អន្តរជាតិ
ថៃ​ជា​រដ្ឋ​អាស៊ាន​ទីមួយ​ដែល​អនុញ្ញាត​ឲ្យ​ប្រើ​កញ្ឆា​ក្នុងការ​ព្យាបាល​ជំងឺ​និង​ពិសោធន៍​វេជ្ជសាស្ត្រ​ស្របច្បាប់​
26, Dec 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ចុងក្រោយ​សភា​ថៃ​បានសម្រេច​វិសោធនកម្ម​ច្បាប់​គ្រឿងញៀន​ឆ្នាំ ១៩៧៩ ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​កញ្ឆា​ក្នុង​គោលដៅ​ការព្យាបាល​ជំងឺ និង​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​។ ថៃ​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​កញ្ឆា​ដោយ​ស្របច្បាប់​បែបនេះ​។


 
​ក្នុង​កិច្ចប្រជុំសភា​ថែម​ម៉ោង​ថ្ងៃ​អង្គារ​ទី ២៥ ខែធ្នូ មុន​ថ្ងៃ​ឈប់សម្រាក​ឆ្លង​ឆ្នាំ​មកដល់ សមាជិកសភា​ថៃ​បាននាំគ្នា​បោះឆ្នោត​គាំទ្រ​ការកែប្រែ​ច្បាប់​គ្រប់គ្រង​គ្រឿងញៀន​ឆ្នាំ ១៩៧៩ ដោយ​ត្រួស​ត្រាយផ្លូវ​ឲ្យ​មានការ​ប្រើប្រាស់​កញ្ឆា​ដោយ​ស្របច្បាប់​។ 
 
​យោងតាម​ទី​តាម​ភ្នាក់ងារ​ព័ត៌មាន Reuters ថៃ​ក្លាយជា​ប្រទេស​ទីមួយ​ដែល​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​កញ្ឆា​ក្នុង​ក្របខណ្ឌ​ស្រាវជ្រាវ​សុខាភិបាល និង​ព្យាបាល​ជំងឺ​ជាដើម​។ ប៉ុន្តែ​គ្មាន​ការបើកផ្លូវ​ឲ្យ​ប្រជាជន​ប្រើប្រាស់​កញ្ឆា​ក្នុងការ​កម្សាន្ត​ដូច​នៅ​កាណាដា និង​រដ្ឋ​មួយចំនួន​នៅ​អាមេរិក​នោះឡើយ​។ 
 
«​វា​ជា​អំណោយ​ឆ្នាំ​ថ្មី​ពីស​ភា​នីតិបញ្ញត្តិ​ជាតិ​សម្រាប់​រដ្ឋាភិបាល និង​ប្រជាជន​ថៃ​»​។ នេះ​ជាការ​អះអាង របស់លោក Somchai Sawangkarn ដែលជា​ប្រធាន​គណៈកម្មការ​ពង្រាងច្បាប់​តាម​កញ្ចក់​ទូរទស្សន៍​ថៃ​។ លោក​បន្ថែមថា​ចាប់ពីពេលនេះ​ទៅ ប្រជាជន​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ​និង​ត្រូវការ​កញ្ឆា​ដើម្បី​ព្យាបាល​ជំងឺ​លែង​បារម្ភ​ទៀតហើយ​។​
 
​កញ្ឆា​ត្រូវបាន​ប្រើប្រាស់​ជា​លក្ខណៈ​ប្រពៃណី​នៅក្នុង​ប្រទេស​ថៃ​រាប់​ទសវត្ស​ដើម្បី​ជួយ​កាត់បន្ថយ​ការឈឺ​ច្បាប់​និង​ការ​ហត់នឿយ​។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ ១៩៣០ វា​លែងមាន​ការប្រើប្រាស់​កញ្ឆា​ដោយ​សេរី​ទៀត​នៅ ថៃ​។ ឆ្នាំ ១៩៣៥ ការជួញដូរ និង​ទិញ​កញ្ឆា​ក្លាយជា​បទឧក្រិដ្ឋ ហើយ​ច្បាប់​ឆ្នាំ ១៩៧៩ ក៏មាន​ដាក់​ទោសទណ្ឌ​លើ​អ្នកជួញដូរ​និង​ប្រើប្រាស់​កញ្ឆា​ដែរ​។​
 
​តាមពិតទៅ រដ្ឋាភិបាល​ថៃ​បាន​បញ្ជូន​សេចក្តីព្រាងច្បាប់​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កញ្ឆា​ទៅ​សភា​នីតិបញ្ញត្តិ​ថៃ​ឲ្យ​ពិនិត្យ និង​អនុម័ត​តាំង​ដើមខែ​វិច្ឆិកា​ម្ល៉េះ​។ ក្រោយ​ការអនុម័ត​ច្បាប់​ថ្មី​នេះ គេ​រំពឹងថា នៅពេល​អនាគត ថៃ​នឹង​បើកផ្លូវ​ឲ្យ​មានការ​ប្រើប្រាស់​កញ្ឆា​ក្នុង​គោលដៅ​កម្សាន្ត​ផងដែរ​។​
 
​ការជួញដូរ ឬ​ប្រើប្រាស់​កញ្ឆា​ជា​រឿង​ខុសច្បាប់​នៅ​រាល់​បណ្តា​រដ្ឋ​អាស៊ី​ទាំងមូល ហើយ​នៅ​រដ្ឋ​ខ្លះ​នៅ​អាស៊ាន​ក៏មាន​ការពិន័យ​ធ្ងន់ធ្ងរ​ផងដែរ​។ កាលពី​វិច្ឆិកា កូរ៉េខាងត្បូង​ក៏បាន​សម្រេច​កែប្រែ​ច្បាប់​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​កញ្ឆា​ក្នុង​វិស័យ​សុខាភិបាល​ដូចគ្នា​។ នៅ​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​សិង្ហ​បុរី ការជួញដូរ​ទំនិញ​ប្រភេទ​នេះ​ប្រឈម​នឹង​ការកាត់ទោស​ប្រហារជីវិត​ថែមទៀត​។ 
 
​យ៉ាងណាមិញ បញ្ហា​មួយ​កើតឡើង​នៅពេលនេះ​គឺ​ការ​ចែកចាយ​និង​លក់ដូរ​កញ្ឆា​។ គេ​បារម្ភ​ថា ក្រុមហ៊ុន​បរទេស​នឹង​កាន់កាប់​ទីផ្សារ​កញ្ឆា ហើយ​ប្រជាជន​ថៃ​ដែលជា​អ្នកជំងឺ​និង​អ្នកស្រាវជ្រាវ​ក៏​ពិបាក​រក​ទិញ​កញ្ឆា​សម្រាប់​ប្រើប្រាស់​ដែរ​។ ប៉ុន្តែ​ឧបនាយករដ្ឋមន្ត្រី​ថៃ Prajin Juntong បាន​បញ្ជាក់ថា រដ្ឋាភិបាល​នឹង​កំណត់​មើល​ពី​របៀប​នៃ​ការដាំដុះ​កញ្ឆា និង​បរិមាណ​កញ្ឆា​សម្រាប់​ការលក់ដូរ​នៅពេលដែល​ច្បាប់​ថ្មី​ចូល​ជា​ធរមាន​ឆ្នាំក្រោយ​៕
 

Tag:
 ថៃ​
  កញ្ឆា​
  សុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com