អន្តរជាតិ
អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ ថ្លែង​សារ​ក្នុង​ថ្ងៃ​ចម្រើន​ព្រះជន្ម​ចុងក្រោយ មុន​ដាក់រាជ្យ​
23, Dec 2018 , 7:39 pm        
រូបភាព
អធិរាជជប៉ុន អាគីហ៊ីតុ (កណ្ដាល) ឈរអមដោយអធិរាជនី មីឈីកុ (ស្ដាំ) និងរជ្ជទាយាទ ណារ៉ូហ៊ីតុ ដែលត្រូវសោយរាជ្យបន្ត។ (រូបភាព AFP)
អធិរាជជប៉ុន អាគីហ៊ីតុ (កណ្ដាល) ឈរអមដោយអធិរាជនី មីឈីកុ (ស្ដាំ) និងរជ្ជទាយាទ ណារ៉ូហ៊ីតុ ដែលត្រូវសោយរាជ្យបន្ត។ (រូបភាព AFP)
​ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ បាន​ថ្លែង​សារ​ទៅកាន់​ប្រជាជាតិ​ជប៉ុន​នៅ​ថ្ងៃទី​២៣ ខែធ្នូ​នេះ ដោយបាន​សង្កត់ធ្ងន់​ពី​សន្តិភាព​ក្នុង​រាជ្យ​របស់​ទ្រង់​។ ការ​ថ្លែង​សារ​នេះ ធ្វើឡើង​នាឱកាស​ថ្ងៃ​ចម្រើន​ព្រះជន្ម​គម្រប់​៨៥​វស្សា ខណៈ​ព្រះអង្គ​នឹងដាក់​រាជ្យសម្បត្តិ​នៅ​ឆ្នាំ​២០១៩ ខាងមុខ ហើយ​រជ្ជទាយាទ​ណា​រ៉ូ​ហ៊ី​តុ នឹង​សោយរាជ្យ​បន្ត​។ ព្រះអង្គ គឺជា​អធិរាជ​ជប៉ុន​ដំបូង​គេ ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​ដាក់រាជ្យ ខណៈ​ច្បាប់​ជប៉ុន​កំណត់ថា អធិរាជ​ត្រូវ​កាន់តំណែង​អស់​មួយ​ព្រះជន្ម​។​

 
​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៨ ជា​ថ្ងៃ​ចម្រើន​ព្រះជន្ម​ចុងក្រោយ​របស់​ព្រះ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ មុនពេល​ទ្រង់​យាង​ចូលនិវត្តន៍​ក្រោម​ហេតុផល​ព្រះរាជសុខភាព​មិន​អំណោយផល​។ ទ្រង់​ឡើង​សោយរាជ្យ​ជា​អធិរាជ​ទី​១២៥ របស់​ជប៉ុន​នៅ​ឆ្នាំ​១៩៨៩ បន្ត​ពី​បិតា​ព្រះ​ចៅ​អធិរាជ Showa ។ ជិត​៣០​ឆ្នាំ​នៃ​ការ​គ្រងរាជ្យ អធិរាជ​អង្គ​នេះ​បានទទួល​ការស្រឡាញ់​យ៉ាងខ្លាំង​ពី​ប្រជាជន​ជប៉ុន ពិសេស​លើ​ការទទួលស្គាល់​កំហុសរ​បស់​ជប៉ុន​ក្នុងសម័យ​សង្គ្រាមលោកលើកទី​២ ។​
 
