កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​ព្រម​តាម​ការសម្រេច FFC និង​គាំទ្រ​ចំពោះ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ការផ្ទេរ​កីឡាករ
26, Dec 2018 , 5:40 pm        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ប្រកាស​ជំហរ​ព្រម​ទទួល​យកតាម​ចំណាត់ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​បានចេញ​សម្រេច​ថា ក្លិប​បាល់ទាត់​វិសាខា​ព្រម​សង​សំណង​អភិវឌ្ឍន៍​ឲ្យ​ភ្នំពេញ​ក្រោ​ន ដើម្បី​បញ្ចប់​ភាពចម្រូងចម្រាស​លើ​រឿង​ផ្ទេរ​កីឡាករ​៥​រូប​។ ក្លិប​នេះ ក៏​គាំទ្រ​ចំពោះ​គម្រោង​ធ្វើសេចក្តីព្រាងច្បាប់​ ដើម្បី​គ្រប់គ្រង​ការផ្ទេរ​កីឡាករ​ក្នុងស្រុក​របស់​សហព័ន្ធ​ផងដែរ​។

 
​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានចេញ​សេចក្តីសម្រេច​ថា ក្លិប​បាល់ទាត់​វិសាខា​ព្រម​សង​សំណង​លើ​ថ្លៃ​ហូបចុក ស្នាក់នៅ និង​បណ្តុះបណ្តាល​កីឡាករ​៥​រូប​រួមមាន ស៊ិន កក្កដា អ៊ិន សូ​ដា​វីដ អ៊ុក សុវណ្ណ គឹម ឆៃ​យ៉ា និង កែន ចាន់​សុ​ភ័ក្តិ ដែល​ទើប​ផ្ទេរ​ទៅ​ក្លិប​វិសាខា ដល់​ភ្នំពេញ​ក្រោ​ន​។ ភ្លាមៗ​នោះ ក្លិប​ភ្នំពេញ​ក្រោ​ន​បានចេញ​សេចក្តីសម្រេច ដោយ​ព្រម​ទទួល​យកតាម​ចំណាត់ការ​របស់​សហព័ន្ធ​។  
 
«​ក្នុង​ស្មារតី​នៃ​មហា​គ្រួសារ​បាល់ទាត់​កម្ពុជា ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ព្រម​ទទួលយក​ដំណោះស្រាយ​ដូច​សេចក្តីសម្រេច​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដោយ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​យល់ព្រម​ទទួលយក​ប្រាក់ឧបត្ថម្ភ​ពី​ក្លិប​បាល់ទាត់​វិសាខា ជា​ថ្លៃ​ហូបចុក ស្នាក់នៅ និង​បណ្តុះបណ្តាល​កីឡាករ​៥​នាក់​»​។ នេះ​ជា​ខ្លឹមសារ​ក្នុង​សេចក្តីសម្រេច​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ដែល​បានចាត់ទុក​ចំណាត់ការ​របស់​សហព័ន្ធ ស្របតាម​ជំហរ​របស់ខ្លួន ដែល​បានទាមទារ​កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ កន្លងទៅ​។ 
 
​ទន្ទឹមនឹងនេះ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន គាំទ្រ​ចំពោះ​ជំហរ​របស់​សហព័ន្ធ ដែល​គ្រោង​ដាក់​ឆ្លង​ពង្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ការផ្ទេរ​កីឡាករ ដែលជា​ភាព​ចន្លោះប្រហោង​របស់ខ្លួន ក្នុង​មហាសន្និបាត​របស់​សហ​ព័ន្ធ​នៅ​ដើមឆ្នាំ​២០១៩​។ ព្រោះ​ក្លិប​នេះ​យល់ថា ច្បាប់​នេះ​នឹង​ជួយ​ការពារ​កុំ​ឲ្យ​មានរឿង​វិវាទ​ដូច​ពួកគេ​បាន​ជួប​នៅពេលនេះ​។​
 
​ក្នុង​សេចក្តីសម្រេច​ខាងលើ​បាន​បន្ថែមថា​៖«​យន្តការ​គតិយុត្តិ​នេះ នឹង​ធានា​នូវ​ដំណើរ​អភិវឌ្ឍន៍​នៃ​វិស័យ​បាល់ទាត់​កម្ពុជា ពិសេស​លើកទឹកចិត្ត​ដល់​បណ្តា​ក្លិប​បាល់ទាត់​នានា​ឲ្យ​ចូលរួម​យ៉ាង​ផុសផុល​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​កីឡាករ​ជំនាន់​ក្រោយ​ឱ្យបាន​កាន់តែច្រើន​ថែមទៀត ព្រមទាំង​ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ណាមួយ​ជាយថាហេតុ​នាពេល​អនាគត​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​កីឡាករ​ក្នុងស្រុក​ដែល​អាច​នឹងត្រូវ​ធ្វើឡើង​ដោយ​គ្មាន​តម្លាភាព ឬ​តាមរយៈ​រូបភាព​អវិជ្ជមាន​ណាមួយ​នោះ​»​។​
 
​ជាមួយគ្នានេះ ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​អរគុណ​ដល់​មហាជន អ្នកគាំទ្រ និង​អ្នកសារព័ត៌មាន​ចំពោះ​ការយកចិត្តទុកដាក់​លើ​ករណីនេះ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការគាំទ្រ​ដ៏​ខ្លាំងក្លា​ចំពោះ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​។ ជាការ​តម​ស្នង​ក្លិប​នេះ​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ទ្វេដង​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់ ពិសេស​ពង្រឹងសមត្ថភាព​ធនធាន​ថ្នាល​៕    
 

Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  វិសាខា​
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com