អន្តរជាតិ
ត្រាំ គំរាម​បិទ​រដ្ឋាភិបាល​សហព័ន្ធរ​ហូត​ទាល់តែ​បាន​លុយ​សង់​ជញ្ជាំង​ព្រំដែន​
26, Dec 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃ​ប្រារព្ធ​បុណ្យ​ណូអែល ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​ជាថ្មី​ថា លោក​មិន​បើក​ដំណើរការ​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​វិញ​ឡើយ ដរាបណា​លោក​មិនបាន​ទទួល​កញ្ចប់​លុយ​ប្រាំ​ពាន់​លាន​ដុល្លារ​សម្រាប់​សង់​ជញ្ជាំង​។ រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​បាន​បន្ត​បិទទ្វារ​បណ្តោះអាសន្ន​ដោយ​ផ្នែក​ចាប់តាំងពី​ថ្ងៃ​សុក្រ​ទី ២១ ខែធ្នូ​ម្ល៉េះ​ដ្បិត​បក្ស​ប្រជាធិបតេយ្យ​មិន​ព្រម​ផ្តល់​ហិរញ្ញវត្ថុ​តាម​សំណើរបស់លោក ត្រាំ​។ 

 
 
«​ខ្ញុំ​មិនអាច​ប្រាប់​អ្នក​បានទេ​ថា​ពេលណា​ដែល​រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​នោះ​។ ប៉ុន្តែ​ខ្ញុំ​អាច​ប្រាប់​បាន​ថា វា​នឹងមិន​បើក​ដំណើរការ​ឡើងវិញ រហូត​ទាល់តែ​យើង​មាន​ជញ្ជាំង ឬ​របង អាច​ថា​អី្វ​ក៏ដោយ​តាម​ដែល​យើង​ចង់​ហៅ​វា​»​។  លោក ត្រាំ ប្រាប់​អ្នកកាសែត​បែបនេះ​ពេល​ស្ថិតនៅ​សេត​វិមាន ក្រោយ​ចូលរួម​សន្និសីទ​តាម​ទូរ​សព្ទ​នា​ថ្ងៃបុណ្យ​ណូអែល​ជាមួយ​កងទ័ព​អាមេរិក​។​
 
​យោងតាម​ទីភ្នាកងារ​ព័ត៌មាន AFP លោក ត្រាំ បានប្រកាស​ទាមទារ​លុយ​ថ្លៃ​ជញ្ជាំង​ប្រាំ​ពាន់​លាន​ដុល្លារ​ជាថ្មី តាមរយៈ​ការបន្ត​បិទ​រដ្ឋាភិបាលបណ្តោះអាសន្ន​នេះ គឺជា​រឿងចម្រូងចម្រាស​បំផុត​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​លោក​ក៏​ត្រាំ ក៏​បញ្ជាក់​ជាថ្មី​ដែរ​ថា លោក​ពិតជា​បានសម្រេច​អនុញ្ញាត​ឲ្យ​មាន​កិច្ចព្រមព្រៀង​សាងសង់​ជ​ញ្ជាំ​មាន​ចម្ងាយ ១៨៥​គីឡូម៉ែត្រ​រួចទៅហើយ​ដែរ​នៅ​រដ្ឋ​តិច​សាស​។ 
 
​តាម​សម្តី​ប្រធានាធិបតី​រូបនេះ គម្រោង​សាងសង់​នេះ​នឹង​ចាប់ផ្តើម​នៅ​ចុងខែ​មករា​ខាងមុខ​តែម្តង​។ ប៉ុន្តែ​សេត​វិមាន​អាមេរិក​បដិសេធ​លាតត្រដាង​ឲ្យ​បាន​ល្អិតល្អន់​ពី​គម្រោង​នេះ​។​
​តាមពិតទៅ ការសាងសង់​ជញ្ជាំង​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ជា​ចំណុច​អាទិភាព​នៃ​នយោបាយ​អន្ត​ប្រវេសន៍​របស់លោក តាំងពី​ពេល​ឃោសនាបោះឆ្នោត​ម្ល៉េះ​។   លោក​បាន​ទារ​ឲ្យ​សភា​បញ្ចូល​លុយ​ប្រាំ​ពាន់​លាន​ដុល្លារ​ក្នុង​ច្បាប់​ថវិកា​ថ្មី ប៉ុន្តែ​សំណើ​ត្រូវបាន​បដិសេធ​ដោយ​បណ្តាសមាជិកបក្សប្រជាធិបតេយ្យ និង​សមាជិក​បក្ស​សាធារណរដ្ឋ​មួយចំនួន​ផង​។ 
 
