អន្តរជាតិ
លោក ប្រា​យុទ្ធ ប្រាប់​បក្សនយោបាយ​នានា កុំ​យកឈ្មោះ​លោក​ទៅ​ពាក់ព័ន្ធ​
26, Dec 2018 , 8:19 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​២៥ ខែធ្នូ បាន​ព្រមាន​បក្សនយោបាយ​នានា​កុំ​យកឈ្មោះ​លោក​ទៅ​ពាក់ព័ន្ធ​ក្នុង​យុទ្ធនា​ការស្វែងរក​សំឡេងឆ្នោត​របស់​ពួកគេ ព្រោះ​លោក​មិនទាន់​សម្រេចចិត្ត​ចូលរួម​ជាមួយ​បក្ស​ណា​នៅឡើយ​ទេ​។ លោក​ព្រមាន​បែបនេះ ខណៈ​មាន​បក្សនយោបាយ​ខ្លះ​ចង់បាន​លោក ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ការបោះឆ្នោត​ខែកុម្ភៈ ឆ្នាំ​២០១៩ ។​

 
​គណបក្សនយោបាយ​នានា​នៅ​ថៃ កំពុង​ធ្វើ​យុទ្ធនាការ​ស្វែងរក​សំឡេងគាំទ្រ​ជា​បណ្ដើរៗ​ហើយ​សម្រាប់​ការបោះឆ្នោត​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ។ ឯ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា វិញ និយាយថា មាន​បក្ស​ជាច្រើន​ចាប់អារម្មណ៍​រូបលោក​ឲ្យ​ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ពួកគេ​។ ប៉ុន្តែ​លោក​បាន​ប្រាប់​ឲ្យ​បក្ស​ទាំងនោះ​ប្រុងប្រយ័ត្ន និង​កុំ​ទាន់​ប្រើប្រាស់​ឈ្មោះ​លោក ព្រោះ​លោក​មិនទាន់​ប្រកាស​ចូលរួម​អ្វី​ទេ​។​
 
​លោក ប្រា​យុទ្ធ ឆ្លើយ​ដូចនេះ​តប​នឹង​សំណួរ​ពាក់ព័ន្ធ​បក្ស Palang Pracharath ដែលជា​បក្ស​គាំទ្រ​លោក​ជា​នាយករដ្ឋមន្ត្រី​។ នេះ​ក៏​ព្រោះតែ​កាលពី​សប្ដាហ៍​មុន ក្នុង​យុទ្ធនាការ​នៅ​ខេត្ត Phitsanulok បក្ស​នេះ​បាន​លើក​បដា​ដែល​គាំទ្រ​លោក ប្រា​យុទ្ធ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៩ ។ មន្ត្រីជាន់ខ្ពស់​បក្ស​ក៏​បង្ហាញ​ជំហរ​គាំទ្រ​មេដឹកនាំ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ឲ្យ​បន្ត​ដឹកនាំ​ប្រទេស​ទៀត​ដែរ​។ 
 
​យ៉ាងណាមិញ លោក ប្រា​យុទ្ធ បាន​ព្រមាន​បក្ស​មួយ​នេះ និង​ប្រាប់​ពួកគេ​កុំ​ឲ្យ​ភ្ជាប់​រូបលោក​ទៅនឹង​បក្សនយោបាយ​ឲ្យ​សោះ​។ បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ ប្រមុខ​រដ្ឋាភិបាលយោធា​រូបនេះ​បញ្ជាក់ថា ដរាបណា​លោក​មិនទាន់​សម្រេចចិត្ត​ទទួលយក​សំណើ​ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី ពួកគេ​មិនគួរ​ធ្វើ​បែប​នោះឡើយ​។ 
 
​តាមពិតទៅ វា​មិនមែនជា​រឿង​ចម្លែក​ឡើយ ដែល​បក្ស Palang Pracharath ចង់​ឲ្យ​លោក ប្រា​យុទ្ធ បន្ត​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​ឡើយ ព្រោះ​បក្ស​នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​របប​យោធា ហើយ​រដ្ឋមន្ត្រី​ខ្លះ​នៃ​រដ្ឋាភិបាល​លោក ប្រា​យុទ្ធ ជា​ស្ថាបនិក​បក្ស​នេះ​ផង​។ ប៉ុន្តែ​លោក ប្រា​យុទ្ធ ហាក់​មិន​ចង់​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​បក្ស​ណា​ឡើយ សំដៅ​ចៀសវាង​ពាក្យ​រិះគន់ថា លោក​កេងចំណេញ​តំណែង​រដ្ឋ​ដើម្បី​ផលប្រយោជន៍​នយោបាយ​ខ្លួនឯង​។​
 
​ដោយឡែក លោក ប្រា​យុទ្ធ ដែលជា​អតីត​មេទ័ព​ជើងគោក​ភូមិន្ទ​ថៃ ក៏​មិនទាន់​សម្រេចចិត្ត​យ៉ាងណា​ឡើង​ចំពោះ​អនាគត​នៅឡើយ​ដែរ​។ ប៉ុន្តែ​គេ​ជឿថា លោក​នឹង​បន្ត​អាជីព​នយោបាយ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៩ ដែល​ថៃ​នឹង​វិល​ទៅរក​ប្រជាធិបតេយ្យ​វិញ​។ ដ្បិត​កំពុង​កាន់តំណែង​ជា​មេដឹកនាំ​របប​យោធា​នៅឡើយ​នោះ លោក ប្រា​យុទ្ធ បាន​អំពាវនាវ​ឲ្យ​បក្ស​ទាំងអស់​គោរព​ច្បាប់​ធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ​ការបោះឆ្នោត​៕
 

Tag:
 ​ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
© រក្សាសិទ្ធិដោយ thmeythmey.com