កីឡាជាតិ
ជាតិ
ការសម្តែងល្បុក្កតោថ្ងៃសម្ពោធវិមានឈ្នះ-ឈ្នះ ជាចលករជំរុញក្នុងការចុះបញ្ជីយូណេស្កូ
× គុនល្បុក្កតោ ដែលជាកីឡាវប្បធម៌ប្រពៃណីរបស់បុព្វបុរសខ្មែរ នឹងរៀបចំការសម្តែងទ្រង់ទ្រាយធំដ៏កម្រមួយ ក្នុងថ្ងៃសម្ពោធវិមានឈ្នះឈ្នះចន្លោះពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០១៨។ នេះជាឱកាសដ៏ល្អ សម្រាប់គុនល្បុក្កតោក្នុងការបង្ហាញពីភាពរីកចម្រើន និងការវិវត្តថ្មីៗរបស់ខ្លួនទៅកាន់មហាជន។ តាមរយៈការសម្តែង៣ថ្ងៃនេះ ល្បុក្កតោរំពឹងទទួលបានការគាំទ្រ និងស្គាល់កាន់តែច្រើនពីប្រជាពលរដ្ឋ ពិសេសយុវជន។
លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបាននិយាយថា កីឡាគុនល្បុក្កតោនឹងរៀបចំការសម្តែងដ៏ធំមួយ ដែលមានកីឡាករកីឡាការិនីជម្រើសជាតិ និងយុវជនថ្នាលចំនួន៣០នាក់ចូលរួម។ កីឡាករកីឡាការិនីទាំងនេះ នឹងសម្តែងរួមគ្នាក្នុងទម្រង់ដ៏កម្រមួយ ដែលជាការរួមបញ្ចូលគ្នារវាងកត្តាមេគុន និងប្រយុទ្ធជាមួយអាវុធផ្សេងៗ។
«វាជាការសម្តែងមួយដ៏ទាក់ទាញ ព្រោះប្រជាពលរដ្ឋកម្របានឃើញក្រុមឈុតធំនិងយុវជនសម្តែងរួមគ្នាបែបនេះណាស់ យូរៗម្តង។ តាមរយៈការហ្វឹកហាត់ដោយយកចិត្តទុកដាក់របស់កីឡាករកន្លងមក យើងរំពឹងថា ពួកគេនឹងធ្វើបានល្អ និងបង្ហាញពីអ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរយើង ក្នុងការទាក់ទាញអារម្មណ៍មហាជនឲ្យងាកមកចាប់អារម្មណ៍ក្បាច់គុនបុរាណរបស់យើង»។ នេះជាការលើកឡើងរបស់លោក អ៊ួ តារា។
ការសម្តែងដែលមានរយៈពេល១០នាទីនេះ គឺដើម្បីអបអរការសម្ពោធដាក់ឲ្យប្រើប្រាស់ស្តូបវិមានឈ្នះឈ្នះ និងខួបលើកទី២០នៃការដាក់ចេញនយោបាយឈ្នះឈ្នះរបស់សម្តេច ហ៊ុន សែន និងបុណ្យចូលឆ្នាំសកល។ ការសម្តែងរៀបចំចន្លោះពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០១៨ នៅតំបន់អភិវឌ្ឍន៍របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ទល់មុខពហុកីឡដ្ឋានជាតិមរតកតេជោ។
ទោះបីមានរយៈពេលតែ១០នាទីក្នុងការសម្តែង តែអគ្គលេខាធិការសហព័ន្ធខាងលើអះអាងថា ជាការសម្តែងមួយដ៏អស្ចារ្យដែលបង្ហាញពីបច្ចេកទេសពិសេសៗរបស់កីឡាគុនល្បុក្កតោ ឬអាចចាត់ទុកថា ខ្លីតែខ្លឹម។ នៅពេលសួរពីភាពខុសប្លែកគ្នានិងការសម្តែងលើកមុនៗ លោក អ៊ួ តារា បានរៀបរាប់យ៉ាងដូច្នេះថា៖«លក្ខណៈពិសេសរបស់យើងត្រង់ថា ការសម្តែងខ្លីតែខ្លឹម។ ក្នុងរយៈពេល១០នាទីនេះ យើងយកតែបច្ចេកទេសពិសេសៗមកបង្ហាញឲ្យគ្រប់ជ្រុងជ្រោយនូវអ្វីដែលគុនល្បុក្កតោយើងមាន។ លើសពីនេះ យើងបង្ហាញឲ្យគ្រប់រសជាតិតែម្តងក្នុងទស្សនីយភាពនេះ តាមរយៈការច្របាច់បញ្ចូលគ្នាទាំងមេគុនសម្តែងនិងប្រយុទ្ធ»។
ជាមួយការចាត់ទុកជាឱកាសបង្ហាញក្បាច់គុនកេរតំណែលរបស់បុព្វបុរសឲ្យមហាជនបានស្គាល់ ការចូលរួមសម្តែងនេះ ក៏ជាចលករជំរុញក្នុងការចុះបញ្ជីគុនល្បុក្កតោជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលត្រៀមប្រកាសលទ្ធផលនៅចុងឆ្នាំ២០១៩ ផងដែរ។
«វាគឺជាសកម្មភាពល្អមួយរបស់គុនល្បុក្កតោ ក្នុងការបង្ហាញថា កម្ពុជាយើងយកចិត្តទុកដាក់ ថែរក្សា និងអភិវឌ្ឍន៍នូវប្រភេទកីឡាគុនល្បុក្កតោពីមហាជននិងរាជរដ្ឋាភិបាល នេះជាកត្តាដែលអង្គការយូណេស្កូចង់បាន។ ព្រោះតាមទំនៀមទម្លាប់ឲ្យតែមានកម្មវិធីបុណ្យម្តងៗ យើងតែងតែយកកីឡានេះទៅសម្តែងនៅតាមវត្ត ដើម្បីឲ្យមហាជនបានស្គាល់។ តែឥឡូវនេះ យើងបានចូលរួមក្នុងកម្មវិធីបុណ្យជាតិធំៗ ដែលជាសញ្ញាណមួយដ៏ល្អក្នុងការត្រៀមចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូ»។ នេះជាការបន្ថែមរបស់លោក អ៊ួ តារា៕
Tag:
ល្បុក្កតោ
អ៊ួ តារា
វិមានឈ្នះឈ្នះ
© រក្សាសិទ្ធិដោយ thmeythmey.com