​តាម​លក្ខខណ្ឌ​បច្ចេកទេស ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់​ថវិកា​នៅ​ព្រឹទ្ធសភា វា​ចាំបាច់​មាន​សំឡេងគាំទ្រ ដល់​ទៅ ៦០ ។ បច្ចុប្បន្ន​បក្ស​សាធារណរដ្ឋ​ក្តោប​ក្តាប់​អាសនៈ​ភាគច្រើន ៥១​ក្នុង​ព្រឹទ្ធសភា ប៉ុន្តែ​គេ​នៅ​ត្រូវការ​សំឡេងគាំទ្រ​ប្រាំបួន​ទៀត​ពី​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ដើម្បី​បង្គ្រប់​សំឡេង​។ 
 
 លោក ត្រាំ បដិសេធ​ចុះហត្ថលេខា​លើ​សេចក្តីព្រាងច្បាប់​ថវិកា​ ដោយសារ​លោក​មិនបាន​ទទួល​លុយ​សង់​ជញ្ជាំង​តាម​បំណង​។ ដោយសារ​គ្មាន​ការអនុម័ត​កញ្ចប់​ហិរញ្ញវត្ថុ​សម្រាប់​ចាយវាយ​នេះហើយ ទើប​វា​ណ្តា​ល​ឲ្យ​ក្រសួង និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​អាមេរិក​ជាច្រើន​ត្រូវ​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន​ដោយសារ​ខ្វះ​លុយ​។ 
 
​តាម​ការព្រមាន​របស់​លោក ត្រាំ ការបិទ​រដ្ឋាភិបាល​នេះ​ប្រហែលជា​នឹងមាន​រយៈពេល​យូរ​ផង​។ ប៉ុន្តែ​ទោះជា​ត្រូវ​បិទ​រយៈពេល​ខ្លី​ឬ​វែង​ក្តី វា​ជះឥទ្ធិពល​អាក្រក់​ដោយសារ​បុគ្គលិក​រាប់សែន​នាក់​ដែល​បម្រើ​ការងារ​ក្នុង​រដ្ឋាភិបាល​សហព័ន្ធ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​ងារ​ដោយ​មិន​ទទួលបាន​កម្រៃ ឬក៏​ត្រូវ​បង្ខំ​ឲ្យ​សម្រាក​ពី​ការងារ​ពេលនេះ​សិន​ដែរ​។ ចំណែក​ប្រតិបត្តិការ​ជំនួញ​នានា​នៅ​អាមេរិក​ក៏​រង​ផលប៉ះពាល់​ដូចគ្នា​។​
 
​ព្រឹទ្ធសភា​អាមេរិក​បាន​វាយតម្លៃ​ពី​ផលប៉ះពាល់​នៃ​ការបិទ​រដ្ឋាភិបាលបណ្តោះអាសន្ន​ដែរ​។ ការបិទ​រដ្ឋាភិបាល​នេះ​ប៉ះពាល់​ដល់​ក្រសួង​ចំនួន​ប្រាំបួន​ក្នុងចំណោម​ក្រសួង​ទាំងអស់ ១៥ ហើយ​ទីភ្នាក់ងារ​សំខាន់ៗ​ចំនួន​ច្រើនជាង​ដប់​ដែល​ត្រូវ​ផ្អាក​ដំណើរការ​។ បុគ្គលិក​បម្រើ​ការងារ​ទាំងអស់​ប្រហែល ប្រាំបី​សែន​នាក់​នឹងមិន​ទទួលបាន​ប្រាក់កម្រៃ ក្នុងនោះ​មាន ៤២ ម៉ឺន​នាក់​ត្រូវ​បន្តធ្វើ​ការងារ​ដោយ​គ្មាន​ប្រាក់កម្រៃ ខណៈ​៣៨ ម៉ឺន​នាក់​ផ្សេងទៀត​ត្រូវ​ផ្អាក​ការងារ​តែម្តង​។  
 
​ជុំវិញ​ការបិទ​រដ្ឋាភិបាល​នេះ សមាជិក​ព្រឹទ្ធសភា​និង​ជា​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ Chuck Schumer បាន​ផ្ដាំ​ទៅ​ប្រធានាធិបតី​ថា បំណង​សាងសង់​ជញ្ជាំង​ត្រូវតែ​បោះបង់ចោល ហើយ​ត្រូវ​បើក​រដ្ឋាភិបាល​ឡើងវិញ​៕
 

Tag:
 ​ដូ​ណា​ល់ ត្រាំ​
  ជញ្ជាំង​ម៉ិ​ក​ស៊ិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com