ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានដាក់ទម្រង់សិល្បៈចាប៉ីដងវែង ជាឧបករណ៍ភ្លេង ដើម្បីឱ្យសិស្សនិស្សិតជ្រើសរើស និងសិក្សាស្វែងយល់ ក្រៅពីជំនាញរបស់ខ្លួន។ និស្សិតដែលរៀនទម្រង់ចាប៉ីដងវែងជាឧបករណ៍ភ្លេងជ្រើសរើស ខ្លះមានបំណងរៀនយកជាអាជីព ហើយខ្លះទៀតរៀនដើម្បីថែរក្សាទម្រង់សិល្បៈបុរាណ និងដើម្បីបង្រៀនសាច់ញាតិរបស់ខ្លួន។ គ្រូបង្រៀនចាប៉ីដងវែង ថ្នាក់បំពេញបន្ថែម លោក ពេជ សារ៉ាត ថានិស្សិតរៀនថ្នាក់បរិញ្ញាបត្រចាប៉ីដងវែង ស្ទើរតែមិនមានទាល់តែសោះ។ លោកថា ការដាក់ទម្រង់ចាប៉ីក្នុងឧបករណ៍ជ្រើសរើស គឺជាវិធីបញ្ជ្រាបទៅដល់សិស្សនិស្សិត។
ដើម្បីបានជ្រាបច្បាស់សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
តាំងពីសម័យដើម ចាស់បុរាណបានយកទម្រង់ចាប៉ីជាមធ្យោបាយអប់រំជនានុជនទូទៅ តាមរយៈកំណាព្យកាព្យចួន ដែលបង្កប់ទៅដោយពាក្យពេចន៍អប់រំដ៏មានខ្លឹមសារ លម្អសិល្បៈភ្លេងចម្រៀងចាប៉ីពីរោះត្រចៀក។ មនុស្សស្ទើរតែគ្រប់ស្រទាប់ ពេញនិយមស្ដាប់ចម្រៀងចាប៉ីណាស់។
ក្នុងសម័យបច្ចុប្បន្ន មានឯកសារចម្រៀងចាប៉ីដងវែងជាសំឡេង និងជាវីដេអូផង ដែលច្រៀងពីកំណាព្យ “ច្បាប់ប្រុសច្បាប់ស្រី” “សុភាសិតបុរាណ” “ច្បាប់ល្បើកថ្មី” “បណ្ដាំក្រុមង៉ុយ” “រឿងរាមកេរ្តិ៍” “រឿងពុទ្ធប្រវត្តិ" រឿងបុរាណខ្មែរនានា ព្រមទាំងច្រៀងពីការអប់រំជាច្រើនទៀត ដើម្បីបានជាគតិសម្រាប់ជនប្រុសស្រី។
បើគេក្រឡេកទៅមើលមនុស្សទូទៅ ព្រមទាំងយុវជនក្ដី មានតិចណាស់ដែលបានចូលខ្លួនទ្រទ្រង់សិល្បៈបុរាណមួយទម្រង់នេះ ដោយសារហេតុផលប្រហែលគ្នា។ តែទោះជាយ៉ាងណាក្ដី ក៏នៅមានយុវជនមួយចំនួនមានឆន្ទៈ លើកស្ទួយសិល្បៈចាប៉ីដងវែងតាមលទ្ធភាពរបស់ខ្លួនដែរ។
កញ្ញា នេម រដ្ឋគន្ធា ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកចម្រៀងបុរាណ។ អង្គុយកាន់ចាប៉ីក្នុងដៃនារីវ័យ២៣ឆ្នាំ សម្បុរសរូបនេះថាខ្លួនយកចាប៉ីជាឧបករណ៍ភ្លេងជ្រើសរើស ក៏ព្រោះតែនាងស្រឡាញ់ និងចង់ថែរក្សាទម្រង់សិល្បៈបុរាណផង។ កញ្ញា រដ្ឋគន្ធា បញ្ជាក់ ៖« ដោយសារចាប៉ីបានចុះជាបេតិកភណ្ឌពិភពលោក ចឹងយើងជាកូនខ្មែរ យើងត្រូវតែរួមគ្នាថែរក្សា។ បើមិនចុះយើងនៅតែត្រូវជួយថែ ដើម្បីកុំឱ្យបាត់បង់»។
ក្នុងមួយសប្ដាហ៍ គន្ធា បានជួបគ្រូរៀនចាប៉ីតែមួយម៉ោងតែប៉ុណ្ណោះ ដែលជាហេតុនាំឱ្យនាងពិបាកចាំសាច់បទដែលគ្រូបង្ហាត់។ ម៉ោងជួបគ្រូតិច រៀនត្រូវប្រើដៃទាំងពីរចលនាផ្សេងគ្នា និងមានឧបសគ្គមួយចំនួនទៀត ដែលធ្វើឱ្យ គន្ធា យល់ថាពិបាករៀន តែទោះជាយ៉ាងណានាងរៀនចាប៉ីដើម្បីយកជាជំនាញទៅថ្ងៃអនាគត។ នារីមាឌស្ដើងរូបនេះ លើកទឹកចិត្តយុវជនឱ្យខិតខំថែរក្សាសិល្បៈវប្បធម៌បុរាណយ៉ាងដូច្នេះថា ៖« ខ្ញុំមួយអាទិត្យរៀនបានតែមួយម៉ោងទេ ហើយមួយអាទិត្យទើបបានជួបគាត់បានម្ដងទៀត ពេលខ្លះចង់ភ្លេច អត់បានមានពេលរៀនច្រើន តែបើឧទាហរណ៍ថាបានរៀនជាមួយគាត់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ឬពេញមួយអាទិត្យខ្ញុំគិតថាលឿនចេះ។ រៀនពិបាករត់ដៃឱ្យលឿន។ ខ្ញុំចង់លើកទឹកចិត្តគាត់ឱ្យរៀនចាប៉ី កុំឱ្យបាត់បង់ ធ្វើម៉េចយើងត្រូវរៀនមរតកដែលដូនតាបន្សល់ទុកឱ្យ»។
ចំណែកលោក គង់ វុទ្ធ ក៏ជានិស្សិតនៅក្នុងសាលាវិចិត្រសិល្បៈដែរ។ វុទ្ធ រៀនអាយ៉ៃជាជំនាញទៅថ្ងៃអនាគត ហើយគេបានចាប់យកចាប៉ីជាឧបករណ៍ជ្រើសរើស ដោយរៀនទាំងកេះនិងច្រៀង។ ដោយសារតែមើលឃើញថា ចាប៉ីដងវែង និងអាយ៉ៃ មានទម្រង់ប្រហាក់ប្រហែលគ្នា ផ្នែកច្រៀងនិងកំណាព្យកាព្យចួន លោកគិតថាទម្រង់ទាំងពីរនេះអាចជួយយឹតយោងគ្នាបាន។
វុទ្ធ មិនរៀនចាប៉ីដងវែងជាជំនាញ ឬរំពឹងថាអាចរកចំណូលបានពីរទម្រង់មួយនេះទេ តែបំណងរបស់បុរសរូបនេះ គ្រាន់តែចង់រៀនឱ្យចេះ ដើម្បីបង្ហាត់បង្រៀនសាច់ញាតិ ឬអ្នកដែលចង់ចេះពីខ្លួនប៉ុណ្ណោះ។ «បើយើងមិនយកអាជីព គឺការផ្សព្វផ្សាយហ្នឹងបានតិចមែន មិនបានធំទេ ក៏ប៉ុន្ដែយើងផ្សព្វផ្សាយនៅតាមផ្ទះយើង បង្រៀនកូនក្មួយអីបន្តៗអីចឹង ឬក៏មានបងប្អូនណាចង់រៀនឱ្យគេទៅរៀនទៅ ពីព្រោះខ្ញុំអត់ចេះលាក់ទេ»។
និស្សិតរៀនឆ្នាំទី៣ រូបនេះរៀនចាប៉ីបាន២ឆ្នាំកន្លងមកហើយ តែដោយរៀនចេះតែខាន លោកទើបតែចេះបានប្រមាណ២បទតែប៉ុណ្ណោះ។ ផលវិបាកក្នុងការរៀបចាប៉ីរបស់បុរសមកពីខេត្តកំពង់ស្ពឺរូបនេះ ក៏មិនខុសពីសិស្សចាប៉ីដទៃទៀតដែរ។ លោកបានរៀបរាប់យ៉ាងដូច្នេះ៖«ច្រៀងចាប៉ី យើងឡើងភ្លាមយើងច្រៀងភ្លាម យើងឃើញអ្វីយើងច្រៀងហ្នឹង អីចឹងទាល់តែខួរក្បាលយើងដើរមួយជំហានមុន ក៏ប៉ុន្ដែយើងវានៅក្មេងខ្ចី ស្ទើរបទពិសោធន៍។ យើងអត់មានឧបករណ៍ទៅសិក្សានៅផ្ទះ គឺពិបាកខ្លាំងមែនទែន។ ទម្រាំបានវិលជុំជួបគ្រូបានមករៀនវិញ ដូចយើងមករៀនរបស់ចាស់វិញអីចឹង»។
