អន្តរជាតិ
កូរ៉េ​ទាំងពីរ​បុកគ្រឹះ​ដើម្បី​ត​ភ្ជាប់​ផ្លូវថ្នល់ និង​រថភ្លើង​នៅតាម​ព្រំដែន​
26, Dec 2018 , 10:19 pm        
រូបភាព
​កូរ៉េ​ទាំងពីរ នៅ​ថ្ងៃទី​២៦ ខែធ្នូ បានរៀបចំ​ពិធី​បុកគ្រឹះ​រួមគ្នា​ដើម្បី​ធ្វើ​ទំនើបកម្ម និង​ត​ភ្ជាប់​ផ្លូវថ្នល់ និង​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ព្រំដែន​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​។ ទោះ​គ្រាន់តែ​ជា​និមិត្តរូប​មែន ការតភ្ជាប់​នេះ​ជាការ​បើកចំហ​រវាង​កូរ៉េ​ទាំងសងខាង និង​ជា​ឆន្ទៈ​បង្រួបបង្រួម​គ្នា​ផងដែរ​។ ពិធី​ដែល​ធ្វើឡើង​នៅក្នុង​ទឹកដី​កូរ៉េខាងជើង និង​មានការ​ចូលរួម​ពី​មន្ត្រី​ប្រទេសជិតខាង​កូរ៉េ កើតឡើង​បន្ទាប់ពី​ការត្រួតពិនិត្យ​គុណភាព​ផ្លូវ​រួមគ្នា​ជាច្រើន​ថ្ងៃ​រួចមក​។

 
​ប្រតិភូ​កូរ៉េខាងត្បូង​មួយក្រុម​ដែលមាន​គ្នា​ប្រមាណ​១០០​នាក់ បាន​ជិះរទេះ​ភ្លើង​ឆ្លងកាត់​ព្រំដែន​ទៅកាន់​កូរ៉េខាងជើង ដើម្បី​ចូលរួម​ក្នុង​ពិធី​បុកគ្រឹះ​ត​ភ្ជាប់​ផ្លូវ​រវាង​កូរ៉េ​ទាំងពីរ​នៅឯ​ស្ថានីយ៍​រថភ្លើង Panmun ក្នុង​ទីក្រុង Kaesong ។ នេះ​ជា​លើកដំបូង​ដែល​រថភ្លើង​កូរ៉េខាងត្បូង​ឆ្លងកាត់​ពី​ភ្នំ Kumgang ទៅកាន់​ទន្លេ Tumen តាម​បណ្ដោយ​ឆ្នេរ​ភាគ​ខាងកើត​ចាប់តាំងពី​ការបែងចែក​កូរ៉េ​ជា​ពីរ​ក្រោយ​ចប់​សង្គ្រាម​ឆ្នាំ​១៩៥០-១៩៥៣ ។​
 
​ក្រុមមន្ត្រី​កូរ៉េខាងត្បូង​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​បង្រួបបង្រួម Cho Myoung-gyon និង​រដ្ឋមន្ត្រី​ដឹកជញ្ជូន Kim Hyun-mee និង​មានការ​ចូលរួម​ពី​មន្ត្រីសភា​ផង ឯ​ប្រតិភូ​កូរ៉េខាងជើង​ដឹកនាំ​ដោយ​លោក Ri Son-gwon ដែលជា​ប្រធាន​គណៈកម្មាធិការ​សម្រាប់​ការបង្រួបបង្រួម​កូរ៉េ​។ មន្ត្រីជាន់ខ្ពស់​ផ្នែក​ដឹកជញ្ជូន​មកពី​ប្រទេស​ក្បែរ​ខាង​ឧបទ្វីប​កូរ៉េ​ដូចជា​រុស្ស៊ី និង​ម៉ុង​ហ្គោ​លី​ជាដើម សុទ្ធតែ​បាន​ចូលរួម​ក្នុង​កម្មវិធី​សំខាន់​មួយ​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​តាមពិតទៅ ពិធី​បុកគ្រឹះ​នេះ គ្រាន់តែ​ជា​និមិត្តរូប​នៃ​ការចាប់ផ្ដើម​គម្រោង​រួមគ្នា​ប៉ុណ្ណោះ គ្មាន​សកម្មភាព​ជាក់ស្ដែង​ឡើយ​។ ការតភ្ជាប់ និង​ធ្វើការ​ទំនើបកម្ម​ផ្លូវថ្នល់ និង​ផ្លូវ​រថភ្លើង​របស់​កូរ៉េខាងជើង​ពិតប្រាកដ ត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការចរចា​រំសាយ​នុយក្លេអ៊ែរ​សិន ហើយ​ម្យ៉ាង​ក៏ត្រូវ​ដោះស្រាយ​ទណ្ឌកម្ម​រាប់សិប​ជាន់​លើ​កូរ៉េខាងជើង​ដែរ​។ ក្រសួង​បង្រួបបង្រួម​របស់​កូរ៉េខាងត្បូង​បញ្ជាក់ថា ក្រុង​សេ​អ៊ូ​ល​នឹង​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ​កូរ៉េខាងជើង​បន្ថែមទៀត​ក្រោយ​ពិធី​ខាងលើ​។​
 
​ទោះជា​យ៉ាងណា មន្ត្រី​កូរ៉េ​ទាំងពីរ​សុទ្ធតែ​បង្ហាញ​ក្ដីសង្ឃឹម​វិជ្ជមាន​ដូចគ្នា​លើ​គម្រោង​រួម​នេះ​។ លោកស្រី Kim និយាយថា ការតភ្ជាប់​នេះ ជាការ​បោះជំហាន​ទៅមុខ និង​ជាការ​បើកទ្វារ​ដែល​បាន​បិទ​ជិត​អស់​ជាង​៧០​ឆ្នាំ​មកនេះ​។ ចំណែក​អនុរដ្ឋមន្ត្រី​ដឹកជញ្ជូន​កូរ៉េខាងជើង Kim Yun-hyok ចាត់ទុក​ព្រឹ​ត្ត​ការណ៍​នេះ ជាការ​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ពី​កម្លាំង និង​ឆន្ទៈ​ដ៏​ខ្លាំងក្លា​របស់​បងប្អូន​កូរ៉េ​ទាំងពីរ​ដើម្បី​រួបរួមគ្នា​ឡើងវិញ​។ 
 
​ការធ្វើ​ទំនើបកម្ម និង​ការតភ្ជាប់​នេះ ត្រូវបាន​ឯកភាពគ្នា​កាលពី​ជំនួប​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ភូមិ​ប៉ាន់​មុន​ជុម​ក្នុង​ខែមេសា​។ ត​មក​ក្នុងជំនួប​ម្ដងទៀត​ក្នុង​ខែកញ្ញា​នៅ​ព្យុងយ៉ាង មេដឹកនាំ​កូរ៉េ​ក៏​ព្រមព្រៀងគ្នា​រៀបចំ​ពិធី​បុកគ្រឹះ​ឲ្យ​បាន​មុន​ដាច់​ឆ្នាំ​២០១៨ តែម្ដង​។ អាមេរិក និង​អង្គការសហប្រជាជាតិ​សុទ្ធតែ​បាន​បើកភ្លើង​ខៀវ​សម្រាប់​ពិធី​បុកគ្រឹះ​និមិត្ត​រូបនេះ​៕
 

Tag:
 ​កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com