត​តាំងពី​រដ្ឋប្រហារ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៤ មក​។ ការលើកលែង​បម្រាម​នេះ នឹង​ផ្លូវ​ឲ្យ​គណបក្សនយោបាយ​ទាំងអស់​ធ្វើ​សកម្មភាព​ដោយ​ស្របច្បាប់ ដើម្បី​ត្រៀម​ប្រជែង​ការបោះឆ្នោត​ខែកុម្ភៈ ឆ្នាំ​២០១៩ ។ យ៉ាងណាមិញ ប្រមុខ​ដឹកនាំ​យោធា ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ព្រលយ​ថា យុទ្ធនាការ​របស់​បក្ស​នយោបាយ​គួរ​ធ្វើ​ក្នុង​ក្របខណ្ឌ​ជាក់លាក់​មួយ​។​

 
​ជាង​បួន​ឆ្នាំមុន កិច្ចការ​ដំបូង​គេ​របស់​ក្រុម​ទាហាន​ដែល​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​ស៊ីវិល​នៅ​ថៃ គឺ​ចេញ​បញ្ជា​ចំនួន​៩ សំដៅ​ហាមឃាត់​រាល់​សកម្មភាព​នយោបាយ​ក្នុងស្រុក​ទាំងអស់​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ របប​សឹក​ថៃ​ដែល​កំពុង​ដឹកនាំ​ប្រទេស​បាន​លុបចោល​បម្រាម​នេះ​វិញ ខណៈ​ត្រៀមខ្លួន​ដើម្បី​ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០១៩ ។ ចាប់ពីពេលនេះ បក្សនយោបាយ​ទាំងអស់​អាចធ្វើ​សកម្មភាព​បាន​ដោយ​សេរី​។​
 
​បញ្ជា​ដែល​ចេញផ្សាយ​លើ​រាជកិច្ច​ចែងថា បក្សនយោបាយ​អាចធ្វើ​យុទ្ធនាការ​ដើម្បី​បង្ហាញ​គោលនយោបាយ​របស់ខ្លួន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សេចក្ដីប្រកាស​ដដែល​ប​ន្ត​ថា ប្រជាជន និង​បក្សនយោបាយ អាចធ្វើ​សកម្មភាព​នយោបាយ​ក្នុង​រយៈ​ពេលនេះ​ដើម្បី​ឈានទៅ​កាន់​បោះឆ្នោត​ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​។​
 
​តាមពិតទៅ របប​យោធា​ថៃ​ចាប់ផ្ដើម​បើក​សិទ្ធិ​ដល់​ការធ្វើ​នយោបាយ​តាំងពី​ខែកញ្ញា​មកនេះ តាមរយៈ​ការអនុញ្ញាត​ឲ្យ​បក្សនយោបាយ​នានា​ប្រមូលផ្ដុំ ធ្វើ​សមាជ​ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​។ ប៉ុន្តែ​ការប្រមូលផ្ដុំ​តាមផ្លូវ និង​ការធ្វើ​យុទ្ធនាការ​ត្រូវបាន​ហាមឃាត់​ដដែល​។ ក្រោយ​ចេញ​សេចក្ដីប្រកាស​ថ្ងៃទី​១១ ខែធ្នូ​នេះ គេ​រំពឹងថា ការជួប​ជុំគ្នា​តាមផ្លូវ​ដែល​ធ្លាប់តែ​កើតមាន​ហូ​រហ​ឬ​មក​នោះ អាច​កើតឡើង​ជាថ្មីទៀត​មិន​ខាន​។​
 
​យ៉ាងណាមិញ គេ​ក៏​មិនដឹងថា យុទ្ធនាការ​នេះ​អាចធ្វើ​ឡើង​ដោយ​សេរី​ដូច​អតីតកាល​ឡើយ​។ នេះ​ក៏​ព្រោះតែ​ប្រមុខ​រដ្ឋាភិបាលយោធា ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា យុទ្ធនាកា​ទាំងឡាយ​ត្រូវ​រៀបចំឡើង​ក្រោម​លក្ខខណ្ឌ​មួយ​។ លោក​បញ្ជាក់ថា ការជួបជុំ​ត្រូវមាន​ការអនុញ្ញាត​ជាមុន ហើយ​ការអនុញ្ញាត​នឹងត្រូវ​បានផ្ដល់​ឲ្យ​តាម​គោលការណ៍​ជាក់លាក់​ដើម្បី​រក្សា​សន្តិភាព​ក្នុងប្រទេស បើ​មិន​ដូច្នោះ​ទេ ប្រទេស​នឹង​បែកបាក់​មុន​ទទួលបាន​ប្រជាធិបតេយ្យ​។​
 
​ជាមួយនឹង​ការលុបចោល​បម្រាម​ផ្លូវការ​នេះ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ថៃ​ក៏​ប្រកាស​កាលបរិច្ឆេទ​បោះឆ្នោត​ដែរ គឺ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ។ បេក្ខជន​ទាំងអស់​ត្រូវ​ចុះឈ្មោះ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៨ ខែមករា​ខាងមុខ ហើយ​យុទ្ធនា​ការបោះឆ្នោត​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២ ខែមករា​។ បក្សនយោបាយ​នីមួយៗ​អាច​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី​បាន​បី​រូប ប៉ុន្តែ​គេ​មិន​ច្បាស់​ថា លោក ប្រា​យុទ្ធ នឹងមាន​ឈ្មោះ​ដែរ​ឬ​យ៉ាងណា​ឡើយ​៕

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com