ប្រធានគណបក្សកាន់អំណាច ប្រាប់ក្រុមអ្នកប្រឆាំងថា បើសុំសិទ្ធិនយោបាយវិញ ពួកគេ នឹងបានចូលរួមក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅអាណត្តិថ្មី តែបើមិនសុំ ពួកគេ នឹងខកខាន។ ថ្នាក់ដឹកនាំម្នាក់នៃអតីតគណបក្សប្រឆាំង ប្រកាសថា មិនសុខចិត្តទៅសុំសិទ្ធិនយោបាយពីរដ្ឋាភិបាលនោះទេ បើទោះជាត្រូវខកខានការបោះឆ្នោតក៏ដោយ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននិយាយម្តងទៀតពីរឿងសុំសិទ្ធិចូលធ្វើនយោបាយវិញរបស់ថ្នាក់ដឹកនាំជាង១០០នាក់នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលហាមឃាត់។ នាយករដ្ឋមន្ត្រី បានផ្តល់ជាជម្រើសថា សុំឬមិនសុំ គឺជាសិទ្ធិរបស់ពួកគេ ដោយគ្មាននរណា បង្ខិតបង្ខំឡើយ។
តែយ៉ាងណា ប្រធានគណបក្សកាន់អំណាច ដែលកំពុងដឹកនាំរដ្ឋាភិបាល បានព្យាយាមពន្យល់ក្រុមអ្នកប្រឆាំងពីផលចំណេញ បើពួកគេ សុំសិទ្ធិនយោបាយវិញ និងការខាតបង់ បើពួកគេ មិនព្រមសុំ។ ប្រមុខរដ្ឋាភិបាល បានឲ្យយោបល់ថា បើសុំ ពួកគេ នឹងអាចធ្វើសកម្មភាពនយោបាយវិញ ហើយនឹងមានឱកាសរៀបចំកម្លាំង ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅអាណត្តិទី៥ តែបើមិនសុំទេ ពួកគេ មិនអាចចូលរួមឡើយ។
នាយករដ្ឋមន្ត្រី បន្ថែមថា ពួកគេ មិនត្រឹមតែមិនអាចចូលរួមក្នុងការបោះឆ្នោតនោះទេ តែសូម្បីធ្វើសកម្មភាពនយោបាយ ក៏មិនបានដែរ។ មេដឹកនាំរូបនេះ ព្រមានថា ពួកគេ អាចនឹងមានទោសថែមទៀត ប្រសិនបើ ហ៊ានធ្វើសកម្មភាពនយោបាយ ទាំងដែលពួកគេ ត្រូវបានហាមឃាត់។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ ប្រធានគណបក្សកាន់អំណាច បានផ្ញើសារទៅក្រុមអ្នកប្រឆាំងយ៉ាងដូច្នេះថា៖«ចំណេញឬខាត អ្នកគិតមើលទៅ។ ខ្ញុំ អត់បង្ខំអ្នកទេ»។
នាយករដ្ឋមន្ត្រី ឡើងថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅអាណត្តិទី៥ ដែលជាអាណត្តិថ្មី នឹងប្រព្រឹត្តទៅក្នុងអំឡុងខែឧសភាឬក៏ខែមិថុនា ឆ្នាំ២០២២។ ឯពេលវេលាដែលថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង ត្រូវរួចផុតពីបម្រាមរបស់តុលាការកំពូល គឺនៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២។
សម្តេច ហ៊ុន សែន បានរម្លឹកថា បើថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង ចង់បានសិទ្ធិនយោបាយវិញ ពួកគេ ត្រូវធ្វើសំណើជាលក្ខណៈបុគ្គល។ មេដឹកនាំរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖«មិនមែនច្បាប់នេះចេញហើយ ពួកគេ រួចខ្លួនដោយស្វ័យប្រវត្តិទេ។ អ្នកឯងត្រូវសុំម្នាក់ម្តង មិនមែនជាកញ្ចប់ទេ»។
មុននឹងបញ្ចប់ការនិយាយរឿងអតីតគណបក្សប្រឆាំង ប្រធានគណបក្សកាន់អំណាច ឆ្លៀតបង្ហើបថា មានអ្នកប្រឆាំងខ្លះ លួចផ្តល់ព័ត៌មានផ្ទៃក្នុងឲ្យខ្លួន។ ប្រធានគណបក្សកាន់អំណាច បានលើកឡើងបែបនេះថា៖«ខ្ញុំបានដឹងថា អ្នកណានឹងមក [សុំសិទ្ធិនយោបាយ] ហើយអ្នកណា នឹងមិនមក។ អ្នកខ្លះ មិនមក ដោយសារយើងចង់ទុកនៅនុ៎ងដែរ និយាយឲ្យចំៗតែម្តងទៅ។ បើមក គឺវាបែក បើមិនមក គឺសាមគ្គីនៅទីនុ៎ះ តែព័ត៌មាន ផ្ញើឲ្យយើងរាល់ពេល។ អាហ្នឹង ក៏ល្អដែរ។ ឥឡូវនេះ មិនដឹងអ្នកទុកចិត្តអ្នកណាទេ»។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានគណបក្សកាន់អំណាច លោក អ៊ូ ច័ន្ទរ័ត្ន ដែលធ្លាប់ជាតំណាងរាស្ត្រនិងជាថ្នាក់ដឹកនាំម្នាក់នៃអតីតគណបក្សប្រឆាំង បានអះអាងថា លោក នៅតែរក្សាជំហរដូចមុន គឺមិនធ្វើសំណើទៅរដ្ឋាភិបាល ដើម្បីសុំសិទ្ធិនយោបាយនោះទេ។ លោក ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា លោក នឹងមិនសោកស្តាយឡើយ បើទោះបីជាមិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក៏ដោយ។
អតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រឆាំង ដែលកំពុងរស់នៅក្នុងស្រុករូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«បើយើង ស្នើសុំជាលក្ខណៈបុគ្គល ទោះបីជាយើងបានសិទ្ធិនយោបាយវិញ ក៏យើងអត់មានលទ្ធភាពធ្វើនយោបាយដែរ។ អ៊ីចឹង វា អត់ប្រយោជន៍ដដែលហ្នឹង ហើយជាពិសេស អាចធ្វើឲ្យអ្នកគាំទ្រ ជេរប្រមាថ និង បាត់បង់ទំនុកចិត្តចំពោះយើង»។
អ្វីដែលលោក អ៊ូ ច័ន្ទរ័ត្ន ចង់បាន គឺផ្តល់សិទ្ធិនយោបាយជាកញ្ចប់ក្នុងពេលតែមួយ ដល់ថ្នាក់ដឹកនាំទាំងអស់នៃអតីតគណបក្សប្រឆាំង ដោយរួមទាំងលោក កឹម សុខា ផងដែរ។ លោក សង្កត់ធ្ងន់ថា បើតុលាការឬរដ្ឋាភិបាល យល់ព្រមធ្វើដូច្នេះ លោក និងអ្នកផ្សេងទៀត នឹងទទួលយកសិទ្ធិនយោបាយវិញ ទោះជាត្រូវធ្វើតាមនីតិវិធីបែបណាក៏ដោយ។
លោក សម រង្ស៊ី បានអំពាវនាវកុំឲ្យថ្នាក់ដឹកនាំគណបក្សប្រឆាំង បន្ទាបខ្លួនទៅសុំសិទ្ធិនយោបាយពីរដ្ឋាភិបាល។ លោក ស្នើឲ្យអ្នកទាំងនោះ បន្តរួមគ្នា ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា ជាមុនសិន ហើយបន្ទាប់មក ចាំគិតគូរពីដំណោះស្រាយផ្សេងទៀត។
មកដល់ពេលនេះ ក្នុងចំណោមថ្នាក់ដឹកនាំទាំងអស់នៃអតីតគណបក្សប្រឆាំង មានតែពីរនាក់ប៉ុណ្ណោះ គឺលោក គង់ គាំ និងកូនប្រុសរបស់លោក គឺលោក គង់ បូរ៉ា ដែលបានប្រកាសថា នឹងធ្វើសំណើដើម្បីសុំសិទ្ធិនយោបាយវិញ នៅពេលច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានធ្វើវិសោធនកម្មរួច។
សំណើសុំធ្វើវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ បានឆ្លងកាត់ការយល់ព្រមពីរដ្ឋសភានិងព្រឹទ្ធសភាហើយ។ បច្ចុប្បន្ន សំណើនេះ កំពុងស្ថិតក្នុងដៃរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យនិងអនុម័ត សំណើនេះ នឹងត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គ ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់។
មាត្រា៤៥ថ្មី (ស្ទួន) បានចែងថា តុលាការកំពូល អាចរំលាយគណបក្សណាមួយបាន ហើយក៏អាចដាក់បម្រាមលើថ្នាក់ដឹកនាំនៃគណបក្សនោះ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ។ ប៉ុន្តែ មាត្រា៤៥ថ្មី (ស្ទួន១) ដែលនឹងក្លាយមកពីមាត្រា៤៥ថ្មី (ស្ទួន) តាមរយៈការធ្វើវិសោធនកម្ម បានផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រី ក្នុងការថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គ ចេញព្រះរាជក្រឹត្យអនុញ្ញាតឲ្យអ្នកជាប់បម្រាមទាំងនោះ បានចូលធ្វើនយោបាយវិញ មុនកាលកំណត់របស់តុលាការកំពូល៕