ជាតិ
​​​ន​យោ​បាយ​ជាតិ​
ច្បាប់​បង្កើន​អាសនៈ​ក្រុមប្រឹក្សា ត្រូវបាន​រដ្ឋសភា អនុម័ត​
03, Jan 2019 , 2:12 pm        
រូបភាព
រូបពីរដ្ឋសភា
រូបពីរដ្ឋសភា
ដោយ: ថ្មីៗ
​ក្នុង​កិច្ចប្រជុំពេញអង្គ​នា​ព្រឹក​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩​នេះ រដ្ឋសភា បានអនុម័ត​សេចក្តីស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​បន្ថែម​អាសនៈ​សម្រាប់​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ហៅ​ជាទូទៅ​ថា ក្រុមប្រឹក្សា​។


 
​ក្រោយ​បញ្ចប់​កិច្ចប្រជុំ លោក ឡេង ប៉េងឡុង អ្ន​ន​នាំពាក្យ​រដ្ឋសភា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ យ៉ាង​ដូច្នេះ​ថា​៖«[​ការបង្កើន​អាសនៈ​នេះ​] ដើម្បី​ជំរុញ​ការអនុវត្ត​វិមជ្ឈការ គឺ​ការផ្ទេរអំណាច​ទៅ​ថ្នាក់ក្រោម​ជាតិ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ គោលបំណង គឺ​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​»​។ 
 
​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រដ្ឋសភា​រូបនេះ ពុំ​អាច​បញ្ជាក់​បានឡើយ​ថា អាសនៈ​ថ្មី នឹងត្រូវ​បន្ថែម​ប៉ុន្មាន​នៅ​ក្រុមប្រឹក្សា​។ 
 
​ការកំណត់​អាសនៈ​នេះ គឺជា​ដែន​សមត្ថកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​។ អាសនៈ​ក្រុមប្រឹក្សា​អាណត្តិ​ទី​២ មាន​៤៣០​។ 
 
​រដ្ឋសភា បាន​ប្រជុំ​និង​ឈានដល់​ការអនុម័ត​ការកែប្រែ​ច្បាប់​ខាងលើ គឺ​បន្ទាប់ពី​ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល ដែលថា អាសនៈ​របស់​ក្រុមប្រឹក្សា នឹងត្រូវ​បន្ថែម សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី​៣ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​។ សំណើសុំ​ធ្វើ​វិសោធន​កម្មនេះ នឹងត្រូវ​បញ្ជូនទៅ​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ​បន្ត​។ 
 
​គេ សង្កេតឃើញថា អាសនៈ​គ្រប់​លំដាប់ថ្នាក់ ត្រូវបាន​បន្ថែមចំនួន​ជា​ហូរហែ​។ អាសនៈ​ព្រឹទ្ធសភា ដែលមាន​៦១ ក្នុង​នីតិកាល​ទី​៣ បាន​កើន​ដល់​៦២ ក្នុង​នីតិកាល​ទី​៤​។ 
 
​ចំណែក អាសនៈ​រដ្ឋសភា ដែលមាន​១២៣ ក្នុង​នីតិកាល​ទី​៥ ត្រូវ​បន្ថែម​ដល់​១២៥ ក្នុង នីតិកាល​ទី​៦​។ រីឯ អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្នុង​អាណត្តិ​ទី​៣ មាន​១១,៤៥៩ ហើយ​ក្នុង​អាណត្តិ​ទី​៤ មាន​១១,៥៧២ ដោយ​កើនឡើង​១១៣​បន្ថែមទៀត​៕

Tag:
 ​រដ្ឋសភា​
  ឡេង ប៉េងឡុង​
  ក្រុមប្រឹក្សា​
© រក្សាសិទ្ធិដោយ thmeythmey.com