អន្តរជាតិ
តួ​ក​គី​៖​ការទិញ​មី​ស៊ី​ល​អាមេរិក មិន​ប៉ះពាល់​ការទិញ​ខែល​ការពារ​អាកាស​រុស្ស៊ី S-400 ឡើយ​
26, Dec 2018 , 4:42 pm        
រូបភាព
ដោយ:
​បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន​ព្រម​លក់​ប្រព័ន្ធ​មី​ស៊ី​ល  ក្នុង​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ឲ្យ​តួ​ក​គី អ្នកនាំពាក្យ​ប្រធានាធិបតី​តួ​ក​គី បានបញ្ជាក់​នៅ​ថ្ងៃទី ២៤ ខែធ្នូ​ថា ការបញ្ជាទិញ​ប្រព័ន្ធ​មី​ស៊ី​ល​អាមេរិក​នេះ មិន​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល S-400 ពី​រុស្ស៊ី​ឡើយ​។

 
​កាលពី​ថ្ងៃទី ១៩ ខែធ្នូ ក្រសួងការបរទេស​អា​មេ​រិ​ក បានប្រកាសថា ខ្លួន​បាន​ជូនដំណឹង​ដល់​សភា​អាមេរិក ទាក់ទង​នឹង​គម្រោង​លក់​ប្រព័ន្ធ​មី​ស៊ី​ល  Patriot  ដែលមាន​ទំហំ​ទឹកប្រាក់ ៣,៥​ពាន់​លាន​ដុល្លារ​។  ក្នុងចំណោម​នោះ​គឺមាន​ដូចជា  ប្រព័ន្ធ​មី​ស៊ី​ល Patriot ចំនួន ៨០ និង​មី​ស៊ី​ល​ស្ទាក់ចាប់ PAC-3 ចំនួន ៦០ និង​សម្ភារៈ​យោធា​ផ្សេងៗ​ទៀត​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Ibrahim Kalin អ្នកនាំពាក្យ​ប្រធានាធិបតី​តួ​ក​គី បាន​អះអាង​នៅ​ថ្ងៃ​ចន្ទ​ថា ៖ «​ដំណើរ​ការលក់​ប្រព័ន្ធ​មី​ស៊ី​ល Patriot របស់​អាមេរិក ពុំ​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង S-400 ជាមួយ​រុស្ស៊ី​នោះឡើយ​»​។ 
 
​គម្រោង​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 របស់​តួ​ក​គី បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​បណ្តា​សម្ព័ន្ធមិត្ត​ក្នុង​អង្គការ​ណា​តូ និង​សហរដ្ឋអាមេរិក​។ យ៉ាងណាមិញ រដ្ឋាភិបាល​តួ​ក​គី​ធ្លាប់បាន​បញ្ជាក់​ពីមុនមក​ថា ខ្លួន​ត្រូវការ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 ជា​ចាំបាច់​។ សារព័ត៌មាន​តួ​ក​គី បាន​ចុះផ្សាយ​ថា ការបញ្ជូន​ប្រព័ន្ធ S-400 ពី​រុស្ស៊ី​ជុំទីមួយ នឹងត្រូវ​ធ្វើឡើង​នា​ឆ្នាំ​២០១៩​។ 
 
​គេ​មើលឃើញថា ការបញ្ជាទិញ​សព្វាវុធ  S-400 បង្ហាញ​ពី​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​រុស្ស៊ី និង​តួ​ក​គី ក្រោម​ការដឹកនាំ​របស់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ប្រធានាធិបតី​រុស្ស៊ី និង​លោក Recep Tayyip Erdoğan មេដឹកនាំ​តួ​ក​គី​។  ទន្ទឹមនឹង​គ្នា​នេះ បុរស​ខ្លាំង​ទាំងពីរ​នាក់​នេះ ក៏បាន និង​កំពុង​ស្វះ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​រយៈពេល​៨​ឆ្នាំ​នៅ​ស៊ី​រី ។ 
 
​តួ​ក​គី​បាន​ជួយ​គាំទ្រ​ដល់​ក្រុម​បះបោរ​ស៊ី​រី  ដើម្បី​ទម្លាក់​ប្រធានាធិបតី​ស៊ី​រី  បា​សា អាល់​អាសាដ ចេញពី​តំណែង ប៉ុន្តែ​ការអន្តរាគមន៍​របស់​រុស្ស៊ី​ក្នុង​សង្គ្រាម​ស៊ី​រី​ក្នុង​ឆ្នាំ​២០១៥ បាន​ជួយ​ដល់​របប​ដឹកនាំ​ក្រុង​ដា​ម៉ាស់​អាចមាន​ប្រៀប​ក្នុង​សង្គ្រាម និង​ដណ្តើម​កាន់កាប់​ទឹកដី​មួយចំណែក​ធំ​ស៊ី​រី​ឡើងវិញ​មកដល់​បច្ចុប្បន្ន​ផង​៕

Tag:
 តួ​ក​គី​
  អាមេរិក​
  រុស្ស៊ី​
  S-400
© រក្សាសិទ្ធិដោយ thmeythmey.com