ជាតិ
នយោបាយជាតិ
ថ្ងៃ៧មករា មេដឹកនាំខ្មែរ រម្លឹកគុណសម្បត្តិវៀតណាម
× សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានកាន់សុន្ទរកថាកម្រាស់ជាង១០ទំព័រ ឡើងទៅអាននៅចំពោះមុខអ្នកចូលរួម ក្នុងទិវាអបអរសាទរថ្ងៃ៧មករាលើកទី៤០ នៅពហុកីឡដ្ឋានអូឡាំពិក នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ។
ក្នុងសុន្ទរកថាដ៏វែងនោះ ក៏មានរៀបរាប់ពីគុណសម្បត្តិរបស់ភាគីវៀតណាមផងដែរ។ នាយករដ្ឋមន្ត្រី បានប្រាប់មហាជនថា ជ័យជម្នះ៧មករា ១៩៧៩ សម្រេចបានដោយឈរលើមូលដ្ឋាននៃការគួបផ្សំយ៉ាងស្អិតល្មួតរវាងកម្លាំងពីរ គឺកម្លាំងមហាសាមគ្គីជាតិរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការជួយឧបត្ថម្ភយ៉ាងធំធេង ទាន់ពេលវេលា និងមានប្រសិទ្ធភាព ពីសំណាក់កងទ័ពស្ម័គ្រចិត្តរបស់វៀតណាម។
ប្រមុខរដ្ឋាភិបាល បានថ្លែងយ៉ាងដូច្នេះថា៖«ឈរលើមូលដ្ឋាននេះ ក្នុងនាមប្រជាជនកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណជាអនេកប្បការ ជូនចំពោះបក្សកុម្មុយនីស្តវៀតណាម ក៏ដូចជាជូនចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការតស៊ូរំដោះប្រទេស និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងបានបន្តជួយទប់ស្កាត់មិនឲ្យរបបនេះ វិលត្រឡប់មកវិញបាន។ គុណូបការៈដ៏ថ្លៃថ្លានេះ ត្រូវបានចារទុកជានិច្ចនៅក្នុងប្រវត្តិសាស្ត្រជាតិកម្ពុជា»។
ក្រៅពីនេះ មេដឹកនាំកម្ពុជា បានបរិយាយជាច្រើនពីដំណើរនៃការផ្តួលរំលំរបបខ្មែរក្រហម និងការចាប់ផ្តើមកសាងប្រទេសឡើងវិញ ពីបាតដៃទទេ។ ប្រធានគណបក្សកាន់អំណាច បានលើកឡើងជាថ្មីថា៖«ប្រជាជនកម្ពុជា បានប្រសិទ្ធនាមថា ថ្ងៃទី៧មករា គឺជាថ្ងៃកំណើតទីពីរ។ បើគ្មានជ័យជម្នះ៧មករា ក៏យើងគ្មានអ្វីៗ នៅថ្ងៃនេះដែរ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណាឬកម្លាំងណា អាចមកបំភ្លៃឬបំផ្លាញបានឡើយ»។
ទោះជាថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋាភិបាល រួមផ្សំនឹងមន្ត្រីគណបក្សកាន់អំណាច តែងបកស្រាយប្រវត្តិសាស្ត្រ ដើម្បីបញ្ជាក់ថា វៀតណាម ពិតជាមានគុណបំណាច់ក្នុងការជួយរំដោះប្រទេសកម្ពុជាចេញពីរបបខ្មែរក្រហមយ៉ាងណាក៏ដោយ ក៏មជ្ឈដ្ឋានមួយចំនួន ជាពិសេសក្រុមអ្នកប្រឆាំង នៅតែមិនអាចទទួលយកបាន។ ពួកគេ នៅតែប្រកែកថា ថ្ងៃ៧មករា ១៩៧៩ មិនមែនថ្ងៃដែលវៀតណាម ចូលមកជួយកម្ពុជានោះទេ តែជាថ្ងៃ ដែលវៀតណាម ចូលមកឈ្លានពាន។
ចំណែកសំណាក់អ្នកសិក្សាស្រាវជ្រាវ និងអ្នកប្រវត្តិសាស្ត្រ ព្រមទាំងអ្នកតាមដានបញ្ហាសង្គមឯណោះវិញ ប្រឹងអំពាវនាវជារឿយៗ កុំឲ្យអ្នកនយោបាយទាំងពីរបក្ស បន្តឈ្លោះគ្នានិងវាយប្រហារគ្នា ពីរឿង៧មករានេះ។ ក្រុមនេះ ចង់ឲ្យអ្នកនយោបាយ ស្វែងរកចំណុចរួមណាមួយដែលមានការទទួលប្រវត្តិសាស្ត្រអំពីថ្ងៃ៧មករានេះទាំងអស់៕
© រក្សាសិទ្ធិដោយ thmeythmey.com