ជាតិ
លោក ស សុខា រិះគន់ក្រុមហ៊ុនចាក់បេតុងមួយ ដែលធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ
× ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា រិះគន់ក្រុមហ៊ុនចាក់បេតុងមួយ ដែលធ្វើឲ្យប៉ះពាល់សោភណ្ឌភាពផ្លូវ ដោយសារការបំពេញការងារបែបខ្ជីខ្ជានៅលើផ្លូវសាធារណៈ។
លោក ស សុខា បានសរសេរលើហ្វេសប៊ុក រៀបរាប់សកម្មភាពក្រុមការងាររបស់ក្រុមហ៊ុនចាក់បេតុងមួយ ដែលបំពេញភារកិច្ចបែបខ្ជះខ្ជាយ ធ្វើឲ្យកាកស៊ីម៉ងត៍ធ្លាក់រប៉ាត់រប៉ាយលើដងផ្លូវ នៅកន្លែងការដ្ឋានសំណង់មួយ នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោក ស សុខា ចាត់ទុកសកម្មភាពការងារបែបខ្ជីខ្ជារបស់ក្រុមហ៊ុនចាក់បេតុងបែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ កាន់តែធ្ងន់ធ្ងរ បើសិនជាអាជ្ញាធរមិនយកចិត្តទុកដាក់លើបញ្ហា។
អមជាមួយរូបថត៤សន្លឹក ដែលបង្ហោះពីសកម្មភាពការងាររបស់ក្រុមហ៊ុនចាក់បេតុងខាងលើ រដ្ឋលេខាធិការក្រសួងអប់រំរូបនេះ បានសរសេរដូច្នេះថា៖«អ្វីដែលខ្ញុំ និងភរិយា ចាប់អារម្មណ៍ត្រង់ថា ទឹក និងកាកស៊ីម៉ងត៍ធ្លាក់រប៉ាត់រប៉ាយលើផ្លូវដ៏ស្រស់ស្អាត ដោយមិនមានការសម្អាត។តាមមើលទៅរថយន្តបាញ់បេតុងនេះជារបស់ក្រុមហ៊ុនបរទេស។ នៅប្រទេសខ្លួនមានច្បាប់គ្រប់គ្រងបញ្ហានេះ ចេះគោរពច្បាប់ និងអនុវត្ត។ នៅកម្ពុជាក៏មានច្បាប់ទម្លាប់បែបនេះដែរ ចុះហេតុអ្វីមិនព្រមគោរពច្បាប់ផងទៅ? រឿងយកចិញ្ចើមផ្លូវ ទ្រូងផ្លូវ ចតឡានបាញ់បេតុង ប៉ះពាល់ចរាចរណ៍ សណ្ដាប់ធ្នាប់ សុវត្ថិភាពអ្នកធ្វើដំណើរជារឿងមួយទៅហើយ ខ្ញុំមិននិយាយទេ ព្រោះថា ធ្វើដូចម្ដេចការអភិវឌ្ឍន៍ តែងតែបែបនេះ តែសំខាន់គប្បីទទួលខុសត្រូវទាំងការធ្លាក់ស៊ីម៉ងត៍ពាសពេញផ្លូវ និងសម្អាតផ្លូវឡើងវិញផងក្រោយធ្វើរួច»។
បន្ទាប់ពីរិះគន់លើបញ្ហានេះហើយ លោក ស សុខា ក៏អំពាវនាវឲ្យអាជ្ញាធរដែនដីទាំងអស់ ចុះពិនិត្យរាល់ការដ្ឋានតាមចិញ្ចើមផ្លូវជាប្រចាំ ដោយយកចិត្តទុកដាក់ ក្នុងទិសដៅបញ្ចៀសការស្ទះចរាចរណ៍ រួមទាងការពារសណ្ដាប់ធ្នាប់ សុវត្ថិភាព សោភ័ណ្ឌភាព និងគុណភាពផ្លូវ ដែលបានចំណាយថវិការាប់លានដុល្លារសាងសង់នោះផង។
Tag:
ស សុខា
សំណង់
ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com