ចំណែកឯលោក ពេជ សារ៉ាត គឺជាគ្រូបង្រៀនចាប៉ីក្នុងម៉ោងបំពេញបន្ថែមនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានពន្យល់ពីការរៀនឧបករណ៍ជ្រើសរើសយ៉ាងដូច្នេះថា៖«គាត់មានជំនាញព្យាណូ ប៉ុន្ដែត្រូវចេះអំពីឧបករណ៍ខ្មែរខ្លះៗ គឺយល់អំពីឧបករណ៍ខ្មែរយើងដូចជា ខ្លុយ ទ្រខ្មែរខ្សែបី ខ្សែមួយ ឬក៏ចាប៉ីដងវែងអីហ្នឹង។ ចឹងថ្នាក់ដឹកនាំគាត់យល់ឃើញថា ក្រៅពីគាត់ចេះព្យាណូ គាត់អាចយល់ពីសំនៀងរបស់ខ្មែរយើង និងជាអ្វីដែលជាមរតករបស់ខ្មែរ»។
លោក សារ៉ាតថា នៅក្នុងសាលាវិចិត្រសិល្បៈ មានថ្នាក់បរិញ្ញាបត្រចាប៉ីដែរ ក៏ប៉ុន្តែស្ទើរតែគ្មានសិស្សចាប់អារម្មណ៍រៀនសោះ។ ដោយកត្តានេះហើយ ទើបបានជាសាលាដាក់ទម្រង់ចាប៉ីទៅក្នុងឧបករណ៍ជ្រើសរើស ឬហៅថាឧបករណ៍បំពេញបន្ថែម។ លោក សារ៉ាត បន្ថែម ៖« សាលាមធ្យមមានបង្រៀនថ្នាក់អាយ៉ៃ និងថ្នាក់ចាប៉ីដងវែង។ រៀននៅសាលាមធ្យមហ្នឹង គឺរៀនពីមូលដ្ឋានគ្រឹះ រៀនពីបាតអីទាំងអស់ ដល់ឡើងមកដល់សកលវិទ្យាល័យ គឺបំពេញនូវចំណេះ គាត់យល់ដឹងពីចរិតនៃឧបករណ៍ភ្លេង អំពីបច្ចេកទេស អំពីការប្រគំ អំពីការសម្ដែង អំពីការបង្ហាញ គឺកម្រិតនៃការចូលរៀនចាប៉ីដងវែងហ្នឹងមិនមានតែម្ដង»។
គ្រូឯកទេសចាប៉ីរូបនេះ បានពន្យល់ពីការរៀនចាប៉ីក្នុងម៉ោងបំពេញបន្ថែម និងថ្នាក់បរិញ្ញាបត្រយ៉ាងដូច្នេះ៖«សាលាជ្រើសរើសរាល់ឆ្នាំ តែអត់មានបងប្អូនយើងចូលរួមទៅដាក់អីចឹងពេលឡើងមកដល់សកលវិទ្យាល័យរឹតតែអត់ទៀតហើយ ព្រោះលំហូរពីសាលាមធ្យមចូលសកលវិទ្យាល័យ។ ចឹងថ្នាក់ដឹកនាំយល់ឃើញថា ត្រូវតែឱ្យមានម៉ោងបំពេញបន្ថែម ដើម្បីឱ្យសិស្សគាត់ស្វែងយល់ស្រាវជ្រាវ»។
បច្ចុប្បន្នសិស្សរៀនចាប៉ីក្នុងម៉ោងបំពេញបន្ថែមមានចំនួន១០នាក់។ ការជ្រើសរើសឧបករណ៍ ដើម្បីរៀនបំពេញបន្ថែម មានពីរផ្នែកទីមួយសិស្សរៀនផ្នែកតន្ត្រី អាចជ្រើសរើសឧបករណ៍ដែលខ្លួនពេញចិត្តយកមកបំពេញបន្ថែម។ ចំណែកសិស្សមួយផ្នែកទៀត គឺតម្រូវឱ្យរៀនតែម្ដង។ លោកបានពន្យល់បន្ថែមថា ៖« មានអ្នកខ្លះគាត់សុំរៀនចាប៉ី សិស្សខ្លះយើងតម្រូវឱ្យ។ ថ្នាក់ដឹកនាំគាត់ត្រូវបង្ហាញផ្លូវហើយថា អូនឯងអាចមករៀនចាប៉ីបំពេញបន្ថែម»។
