ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ៖ កម្ពុជាអាចប្រឈមហានិភ័យពីវិស័យសំណង់-អចលនទ្រព្យ
× ភ្នំពេញ៖ ក្នុងចំណោមហានិភ័យ និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាអាចជួបប្រទះ ក្នុងនោះមានបញ្ហាដែលកើតចេញពីវិស័យសំណង់ និងអចលនទ្រព្យផងដែរ។ តែការលើកឡើងរបស់ធនាគារជាតិនៃកម្ពុជា (NBC) ដូចនេះ មិនមែនជាអ្វីថ្មីថ្មោងនោះទេ ពោលគឺធនាគារពិភពលោក (World Bank) បានរម្លឹកជាច្រើនសារមកហើយចំពោះហានិភ័យមួយនេះ។
កំណើនវិស័យសំណង់រួមចំណែកប្រមាណ ១ភាគ៥ ឬ ១/៥ ក្នុងកំណើនសេដ្ឋកិច្ច ដែលបង្ហាញពីការពឹងផ្អែកកាន់តែខ្លាំងនៃកំណើនសេដ្ឋកិច្ចលើវិស័យនេះ។ តែកំណើនក្នុងវិស័យនេះ ជាធម្មតា គឺមានវដ្ដនៃការឡើង ហើយចុះមកវិញ។
របាយការណ៍របស់ NBC ដែលចេញផ្សាយក្នុងពេលថ្មីៗនេះបានបញ្ជាក់ដូច្នេះថា៖«ជាទូទៅវិស័យសំណង់មានវដ្ដនៃការអភិវឌ្ឍ ដែលធ្វើឲ្យវិស័យនេះអាចកើនឡើង និងថយមកវិញ នៅពេលដែលគម្រោងសំណង់ធំៗត្រូវបញ្ចប់»។
ការបញ្ចេញឥណទានទៅកាន់វិស័យសំណង់ និងអចលនទ្រព្យ បន្តមានកំណើនខ្ពស់នៅឡើយ ក្នុងអត្រា ៣១ភាគរយ។ NBC បានសង្កត់ធ្ងន់ដូច្នេះថា៖«ការឡើងលឿននៃវិស័យសំណង់ និងអចលនទ្រព្យ អាចធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើងហួសពីតម្រូវការជាក់ស្ដែង និងអាចជាហានិភ័យសម្រាប់វិស័យធនាគារ និងជំនឿទុកចិត្តវិនិយោគិនផងដែរ»។
អ្វីដែលបង្ហាញដោយរបាយការណ៍ធនាគារជាតិ មិនខុសគ្នាពីអ្វីដែលគូសបញ្ជាក់ដោយ World Bank កាលពីចុងឆ្នាំ២០១៨ នោះទេ។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ ប្រាប់ឲ្យកម្ពុជាបង្កើនការប្រុងប្រយ័ត្នចំពោះលំហូរលុយចេញពីធនាគារ ដែលពូនផ្ដុំក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដែលមិនមែនជាវិស័យផលិតកម្ម និងឲ្យប្រយ័ត្នពីការអាចធ្លាក់ចុះមកវិញនៃវិស័យនេះ។
ការពូនផ្ដុំលុយក្នុងវិស័យសំណង់ និងអចលនទ្រព្យ បង្ហាញថាសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យនេះ។ តែការយកលុយទៅជះក្នុងវិស័យនេះ គឺមានលាយឡំនឹងសកម្មភាពប្រថុយប្រថានច្រើន ដែលការទិញលក់ ការផ្គត់ផ្គង់ទាំងនោះ មិនផ្អែកលើតម្រូវការជាក់ស្ដែង។ ហើយការលក់មិនចេញ ឬជាប់គាំងកម្រិតណាមួយ នឹងបង្កជាហានិភ័យដល់វិស័យធនាគារ។
បើតាមទិន្នន័យសំណង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបានផ្ដល់សិទ្ធិអនុញ្ញាតសាងសង់ចំនួន ២៨៦៧ គម្រោង ដែលប៉ាន់ស្មានទុនវិនិយោគ ៥,២ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ថយចុះ ១៨ភាគរយ បើធៀបនឹងប្រាក់វិនិយោគ ៦,៤ពាន់លានដុល្លារលើគម្រោង ៣០៥២ កាលពីឆ្នាំ២០១៧ ៕
Tag:
សំណង់
អចលនទ្រព្យ
ធនាគារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com