អន្តរជាតិ
ចិន​៖ អាមេរិក​ជា​មហាអំណាច​ទី​១ តែ​ក្រអឺតក្រទម និង​អាត្មានិយម​
22, Dec 2018 , 11:58 am        
រូបភាព
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិននាសន្និសីទសារព័ត៌មានថ្ងៃទី២១ ខែធ្នូ។ (រូបភាពពីវេបសាយក្រសួងការបរទេសចិន)
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិននាសន្និសីទសារព័ត៌មានថ្ងៃទី២១ ខែធ្នូ។ (រូបភាពពីវេបសាយក្រសួងការបរទេសចិន)
​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​២១ ខែធ្នូ បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅនឹង​អាមេរិក​ដែល​បាន​ចោទប្រកាន់​ជនជាតិ​ចិន​២​នាក់​ពីបទ​ការ​លួច​ព័ត៌មាន​ពី​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​អាមេរិក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​បច្ចេកវិទ្យា​អាមេរិក​អស់​ពេល​យ៉ាងយូរ​។ ក្រសួងការបរទេស​ចិន​ចោទ​អាមេរិក​ថា ចេះតែ​បង្កើត​រឿង​មិន​ពិត​ហូរហែ បិទផ្លូវ​អភិវឌ្ឍ​របស់​ប្រទេស​ផ្សេង និង​មាន​ចរិត​អួតអាង​ទោះ​ខ្លួន​ជា​មហាអំណាច​ក្ដី​។ ចិន​ព្រមាន​អាមេរិក​ឲ្យ​ឈប់​ធ្វើ​សកម្មភាព​បែបនេះ បើ​ចង់​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ល្អប្រសើរ​។​

 
​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទំនាក់ទំនង​ចិន និង​អាមេរិក​កាន់តែ​ស្រអាប់​ទៅ ទោះជា​មេដឹកនាំ​កំពូល​បាន​ជួបគ្នា​ទល់មុខ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ក្ដី​។ នៅ​ថ្ងៃទី​២០ ខែធ្នូ ក្រសួងយុត្តិធម៌​អាមេរិក​បាន​ចោទប្រកាន់​បុរស​ជនជាតិ​ចិន​២​នាក់​ពីបទ​ធ្វើ​សកម្មភាព​លួច​យក​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ពី​ក្រុមហ៊ុន និង​ស្ថាប័នរដ្ឋ​នានា​។ ការចោទប្រកាន់​នេះ ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ក្ដៅស្លឹកត្រចៀក​យ៉ាងខ្លាំង និង​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​ជនជាតិ​ចិន​ទាំង​២​។​
 
​លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បានចាត់ទុក​ករណី​ចោទ​ចុងក្រោយ​នេះ ជា​រឿងប្រឌិត ដែល​បំពាន​បទបញ្ញត្តិ​មូលដ្ឋាន​ក្នុងការ​គ្រប់គ្រង​ទំនាក់ទំនង​អន្តរជាតិ និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ចិន​-​អាមេរិក​រង​ផល​មិនល្អ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២១ ខែធ្នូ លោកស្រី Hua អះអាងថា នេះ​មិនមែនជា​រឿង​ថ្មី​ដែល​អាមេរិក​ចោទ​ចិន​បែបនេះ ប៉ុន្តែ​ចុងក្រោយ​ការចោទប្រកាន់​ទាំងអស់​សុទ្ធតែ​មិនមែនជា​ការពិត​។​
 
​មន្ត្រី​អ្នកនាំពាក្យ​ដដែល​នេះ​ក៏បាន​រិះគន់​អាមេរិក​វិញ​ដែរ​ជុំវិញ​ការ​លួច​ស៊ើប​ព័ត៌មាន លួច​ចូល​( Hack) ប្រព័ន្ធ​អ៊ីនធឺណិត​ប្រទេស​ផ្សេង និង​តាមដាន​សកម្មភាព​រដ្ឋា​ភិ​បាលប​រទេស ក្រុមហ៊ុន និង​បុគ្គល​ជាច្រើន ដែល​ធ្វើឡើង​ដោយ​ស្ថាប័នរដ្ឋ​របស់​អាមេរិក​។ ទង្វើ​បែបនេះ គឺជារ​រឿង​មិនអាច​ទទួលយកបាន​ឡើង​សម្រាប់​ចិន ដ្បិត​អាមេរិក​តែងតែ​ដើរ​ចោទ​គេឯង​ផ្ដេសផ្ដាស ខណៈ​ខ្លួន​បែរជា​បានធ្វើ​សកម្មភាព​បំពាន​ច្បាប់​ដែរនោះ​។ 
 
«​អាមេរិក​ជា​មហាអំណាច​លេខ​១ តែ​ពោរពេញ​ដោយ​ភាព​ក្រអឺតក្រទម និង​ការ​គិតតែ​ប្រយោជន៍​ផ្ទាល់​។ អាមេរិក​បាន​ធ្វើទុក្ខបុកម្នេញ​សិទ្ធិ​អភិវឌ្ឍ​ដោយ​ស្របច្បាប់​របស់​ប្រទេស​ផ្សេង ព្រោះតែ​គំនិត​ចង្អៀតចង្អល់ និង​ការគិត​ចង់​ឈ្នះ​ចាញ់​ដើម្បី​រក្សា​អនុត្តរភាព​របស់ខ្លួន​។​» នេះ​សម្ដី​រិះគន់​ធ្ងន់ៗ​របស់លោក​ស្រី Hua ដែល​បន្តថា អ្វីដែល​អាមេរិក​បានធ្វើ​មិន​សម​នឹង​ឈ្មោះ​ជា​មហាអំណាច​ឡើយ និង​ជា​ប្រផ្នូល​អាក្រក់​សម្រាប់​ពិភពលោក ហើយក៏​ផ្ដល់​ផល​មិនល្អ​ដែរ​សម្រាប់​អាមេរិក​នៅ​រយៈពេល​វែង​។​
 
​ចំណាត់ការ​របស់​ក្រុង​វ៉ាស៊ីនតោន គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​អាមេរិក​ចោទ​ចិន​ថា បាន​លួច​បច្ចេកវិទ្យា​របស់​អា​មេ​រិ​ក​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ មន្ត្រីជាន់ខ្ពស់​នៃ​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) បាន​ប្រាប់​ព្រឹទ្ធសភា​អាមេរិក​កាលពី​សប្ដាហ៍​មុន​ថា រដ្ឋាភិបាល​មិន​ត្រឹម​លួច​ព័ត៌មាន ឬ​ផែនការ​ពី​ស្ថាប័នរដ្ឋ​អាមេរិក​ឡើយ តែ​ក៏​ចង់បាន​គំនិត​បញ្ញា​របស់​ប្រជាជន​អាមេរិក​ដែល​បាន​ជួយ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន​ទៅមុខ​៕

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com