ការបង្រៀនចាប៉ីបំពេញបន្ថែមនៅថ្ងៃចន្ទ និងថ្ងៃអង្គារ៍ ពីម៉ោង៧ព្រឹក ដល់ម៉ោង១១ព្រឹក ដែលមិនទាមទារឱ្យសិស្សចេះច្បាស់លាស់ខ្លាំង លើជំនាញនេះឡើយ។ លោក ពេជ សារ៉ាត បានរម្លឹកថា បើគេក្រឡេកទៅមើស៥ឆ្នាំមុន ទម្រង់ចាប៉ី ហាក់នៅមានអ្នកស្គាល់ និងអ្នករៀនតិចនៅឡើយ បើប្រៀបធៀបនឹងពេលបច្ចុប្បន្ន។ តែទោះជាយ៉ាងណា ចំនួននេះ ក៏នៅតែមិនទាន់អាចធានាបានថា អាចឱ្យទម្រង់ចាប៉ីនៅឋិតថេរបានដែរ។ លោកថា បើចង់ឱ្យមនុស្សយល់តម្លៃទម្រង់សិល្បៈចាប៉ីដងវែងកាន់ច្បាស់ គេត្រូវការពេលយូរឆ្នាំទៅមុខទៀត ៖«បើខ្ញុំត្រឡប់ទៅក្រោយវិញ ៥ឆ្នាំមុន ទម្រង់ចាប៉ីមានភាគរយតិចមែនទែន គឺតែមួយភាគរយទេ ក្នុងប្រជាជនទូទៅទាំងអស់ ប៉ុន្តែពេលចូលជាបេតិកភណ្ឌហើយ យើងក្រឡេកមើលឃើញមួយចុចទេ។ យើងគិតថាការធ្វើការរួមគ្នានៅពេលនេះ មិនទាន់ជោគជ័យនៅឡើយទេ យើងនៅខ្វះធនធាន ផ្នែកមូលនិធិគាំទ្រ។ ការធ្វើឱ្យចាប៉ីហ្នឹងឱ្យបានល្អប្រសើរ ឬរីកសុះសាយ យើងមិនអាចប្រើពេលវេលាតិចបានទេ»។
ពីសម័យដើម ដោយសារតែសង្គមមិនទាន់មានសម្ភារ និងបច្ចេកវិទ្យាទំនើប ដូចជាទូរទស្សន៍ វិទ្យុ ទូរសព្ទ ភាពយន្ត តន្ត្រីទំនើបចម្រុះជាដើម ចម្រៀងចាប៉ីដងវែង គឺជាតន្ត្រីដ៏ពេញនិយមសម្រាប់មនុស្សស្ទើរតែគ្រប់វ័យ។ គេស្ដាប់ចាប៉ី មិនមែនគ្រាន់តែជាការកម្សាន្ត ឬឱ្យតែពីរោះត្រចៀកប៉ុណ្ណោះទេ ប៉ុន្តែគេស្ដាប់ចាប៉ី ដើម្បីទទួលបានចំណេះដឹងបង្កប់គំនិតអប់រំយ៉ាងជ្រៅនោះឯង។
អ្នកចេះទម្រង់ចាប៉ីស្ទាត់ មិនមែនជាមនុស្សធម្មតានោះឡើយ ពោលជននោះ គឺច្បាស់ទាំងអក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរ ចំណេះដឹងទូទៅ ការចងចាំ ចេះកំណាព្យកាព្យចួនច្បាស់លាស់ មានបញ្ញាវាងវៃ ដែលអាចដោះស្រាយប្រស្នា ឬសំណួរបានភ្លាមៗ។ សិល្បករចាប៉ី អាចច្រៀងរៀបរាប់ពីទិដ្ឋភាពជាក់ស្ដែងកំពុងឃើញនឹងភ្នែក ឮនឹងត្រចៀក ដោយមានចុងចួនច្បាស់លាស់ ពីរោះត្រចៀក និងមានអត្ថន័យផង៕