អន្តរជាតិ
លោក ត្រាំ ថា តួ​ក​គី​ធានា​បោសសម្អាត ISIS ឲ្យ​អស់ពី​ដី​ស៊ី​រី​
24, Dec 2018 , 9:19 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៣ ខែធ្នូ បានប្រកាសថា តួ​ក​គី​នឹង​បោសសម្អាត​ក្រុម​រដ្ឋ​ឥស្លាម​ឲ្យ​អស់ពី​ទឹកដី​ស៊ី​រី​។ លោក ត្រាំ ប្រកាស​ដូចនេះ បន្ទាប់ពី​សម្រេចចិត្ត​ដកទ័ព​ចេញពី​ស៊ី​រី ដែល​បង្ក​ជាការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​រហូតដល់​មន្ត្រី​អាមេរិក​សំខាន់​ពីររូប​លាលែង​ពី​តំណែង​។ ក្រោយ​ការប្រកាស​ដកទ័ព​នេះ តួ​ក​គី​ឯណោះ​ក៏​ប្រមូល​កម្លាំង​នៅក្បែរ​ព្រំដែន​ស៊ី​រី​ដើម្បី​ត្រៀម​ធ្វើ​ប្រតិបត្តិការ​យោធា តែ​មិនមាន​វាយ​ក្រុម​រដ្ឋ​ឥស្លាម គឺ​ដា​ក់លើ​គោលដៅ​ក្រុម​ឃើ​ដ​ស៊ី​រី​ទៅវិញ​។​

 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​សម​ភាគី​តួ​ក​គី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ ជុំវិញ​ជម្លោះ​នៅ​ស៊ី​រី ខណៈ​អាមេរិក​នឹង​ដកទ័ព​ថ្មើរជើង​របស់​ខ្លួន​ចេញពី​ប្រទេស​នេះ​។ ប្រធានាធិបតី​តួ​ក​គី អ៊ែរ​ដូ​ហ្កា​ន់ បាន​ធានាថា តួ​ក​គី​នឹង​កម្ចាត់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ដែល​នៅ​សេសសល់​ក្នុង​ទឹកដី​ស៊ី​រី​ឲ្យ​អស់​។ នេះ​បើតាម​ការប្រកាស​របស់​លោក ត្រាំ តាម​បណ្ដាញ​សង្គម Twitter នៅ​យប់​ថ្ងៃទី​២៣ ខែធ្នូ ។​
 
​ក្នុងជំនួប​ពិភាក្សា​តាម​ទូរ​សព្ទ​នេះដែរ មេដឹកនាំ​អាមេរិក និង​តួ​ក​គី​បាន​ពិភាក្សា​ពី​ការ​ដកទ័ព​អាមេរិក​ចេញពី​ស៊ី​រី ដែលជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​សម្រាប់​ដៃគូ និង​អ្នកនយោបាយ​នៅ​អាមេរិក​។ យោធា​អាមេរិក​នៅ​ស៊ី​រី​មាន​ប្រមាណ​ពីរពាន់​នាក់ បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ចម្រុះ​អន្តរជាតិ​ដើម្បី​បោសសម្អាត​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ដែល​មកទល់ពេលនេះ​បាន​រង​បរាជ័យ​ផ្ទួនៗ និង​បាត់បង់​ទឹក​ដែល​ធ្លាប់​គ្រប់គ្រង​ជា​បន្តបន្ទាប់​។ ហេតុនេះ ទើប​លោក ត្រាំ ចាត់ទុក​នេះ​ជា​ជ័យជម្នះ និង​មូលហេតុ​នៃ​ការ​ដកទ័ព​។​
 
​ដោយឡែក លោក អ៊ែរ​ដូ​ហ្កា​ន់ ក៏​ប្រកាស​ជួយ​សម្រួលការ​ដកទ័ព​របស់​អាមេរិក​ដែរ សំដៅ​ធ្វើ​យ៉ាង​កុំ​ឲ្យ​មាន​ចន្លោះប្រហោង ដែល​នាំ​អាច​ប៉ះពាល់​ដំណើរការ​ដកទ័ព ក៏ដូចជា​ការផ្ទេរអំណាច​នៅ​ស៊ី​រី​។ ជាមួយនឹង​ការស្វាគមន៍​ការសម្រេចចិត្ត​របស់លោក ត្រាំ មេដឹកនាំ​តួ​ក​គី​ក៏​ត្រៀមខ្លួន​រួចហើយ​ក្នុងការ​គាំទ្រ​សម្ព័ន្ធ​យោធា​ណា​តូ​ដើម្បី​អនុវត្ត​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក ខណៈ​ការ​ដកទ័ព​នឹងធ្វើ​ឡើង​យឺតៗ និង​មានការ​សម្របសម្រួល​។​
 
​មិនមែន​ចម្លែក​ឡើយ​ដែល​តួ​ក​គី​សប្បាយ​ចិត្តនឹង​ការប្រកាស​របស់លោក ត្រាំ ។ នេះ​ក៏​ព្រោះតែ​ទាហាន​អាមេរិក ជា​ឧបសគ្គ​មួយ​របស់​តួ​ក​គី​ក្នុងការ​បោសសម្អាត​ក្រុម​ឃើ​ដ ដែល​តួ​ក​គី​ចាត់ទុក​សត្រូវ​។ ក្រុម​ឃើ​ដ​ស៊ី​រី YPG ជា​កម្លាំង​ជួរ​ដែល​អាមេរិក​គាំទ្រ និង​ផ្គត់ផ្គង់​ដើម្បី​វាយ​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម ហើយ​ក្រោម​ការឧបត្ថម្ភ​របស់​អា​មេ​រិ​ក ក្រុម​ឃើ​ដ​នេះ​មាន​ឥទ្ធិពល​ខ្លាំង និង​គ្រប់គ្រង​ទឹកដី​តាម​បណ្ដោយ​ព្រំដែន​តួ​ក​គី​-​ស៊ី​រី​។​
 
​ក្រោយ​លោក ត្រាំ ប្រកាស​ដកទ័ព តួ​ក​គី​ក៏​ចាប់ផ្ដើម​បង្កើន​ចំនួន​យោធា​នៅ​ព្រំដែន​ដែល​កាន់កាប់​ដោយ​ក្រុម​ឃើ​ដ​នៅ​ភាគ​ខាងជើង​ស៊ី​រី​។ ក្រុង​អង់កា​រ៉ា​ទំ​នង់​កម្ចាត់​ការគំរាមកំហែង​នេះ​ចោល ទាន់​អាមេរិក​ដក​ការគាំទ្រ​។ កន្លងមក តួ​ក​គី​បានចាត់ទុក​ក្រុម​ឃើ​ដ​ស៊ី​រី ជា​សាខា​របស់​ក្រុម​ឃើ​ដ​នៅ​តួ​ក​គី ដែល​បាន​ប្រយុទ្ធ​តទល់​នឹង​តួ​ក​គី ដើម្បី​ផ្ដាច់​ទឹកដី​បង្កើតជា​រដ្ឋ​ឯករាជ្យ​តាំងពី​ឆ្នាំ​១៩៨៤ មក​៕

Tag:
 អាមេរិក​
  តួ​ក​គី​
  ស៊ី​រី​
  ដូ​ណា​ល់ ត្រាំ​
  តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់​
  ISIS
© រក្សាសិទ្ធិដោយ thmeythmey.com