អន្តរជាតិ
អ្នកជំនាញ​៖ បើ​បង្ខំ​ឲ្យ​រើស ប្រទេស​ភាគច្រើន​នឹង​ជ្រើស​យក​អាមេរិក មិនមែន​ចិន​ឡើយ​
26, Dec 2018 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកនិពន្ធ​សៀវភៅ​ដ៏​ល្បី​ស្តីពី​ចិន​លោក Fraser Howie យល់ឃើញថា បើសិនជា​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​ត្រូវ​បង្ខំ​ឲ្យ​ជ្រើសរើស​រវាង​អាមេរិក និង​ចិន ពួកគេ​ភាគច្រើន​នឹង​ជ្រើស​រើសយក​មហាអំណាច​អាមេរិក​មិន​ខាន​។ លោក​លើកយក​ហេតុផល​ចម្បង​ថា ថ្វី​ជា​មហាអំណាច​ក៏ដោយ អំណាច​ទន់​របស់​ចិន​នៅតែ​ទន់ខ្សោយ​នៅឡើយ​។​


 
​ការប្រែប្រួល​ក្នុង​ធម្មជាតិ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក និង​ចិន​ធ្វើ​កំពុង​កែប្រែ​ស្ថានភាព​សេដ្ឋកិច្ច និង​នយោបាយ​សាកល​។ ប្រទេស​ជាច្រើន​ក្នុង​តំបន់​បារម្ភ​ថា នៅពេល​អនាគត​ពួកគេ​នឹងត្រូវ​បង្ខំ​ឲ្យ​ជ្រើស​រើសយក​រវាង​មហាអំណាច​ទាំងពីរ​។​
 
​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CNBC នៅ​ថ្ងៃ​ពុធ​ទី ២៦ ខែធ្នូ ពេល​ចោទ​សួរថា តើ​ប្រទេស​ភាគច្រើន​នឹង​ជ្រើស​រើសយក​មហាអំណាច​មួយ​ណា បើសិនជា​កាលៈទេសៈ​ខាងលើនេះ​កើតឡើង អ្នកវិភាគ​ឯករាជ្យ និង​ជា​អ្នកនិពន្ធ​សៀវភៅ​ស្តីពី​ចិន​លោក Fraser Howie ឆ្លើយ​ឥត​ស្ទាក់ស្ទើរ​បែបនេះ​៖«​ប្រទេស​ទាំងនោះ​នឹង​ទៅជា​មួយ​អាមេរិក​»​។ 
 
​អ្នកជំនាញ​រូបនេះ​បាន​ពន្យល់ថា ថ្វី​ដ្បិតថា មហាអំណាច​ចិន​មាន​តួនាទី​ចម្បង​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​តំបន់​អាស៊ី​មានបាន​ក៏ដោយ ចិន​នៅមាន​ចំណុចខ្សោយ​ច្រើន​ជាពិសេស​ការកសាង​អំណាច​ទន់​នេះ​តែម្តង​។ ត្រង់នេះ លោក​ចង់​សំដៅលើ​ការបើកចំហ​សេដ្ឋកិច្ច​កាលពី ៤០​ឆ្នាំមុន​របស់​ចិន​ដែលជា​កម្លាំងចលក​រយ៉ា​ង​សំខាន់​ដែល​ជំរុញ​ការលូតលាស់​នៃ​សេដ្ឋកិច្ច​អាស៊ី​កន្លងមក​។ 
 
​លោក Howie មើលឃើញថា ការលូតលាស់​នៃ​អំណាច​ទន់​របស់​ចិន​ពិតជា​មិនអាច​ប្រៀបប្រដូច​បានឡើយ​ជាមួយ​អំណាច​ទន់​អាមេរិក ហើយ​ប្រទេស​ភាគច្រើន​ភ័យ​បារម្ភ​ពី​ការ​រះ​ត្រដែត​ឡើង​របស់​ចិន​ច្រើនជាង​សប្បាយរីករាយ​។  
 
«​រយៈពេល ៣០​ឆ្នាំ​នៃ​ការរីកចម្រើន​លូតលាស់ អាស៊ី​មានបាន​ទៅ​កើត​ដោយសារ​ពឹងផ្អែក​សំខាន់​លើ​ចិន​។ ប៉ុន្តែ​ចិន​គ្មាន​សមត្ថភាព​ចង់មិត្ត​ជាមួយ​ប្រទេស​ដទៃ​ឡើយ​។ ខ្ញុំ​គិតថា វា​បណ្តាលមកពី​ភាព​អន់​ខ្សោយ​នៃ​អំណាច​ទន់​របស់​ចិន​ផ្ទាល់​។ ចិន​មិនអាច​បង្កើត​មិត្ត​បាន​ច្រើន ហើយ​គេ​នាំគ្នា​បារម្ភ​ពី​ចិន ច្រើនជាង​មាន​អារម្មណ៍​រីករាយ​ចង់​ធ្វើជា​មិត្ត​របស់​ចិន​»​។​លោក Howie អធិប្បាយ​ដូច្នេះ​។​
 
​ប​ច្ច​ប្បន្ន​នេះ អាមេរិក និង​ចិន​កំពុង​ស្ថិតក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ហើយ​ភាគី​កំពុង​ចរចា​គ្នា​បញ្ចប់សង្គ្រាម​នេះ​ជា​អចិន្ត្រៃយ៍​។ ជម្លោះ​ពាណិជ្ជកម្ម និង​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​យក្ស​សេដ្ឋកិច្ច​ទាំងពីរ​បង្ក​ឲ្យ​ពិភពលោក​ទាំងមូល​ព្រួយបារម្ភ​ខ្លាំង​។ សម្រាប់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ការលូតលាស់​គួរ​ឲ្យ​កត់សម្គាល់​របស់​ចិន​ដែល​ឈាន​ជើង​ពី​ប្រទេស​ក្រីក្រ​មកជា​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​ក្នុងពេល ៤០​ឆ្នាំនេះ​អាច​នឹង​ឈានទៅ​ក្តោប​ក្តាប់​ពិភពលោក និង​ផ្លាស់ប្តូរ​សណ្តាប់ធ្នាប់​ពិភពលោក​ដែល​ខ្លួន​បង្កើតឡើង​ក្រោយ​ចប់​សង្គ្រាមលោកលើកទីពី​រដែរ​៕
 

Tag:
 ចិន​
  អាមេរិក​
  Fraser Howie
© រក្សាសិទ្ធិដោយ thmeythmey.com