អន្តរជាតិ
លោក ត្រាំ បង្ខំ​ឲ្យ​រដ្ឋមន្ត្រី​ការពារជាតិ​លាលែង​មុន​ថ្ងៃ​កំណត់​ពីរ​ខែ​
24, Dec 2018 , 11:33 am        
រូបភាព
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានសម្រេច​ចិត្ត​ឲ្យ​លោក ជេ​ម ម៉ា​ធី​ស លាលែង​ពី​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​នៅ​ដើមខែ​មករា ឆ្នាំ​២០១៩ ខាងមុខ ដោយ​មិនចាំបាច់​រង់ចាំ​ដល់​ដំណាច់​ខែកុម្ភៈ​ឡើយ​។ លោក ម៉ា​ធី​ស បានប្រកាស​លាលែង​ពី​តំណែង​ប្រមុខ​មន្ទីរ​បញ្ច​កោណ​កាលពី​សប្ដាហ៍​មុន ព្រោះ​មាន​ជំហរ​មិន​ស្របគ្នា​ជាមួយ​លោក ត្រាំ ។ ការលាលែង​នេះ បាន​គ្របដណ្ដប់​ពេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ដែល​នេះ​ធ្វើ​ឲ្យ​លោក ត្រាំ មិន​សប្បាយចិត្ត ហើយក៏​ព​ន្លឿ​ន​ពេល​ការ​ផ្ទេរតំណែង​តែម្ដង​។​

 
​មិនមែន​ថ្ងៃទី​២៨ ខែកុម្ភៈ​ឡើយ ដែល​លោក ជេ​ម ម៉ា​ធី​ស ត្រូវ​ចាក​ចេញពី​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សម្រេចចិត្ត​ផ្លាស់ប្ដូរ​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​នៅ​ដើមឆ្នាំ​២០១៩ តែម្ដង ដោយ​លោក Patrick Shanahan នឹង​ជំនួស​តំណែង​លោក ម៉ា​ធី​ស ។ ការតែងតាំង​មន្ត្រីជាន់ខ្ពស់​ថ្មី​ប្រចាំ​មន្ទីរ​បញ្ច​កោណ​តាមបែប​ប្រញាប់ប្រញាល់​បែបនេះ ក៏​ព្រោះតែ​លោក ត្រាំ មិន​ពេញ​ចិត្តនឹង​ព័ត៌មាន​ផ្ដោតលើ​លោក ម៉ា​ធី​ស ខ្លាំងពេក​។​
 
​តាម​រយៈពេល​បណ្ដាញ​សង្គម Twitter លោក ត្រាំ ប្រកាសថា លោក Shanahan ដែល​កំពុង​កាន់តំណែង​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ នឹង​កាន់តំណែង​រដ្ឋមន្ត្រី​ស្ដីទី​ការពារជាតិ​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ តទៅ​។ លោក ត្រាំ បាន​សរសើរ​លោក Shanahan ជា​មនុស្ស​មាន​សមត្ថភាព និង​មានគុណ​សម្បត្តិ​យ៉ាងច្រើន​ពេល​កាន់តំណែង​ជា​រដ្ឋលេខាធិការ និង​ពេលធ្វើការ​នៅ Boeing  ហើយ​លោក​រំពឹងថា រដ្ឋមន្ត្រី​ស្ដីទី​ការពារជាតិ នឹង​ធ្វើការ​បានល្អ​មិន​ខាន​។​
 
​តាមពិតទៅ លោក ម៉ា​ធី​ស ដែល​បានប្រកាស​លាលែង​ពី​តំណែង​កាលពី​ថ្ងៃទី​២០ ខែធ្នូ ត្រូវ​ចាកចេញ​នៅ​ដំណាច់​ខែកុម្ភៈ​ឯណោះ​ទេ ប៉ុន្តែ​ព័ត៌មាន​ស្ដីពី​ការចាកចេញ​របស់លោក ធ្វើ​ឲ្យ​លោក ត្រាំ សង្កៀរត្រចៀក​ខ្លាំង​។ ទោះ​បាន​សរសើរ​ពីដំបូង​ក្ដី លោក ត្រាំ បែរជា​រិះគន់​លោក ម៉ា​ធី​ស តាម Twitter ដោយ​អះអាងថា ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍​រូបនេះ ត្រូវបាន​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បញ្ចប់​តំណែង ហើយ​លោក​ជា​អ្នក​ផ្ដល់ឱកាស​លើក​ទី​២ ឲ្យ​អតីត​មេទ័ព​រូបនេះ​។ 
 
​មាន​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​មានការ​សម្រេចចិត្ត​ចាកចេញ​របស់លោក ម៉ា​ធី​ស ។ ការបញ្ជូន​ទ័ព​ទៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​, ការបង្កើត​កងទ័ព​អវកាស ក៏ដូចជា​ការគំរាមកំហែង​សម្ព័ន្ធមិត្ត​ខ្លួន​សុទ្ធតែជា​រឿង​ដែល​អតីត​មេទ័ព​ម៉ា​រី​ន​ជំទាស់​ជាមួយ​ចៅហ្វាយនាយ​របស់ខ្លួន​។ ចុងក្រោយ​នេះ ការបញ្ជា​ឲ្យ​ដកទ័ព​ថ្មើរជើង​បន្ទាន់​ពី​ស៊ី​រី ក៏​ជាការ​ស​ម្រេ​ចិត្ត​មួយ​ដែល​លោក ម៉ា​ធី​ស កាន់តែ​មិន​ពេញចិត្ត​ទៀត​។ ដូច្នេះ​ជម្រើស​ចុងក្រោយ គឺ​មានតែ​ដើរចេញ​។​
 
​ការចាកចេញ​របស់លោក ម៉ា​ធី​ស ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​មួយ​។ មេទ័ព​មាន​រហស្សនាម Mad Dog រូបនេះ ត្រូវបាន​គេ​ចាត់ទុកជា​មនុស្ស​នឹងធឹង​ជាងគេ​នៅក្នុង​ចំណោម​សមាជិក​នៃ​គណៈរដ្ឋមន្ត្រី​ដ៏​រញ៉េរញ៉ៃ​របស់លោក ត្រាំ​។ មានការ​បារម្ភ​ថា ការចាកចេញ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់តែខ្លាំង​លើ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​អាមេរិក​ផង ហើយ​រដ្ឋាភិបាល​អាមេរិក​នឹង​មានតែ​មនុស្ស​យល់ស្រប​លោក ត្រាំ គ្មាន​នរណា​ហ៊ាន​ចេញមុខ​ជំទាស់​ឡើយ​៕
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ជេ​ម ម៉ា​ធី​ស
© រក្សាសិទ្ធិដោយ thmeythmey.com