អន្តរជាតិ
ជប៉ុន​ពិចារណា​បញ្ជូន​នាវា​ទៅ​ចូលរួម​ប្រតិបត្តិការ​យោធា​ជាមួយ​ចិន ក្រោយ​ទំនាក់ទំនង​ល្អប្រសើរ​
27, Dec 2018 , 8:39 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ជប៉ុន​កំពុង​ពិចារណា​បញ្ជូន​នាវាចម្បាំង​ទៅ​ចូលរួម​ប្រតិបត្តិការ​យោធា ជាមួយ​កងទ័ពជើងទឹក​ចិន ដែល​គ្រោង​រៀបចំឡើង នា​ខែមេសា​ឆ្នាំ​២០១៩​។ គម្រោង​នេះ​ធ្វើឡើង ស្រប​ពេលដែល​ប្រទេស​ទាំងពីរ​កំពុង​ព្យាយាម​ពង្រឹង​ចំណងទាក់ទង​ក្នុង​វិស័យ​ការពារជាតិ បន្ទាប់ពី​ទំនាក់ទំនង​ការទូត​មាន​ភាពល្អប្រសើរ​ជាង​មុន​ច្រើន​។

 
​បើសិនជា​ការបញ្ជូន​នេះ​អាចធ្វើ​ឡើង​បាន តាម​ការគ្រោងទុក​មែន​នោះ វា​នឹង​ក្លាយជា​ប្រតិបត្តិការ​យោធា​លើកទីមួយ​បង្អស់​ហើយ ដែល​នាវាចម្បាំង​ជប៉ុន​ត្រូវបាន​បញ្ជូន​ទៅកាន់​ដែនទឹក​ចិន ចាប់តាំងពី​ឆ្នាំ​២០១១​មក​។ ប្រតិបត្តិការ​យោធា​របស់​ចិន ដែល​គ្រោង​នឹងត្រូវ​រៀបចំឡើង​នា​ថ្ងៃទី ២៣ ខែមេសា នាទី​ក្រុង Qingdao ភាគ​ខាងកើត​ចិន មាន​គោលដៅ​ដើម្បី​រម្លឹក​ដល់​ខួប​ទី​៧០​ឆ្នាំ​នៃ​ការបង្កើត​ទ័ពជើងទឹក​របស់​ចិន​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Kyodo នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​យល់ព្រម​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង និង​នាយករដ្ឋមន្ត្រី​ចិន លី ឃឹ​ឈាំ​ង ក្នុង​រដ្ឋធានី​ប៉េកាំង ក្នុងជំនួប​កាលពី​ខែតុលា​កន្លងទៅ ស្តីពី​ចាប់ផ្តើម​ទំនាក់ទំនង​កងទ័ពជើងទឹក​ជាមួយគ្នា​ឡើងវិញ​។ ទន្ទឹមនឹង​គ្នា​នេះដែរ ជប៉ុន​ក៏​ប្រហែលជា​ត្រៀម​អញ្ជើញ​កងទ័ពជើងទឹក​ចិន ដើម្បី​ឲ្យ​ចូលរួម​ប្រតិបត្តិការ​នាវា​យោធា ដែល​គ្រោង​នឹង​រៀប​ចំនា​ខែកញ្ញា ឆ្នាំ​២០១៩​ខាងមុខ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​រដ្ឋាភិបាល​ជប៉ុន​។ 
 
​គួរ​រម្លឹក​ដែរ​ថា នាវាចម្បាំង​ជប៉ុន និង​ចិន​ធ្លាប់មាន​ទស្សនកិច្ច​ទៅវិញទៅមក ចាប់ពី​ឆ្នាំ​២០០៧ ដល​ល់​ឆ្នាំ​២០១១ ប៉ុន្តែ​ត្រូវបាន​ផ្អាក​ទៅវិញ នៅពេលដែល​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បាន​ដណ្តើម​កាន់កាប់​ប្រជុំ​កោះ Diaoyou ក្នុង​សមុទ្រ​ចិន​ខាងកើត ដែល​ជប៉ុន​បាន​ហៅ​ឈ្មោះថា ប្រជុំ​កោះ Senkaku កាលពី​ឆ្នាំ​២០១២​កន្លងទៅ​។ ការណ៍​នេះ​បាន​បណ្តាល​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ធ្លាក់ចុះ​ជាខ្លាំង​។​
 
​មែនទែនទៅ ចំណងទាក់ទង​រវាង​រដ្ឋ​ទាំងពីរ​ក្នុង​តំបន់​អាស៊ី​បូព៌ា​នេះ មាន​ភាពល្អ​ប្រសើរឡើង​វិញ​កាលពី​ថ្មីៗ​នេះ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី អា​បេ បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ប៉េកាំង​កាលពី​ខែតុលា​កន្លងទៅ​។ ការចូលទៅ​ជាន់ដី​ចិន​របស់លោក​អា​បេ ជា​ទស្សនកិច្ច​ផ្លូវការ​ទីមួយ​របស់​មេដឹកនាំ​នយោបាយ​ជប៉ុន ក្នុង​រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយនេះ​។ 
 
​ក្នុងអំឡុង​ទស្ស​និច្ច​នេះដែរ លោក ស៊ី ជិន​ភីង បាន​ប្រាប់​ទៅកាន់​នាយករដ្ឋមន្ត្រី​ជប៉ុន​ថា លោក​នឹង​ពិចារណា​រៀបចំ​ទស្សនកិច្ច​មួយ​ទៅកាន់​ប្រទេស​ជប៉ុន​នា​ឆ្នាំ​ក្រោយនេះ​។ ហើយ​បើសិន​វា​កើតឡើង​មែន​នោះ វា​នឹង​ក្លាយជា​ទស្សនកិច្ច​ទីមួយ​បង្អស់​ផងដែរ​របស់​មេដឹកនាំ​ចិន ក្នុង​រយៈពេល​១១​ឆ្នាំ​ចុង​ក្រោយនេះ​៕ 
 

Tag:
 ជប៉ុន​
  ចិន​
  ចំណង​យោធា
© រក្សាសិទ្ធិដោយ thmeythmey.com