អន្តរជាតិ
លោក ពូ​ទីន​៖ រុស្ស៊ី​គ្មាន​មហិច្ឆតា​ត្រួតត្រា​ពិភពលោក​ឡើយ តែ​អ្នកផ្សេង​មាន
21, Dec 2018 , 8:19 pm        
រូបភាព
លោក វ៉្លាឌីមៀ ពូទីន នាសន្និសីទសារព័ត៌មានប្រចាំឆ្នាំ។ (រូបភាព៖ វ៉េបសាយប្រធានាធិបតីរុស្ស៊ី)
លោក វ៉្លាឌីមៀ ពូទីន នាសន្និសីទសារព័ត៌មានប្រចាំឆ្នាំ។ (រូបភាព៖ វ៉េបសាយប្រធានាធិបតីរុស្ស៊ី)
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​២០ ខែធ្នូ បាន​អះអាងថា រុស្ស៊ី​គ្មាន​មហិច្ឆតា​ត្រួតត្រា​ពិភពលោក​ឡើយ ប៉ុន្តែ​ដឹងថា ប្រទេស​ផ្សេង​មានបំណង​ដឹកនាំ​ពិភពលោក​ទាំងមូល​។ លោក ពូ​ទីន អះអាង​បែបនេះ​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​អាមេរិក​ក្នុង​សន្និសីទកាសែត​ប្រចាំឆ្នាំ​។ ចំណែក​ប្រទេស​ផ្សេង​ណា​នោះ មេដឹកនាំ​រុស្ស៊ី​រូបនេះ​មិនបាន​និយាយ​ឲ្យ​ច្បាស់​ឡើយ តែ​លោក​បាន​ប្រៀបធៀប​ទំហំ​ទឹកប្រាក់​វិស័យ​ការពារជាតិ​រវាង​រុស្ស៊ី និង​អាមេរិក​។​

 
​នាឱកាស​សន្និសីទ​សារព័ត៌មាន​ប្រចាំឆ្នាំ​២០១៨ ប្រធានាធិបតី​រុស្ស៊ី វ៉ា្ល​ឌី​មៀ ពូ​ទីន ត្រូវបាន​សួរ​សំណួរ​រសើបៗ​ជាច្រើន​។ ក្នុងនោះ​អ្នកសារព័ត៌មាន​អាមេរិក​ម្នាក់​បាន​សួរ​លោក​ពី​មហិច្ឆតា​របស់​រុស្ស៊ី​។ ប្រធានការិយាល័យ​ព័ត៌មាន​របស់​កាសែត​អាមេរិក Wall Street Journal ប្រចាំ​ក្រុង​មូ​ស្គូ បាន​សួរ​លោក ពូ​ទីន ថា តើ​រុស្ស៊ី​មានបំណង​គ្រប់គ្រង​ពិភពលោក​ដែរ​ឬ​យ៉ាងណា​។ លោក​ក៏​ឆ្លើយ​វិញ​ថា រុស្ស៊ី​គ្មាន​បំណង​បែប​នេះឡើយ​។ 
 
​ចំពោះមុខ​អ្នកសារព័ត៌មាន​ជាច្រើន លោក ពូ​ទីន បញ្ជាក់ថា ការណ៍​ដែលមាន​ការយល់ឃើញថា រុស្ស៊ី​ចង់​ត្រួតត្រា​ពិភពលោក គឺជា​ការ​សន្ម​ត់​ពី​សំណាក់​មនុស្ស​មាន​បញ្ហា​ខួរក្បាល​ដើម្បី​ប​ន្ទុ​ច​បង្អាក់​អ្នកផ្សេង​ប៉ុណ្ណោះ​។ ដោយ​មិន​និយាយ​ចំ​ប្រទេស​ណា​នោះ បុរស​ខ្លាំង​រុស្ស៊ី​រូបនេះ​បន្តថា​៖ «​និយាយ​ដល់​រឿង​ត្រួតត្រា​ពិភពលោក​នេះ យើង​សុទ្ធតែ​ដឹង​ច្បាស់​ថា នរណា​ជា​អ្នក​ចង់​ធ្វើបែបនេះ ហើយ​ធ្វើ​នៅឯ​ណោះ តែ​ពិតណាស់​មិនមែន​អ្នក​នៅ​មូ​ស្គូ​ជា​អ្នក​ចង់​ធ្វើ​បែប​នោះឡើយ​។​»
 
​ទោះ​មិន​និយាយ​ចំឈ្មោះ​អាមេរិក​ពី​រឿង​មហិច្ឆតា​ត្រួតត្រា​ពិភពលោក​ក្ដី លោក ពូ​ទីន ជឿថា ការប្រកួតប្រជែង​ឥទ្ធិពល​លើ​ឆាក​អន្តរជាតិ​មាន​ទាក់ទង​តួនាទី​របស់​អាមេរិក​ក្នុង​ការដឹកនាំ​សេដ្ឋកិច្ច​សាកល និង​ទំហំ​ប្រាក់​ចំណាយ​វិស័យ​ការពារជាតិ​ដែល​ទំហំ​លើស​៧០០​ពាន់​លាន​ដុល្លារ​។ ចំណែកឯ​ទឹកប្រាក់​វិស័យ​ការពារជាតិ​របស់​រុស្ស៊ី​វិញ​មានតែ​៤៦​ពាន់លាន​ដុល្លារ ហើយ​មាន​ប្រជាជន​១៤០​លាន​នាក់ ខណៈ​រដ្ឋ​សមាជិក​ណា​តូ​មាន​ប្រជាជន​ប្រមាណ​៦០០​លាន​នាក់។​
 
​ត្រង់ចំណុច​នេះ ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​បាន​សួរ​វិញ​ថា តើ​អ្នក​ជឿថា វា​ជា​បំណង​រុស្ស៊ី​ដែល​ចង់​គ្រប់គ្រង​ពិភពលោក​? លោក​ក៏​ចាត់ទុក​សម្ដី​ចេញពី​មាត់ចាបមាត់ព្រាប​ទាំង​អម្បាលម៉ាន​ជុំវិញ​មហិច្ឆតា​រុស្ស៊ី ជា​រឿង​គ្មាន​បានការ​អ្វី​ទេ​។​
 
​ទំនាក់ទំនង​រុស្ស៊ី និង​អាមេរិក កំពុងស្ថិត​ក្នុងស្ថានភាព​អាក្រក់​កាន់តែខ្លាំង​ឡើង​បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន​ចោទ​ក្រុង​មូ​ស្គូ​ថា ជ្រៀតជ្រែក​ការបោះឆ្នោត​ឆ្នាំ​២០១៦ ដែល​លោក ដូ​ណា​ល់ ត្រាំ ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​។ ចាប់ពីពេលនោះ​មក អាមេរិក​បានដាក់​សម្ពាធ​ជា​បន្តបន្ទាប់​លើ​រុស្ស៊ី រឹតបន្តឹង​ការដាក់ទណ្ឌកម្ម និង​ពង្រឹង​សម្ព័ន្ធ​យោធា​ណា​តូ​ផង​។ ចុងក្រោយ អាមេរិក​ក៏​ដកខ្លួន​ពី​សន្ធិសញ្ញា​មី​ស៊ី​ល​ចម្ងាយ​មធ្យម ដែល​ធ្វើ​ឲ្យ​រុស្ស៊ី​ខឹង​យ៉ាងខ្លាំង​៕ 
 

Tag:
 រុស្ស៊ី​
  អាមេរិក​
  វ៉ា្ល​ឌី​មៀ ពូ​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com