ការប្រកួតបើកឆាកពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ទី ៥ ខែមករានេះ ក្នុងទីក្រុងអាប៊ុយដាប៊ី ដោយម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួមត្រូវស្វាគមន៍បារ៉ែននៅវេលាម៉ោង១១យប់ [ម៉ោងនៅកម្ពុជា]។ នេះមានន័យថា យើងបានដឹងពីក្រុមណាត្រូវជួបគ្នានៅប្រកួតបើកឆាក ប៉ុន្តែសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រដែលត្រូវធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមិនទាន់មាននរណាអាចទាយដឹងថាជាក្រុមណានោះទេ។
បើទោះបីនៅមិនទាន់អាចដឹងពីក្រុមដែលត្រូវជួមគ្នាក្នុងវគ្គផ្តាច់នៃព្រ័ត្រព្រឹត្តិការណ៍នេះក្តី ប៉ុន្តែយើងក៏អាចប៉ាន់ស្មានក្រុមចំនួន៤ដែលមានភាពលេចធ្លោជាងគេក្នុងចំណោមក្រុមទាំង២៤ ដែលមានភាគរយខ្ពស់ដើម្បីប្រជែងពាននៅតំបន់អាស៊ី លើកទី១៧នេះ។
៤ក្រុមដែលទទួលបានការចាប់អារម្មណ៍ជាងគេរួមមាន ម្ចាស់ការពារតំណែងជើងឯកអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងអ៊ីរ៉ង់ ហើយពួកគេសុទ្ធតែមានវត្តមានក្នុងការប្រកូត World Cup នៅរុស្ស៊ីដូចគ្នា។ ទាំង៤ក្រុមនេះទៀត ក៏ត្រូវបានគេជឿជាក់ថា ស្ទើរតែ១០០ភាគរយទៅហើយ ដែលអាចឆ្លងផុតទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។
ក្រុមជម្រើសជាតិអូស្ត្រាលីដែលមានគ្រូបង្វឹកលោក Graham Arnold មានចំណាត់ថ្នាក់ FIFA World Ranking ទី៤១ពិភពលោក និងចំណាត់ថ្នាក់ទី២នៅតំបន់អាស៊ី Ranking in Asia ហើយក៏ជាម្ចាស់ពាន Asian Cup ៣សម័យផងដែរ។ ក្រុមរហស្សនាម Socceroos មានកីឡាករឆ្នើមរបស់គេគឺ Martin Boyle ដែលជាខ្សែបម្រើដ៏ល្អរបស់ក្លិប Hibernian នៃលីគកំពូលស្កុតឡែន។
ក្រុមជម្រើសជាតិជប៉ុនឯណោះវិញ ពួកគេជាក្រុមដ៏រឹងមាំមួយនៅតំបន់អាស៊ីដែលអាចឆ្លងផុតទៅកាន់វគ្គ១៦ក្រុមចុងក្រោយ World Cup នៅរុស្ស៊ីទៀតផង។
បច្ចុប្បន្នក្រុមរហស្សនាមសាម៉ូរ៉ៃមានចំណាត់ថ្នាក់ទី៥០ពិភពលោក FIFA World Ranking, ចំណាត់ថ្នាក់ទី៣នៅតំបន់អាស៊ី Ranking in Asia និងជាក្រុមដែលគ្រងជើងឯក Asian Cup លើសគេរហូត៤ដង។ ពួកគេមានកីឡាករជាច្រើនដែលកំពុងប្រកបអាជីពនៅលីគកំពូលៗនៅអឺរ៉ុប។
ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដែលបង្ហាញភាពខ្លាំងដោយយកឈ្នះក្រុមយក្សអាល្លឺម៉ងដល់ទៅ ២-០ នៅ World Cup កន្លងទៅ ឥឡូវនេះពួកគេមានកីឡាករដ៏គ្រោះថ្នាក់បំផុតដែលអាចបង្កព្យុះភ្លៀងនៅ Asian Cup នេះ។ Son Heung-min ជាខ្សែបម្រើលេចធ្លោខ្លាំងនៅលីគកំពូលអង់គ្លេស នាពេលបច្ចុប្បន្ននេះ តាមរយៈការស៊ុតបញ្ចូលជាច្រើនគ្រាប់ដើម្បីជួយ Tottenham Hotspur បន្តឱកាសដណ្តើមពាន Premier League រដូវកាលនេះ។
កូរ៉េខាងត្បូង មានចំណាត់ថ្នាក់ទី៥៣ពិភពលោក FIFA World Ranking, ចំណាត់ថ្នាក់ទី៣នៅតំបន់អាស៊ី Ranking in Asia និងឈ្នះជើងឯក Asian Cup ២លើក។ អ្វីដែលជាការកត់សម្គាល់នោះ ពួកគេជាក្រុមរងជើងឯកពានតំបន់អាស៊ីនេះច្រើនជាងគេរហូតដល់៤លើក។
ដោយឡែកក្រុមជម្រើសជាតិអ៊ីរ៉ង់ដែលមានចំណាត់ថ្នាក់ល្អជាងគេនៅតំបន់អាស៊ី (លំដាប់ថ្នាក់ទី១ Ranking in Asia) ក៏ជាក្រុមរឹងមាំផងដែរក្នុងចំណោមក្រុមខ្លាំងៗនៅអាស៊ីបច្ចុប្បន្ន។ ពួកគេក៏មានកីឡាករមុតស្រួចផងដែរគឺខ្សែប្រយុទ្ធ Sardar Azmoun ដែលកំពុងប្រកបអាជីពក្នុងក្លិបក្នុងលីគកំពូលរុស្ស៊ី Rubin Kazan។
អ៊ីរ៉ង់ជាម្ចាស់ពាន Asian Cup ៣លើក និងបានចំណាត់ថ្នាក់ទី៣ដល់ទៅ៤ដង។ បច្ចុប្បន្នពួកគេមានចំណាត់ថ្នាក់ទី២៩ពិភពលោកក្នុងតារាង FIFA World Ranking៕