​ក្នុងការ​ថ្លែង​សារ​ដ៏​កម្រ​ទៅកាន់​ប្រជាជន​នាឱកាស​ថ្ងៃ​ចម្រើន​ព្រះជន្ម​៨៥​វស្សា ព្រះ​ចៅ​ណា​រ៉ូ​ហ៊ី​តុ​មានបន្ទូល​សង្កត់ធ្ងន់​ពី​រជ្ជកាល​របស់​ទ្រង់​ដែលមាន​សន្តិភាព និង​បាន​អរគុណ​ប្រជាជន​ជប៉ុន និង​អធិរាជ​នី​មី​ឈី​កុ ដែល​បាន​នៅក្បែរ​ទ្រង់​៦០​ឆ្នាំ​មកនេះ​។ ព្រះអង្គ ក៏បាន​រំឭក​ដល់​ការបាត់​បង់ជីវិត​មនុស្ស​ច្រើន​រាប់មិនអស់​ក្នុងសម័យ​សង្គ្រាមលោក ដែល​ពេលនោះ​ជប៉ុន​ស្ថិតក្រោម​រជ្ជកាល​របស់​អធិរាជ Showa ដែលជា​បិតា​របស់​ទ្រង់​ផ្ទាល់​។ 
 
«​ខ្ញុំ​ជឿថា វា​ជាការ​សំខាន់​ដែល​មិនត្រូវ​ភ្លេច​ឡើយ​ជីវិត​ជាច្រើន​ដែល​បាត់បង់​ក្នុង​សង្គ្រាមលោកលើកទី​២ ព្រមទាំង​សន្តិភាព និង​វិបុលភាព​របស់​ជប៉ុន​ដែល​ត្រូវបាន​កសាងឡើង​ដោយ​ការលះបង់​ដោយ​មិន​នឿយហត់​របស់​ប្រជាជន​ជប៉ុន​។​» នេះ​ជា​សុន្ទរកថា​ចុងក្រោយ​សម្រាប់​ថ្ងៃ​ចម្រើន​ព្រះជន្ម​របស់​ទ្រង់ មុន​បន្តទៀតថា ការបង្រៀន​ប្រវត្តិសាស្ត្រ​នេះ​ទៅកាន់​ក្មេងជំនាន់ក្រោយ ក៏​ជា​ចំណុច​សំខាន់​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ក្នុងពេល​សោយរាជ្យ​ជាច្រើន​មកនេះ អធិរាជ អាគី​ហ៊ី​តុ បាន​យាង​ធ្វើដំណើរ​ទៅកាន់​បរទេស និង​ថ្លែង​សុន្ទ​ករ​ថា​ស្ដីពី​នយោបាយ​សន្តិភាព​របស់​ជប៉ុន ទោះជា​មាន​អ្នកនយោបាយ​អភិរក្ស​នៅ​ជប៉ុន​បន្ត​ចង់ឃើញ​ជប៉ុន​ខ្លាំងក្លា​ផ្នែក​យោធា​ក្ដី​។ ទ្រង់​មិន​ភ្លេច​ឡើយ​ទង្វើ​ឃោ​ត​ឃៅ​ពី​អតីតកាល​របស់​យោធា​ជប៉ុន​នៅ​ប្រទេស​ជាច្រើន​នៅ​អាស៊ី ហើយ​ទ្រង់​ក៏បាន​ទទួលស្គាល់​កំហុស​នេះ រួច​ក៏​សុំទោស​ជារឿយៗ​ចំពោះ​ទង្វើ​ដែល​ចារ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​មួយ​នេះ​។​
 
​តាម​ការកំណត់​របស​ច្បាប់​ពិសេស​ដែល​នឹង​អនុវត្ត​សម្រាប់តែ​ទ្រង់​មួយអង្គ​នោះ អធិរាជ អាគី​ហ៊ី​តុ នឹងដាក់​រាជ្យសម្បត្តិ​នៅ​ថ្ងៃទី​៣០ ខែមេសា ហើយ​រាជបុត្រ ណា​រ៉ូ​ហ៊ី​តុ ដែលជា​រជ្ជទាយាទ នឹង​ឡើង​គ្រងរាជ្យ​នៅ​ថ្ងៃទី​១ ខែឧសភា​តែម្ដង​។ ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន មិនមាន​ឡើយ​ការដាក់រាជ្យ​បែបនេះ ប៉ុន្តែ​សម្រាប់​អធិរាជ​បច្ចុប្បន្ន បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ទ្រង់​៕

© រក្សាសិទ្ធិដោយ thmeythmey.com