អន្តរជាតិ
រោងចក្រ​ផលិត​ប្រេង​ដ៏​ធំ​បំផុត​របស់​វៀតណាម ចាប់ផ្តើម​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ផ្លូវការ​
26, Dec 2018 , 7:19 pm        
រូបភាព
ដោយ:
​រោងចក្រ​ផលិត​ប្រេង​ដ៏​ធំ​មួយ​របស់​វៀតណាម ឈ្មោះថា Nghi Son បានចាប់ផ្តើម​បើក​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ជា​ផ្លូវការ កាលពី​ថ្ងៃអាទិត្យ ទី​២៣ ខែធ្នូ ដោយ​សង្ឃឹមថា ខ្លួន​នឹង​អាច​ផ្គត់ផ្គង់​តាម​តម្រូវការ​ប្រេងឥន្ធនៈ​ក្នុងស្រុក​ប្រមាណ​៤០​ភាគរយ នា​ឆ្នាំ​២០១៩​ខាងមុខ​។

 
​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ​២០១៣ រោក​ចក្រ​ផលិត​ប្រេង Nghi Son ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Nghi Son ក្នុង​ខេត្ត Thanh Hóa  ដែលមាន​ចម្ងាយ​២០០​គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​ទីក្រុង​ហាណូយ​។ 
 
​ជាមួយ​ប្រាក់​វិនិយោគ​សរុប​ជិត​៩,៣​ពាន់​លាន​ដុល្លារ រោក​ចក្រ​ផលិត​ប្រេង​នេះ មាន​សមត្ថភាព​ផលិត​ប្រេង​ឆៅ​រហូតដល់​ទៅ ២​ម៉ឺន​បារ៉ែល​ក្នុង​មួយថ្ងៃ​ក្នុងដំណាក់កាល​ទីមួយ ដែល​ស្មើនឹង​ជាង ៦៨​លាន​បារ៉ែល ក្នុង​មួយឆ្នាំ​។ យោងតាម​សារព័ត៌មាន​វៀតណាម Vietnam News គិត​មក​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៨​នេះ រោងចក្រ​នេះ​បាន​ផលិត​ប្រេង​ឆៅ​ជាង​៣៤​លាន​បារ៉ែល  និង​រកប្រាក់​បាន​ជាង​៨​ទ្រី​លាន​ដុល្លារ​ហើយ​សម្រាប់​រដ្ឋាភិបាល​វៀតណាម​។ 
 
​រោងចក្រ​ផលិត​ប្រេង Nghi Son ជាមួយនឹង​រោងចក្រ​ផលិត​ប្រេង​មួយទៀត​របស់​វៀតណាម ឈ្មោះថា Dung Qua ដែល​ស្ថិតក្នុង​ខេត្ត Quang Ngai អាចមាន​សមត្ថភាព​បំពេញតម្រូវការ​ប្រេងឥន្ធនៈ​ក្នុងស្រុក​ដល់​ទៅ​៨០​ភាគរយ​។ ការណ៍​នេះ​អាចធ្វើ​ឲ្យ​វៀតណាម កាត់បន្ថយ​ការពឹងផ្អែក​ខ្លាំង​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ពី​បរទេស​។ 
 
​គួរ​ឲ្យ​ដឹង​ដែរ​ថា រោងចក្រ​ផលិត​ប្រេង​តម្លៃ​ជាង​៩​ពាន់​លាន​ដុល្លារ​នេះ មាន​ចំណែក​កាន់កាប់​ដោយ ក្រុមហ៊ុន Idemitsu Kosan Co ចំនួន ៣៥,១​ភាគរយ​, ក្រុមហ៊ុន​ប្រេងឥន្ធនៈ​របស់​កូ​វ៉ែត​ចំនួន ៣៥,១​ភាគរយ​, ក្រុមហ៊ុន​ប្រេងឥន្ធនៈ PetroVietnam របស់​វៀតណាម​ចំនួន ២៥,១​ភាគរយ និង​ក្រុមហ៊ុន Mitsui Chemicals Inc ចំនួន​៤,៧​ភាគរយ​ផងដែរ​៕

Tag:
 វៀតណាម​
  សេដ្ឋកិច្ច​
  ក្រុមហ៊ុន​ផលិត​ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com