អន្តរជាតិ
ប្រមុខ​ការទូត​អាមេរិក ទៅ​មជ្ឈិមបូព៌ា​ដើម្បី​រក​ផ្លូវ​ដាក់​សម្ពាធ​អ៊ីរ៉ង់​កាន់តែខ្លាំង​
09, Jan 2019 , 8:19 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​៨ ខែមករា បាន​ទៅដល់​ហ្ស៊​កដា​នី​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​វែង​នៅ​មជ្ឈិមបូព៌ា និង​តំបន់​ឈូង​សមុទ្រ​ដែល​កំពុងតែ​រំជើបរំជួល​ដោយសារ​ការប្រកាស​ដក​ទ័ព​អាមេរិក​ពី​ស៊ី​រី​។ លោក ប៉ុ​ម​ប៉េ​អូ ប្រាប់​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក្នុង​តំបន់​កុំ​បារម្ភ​រឿង​ដកទ័ព​នេះ និង​បានស្នើ​ឲ្យ​ពួកគេ​ចូលរួម​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​កាន់តែខ្លាំង​ថែមទៀត និង​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ក្រុម​ជ្រុលនិយម​ផង​។

 
​ទៅដល់​ហ្ស៊​កដា​នី​នៅ​ថ្ងៃទី​៨ ខែមករា ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ឆ្លៀត​និយាយ​ការពារ​ការសម្រេចចិត្ត​ដកទ័ព​ពី​ស៊ី​រី​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ សម្ព័ន្ធមិត្ត​អាមេរិក​នៅ​មជ្ឈិមបូព៌ា ជ្រួលច្របល់​ខ្លាំង​ចំពោះ​រឿងនេះ ខណៈ​លោក ត្រាំ មិន​និយាយ​ឲ្យ​ច្បាស់​ពី​គម្រោង​នេះឡើយ ប៉ុន្តែ​សម្រាប់​លោក ប៉ុ​ម​ប៉េ​អូ អ្វីដែល​ប្រាកដប្រជា​នោះ គឺ​គោលនយោបាយ​របស់​អាមេរិក​ប្រឆាំង​ឥទ្ធិពល​អ៊ីរ៉ង់ ទោះជា​មាន​ផែនការ​ដកទ័ព​នេះ​ក៏ដោយចុះ​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​អា​ម៉ាន់ លោក ប៉ុ​ម​ប៉េ​អូ ចាត់ទុក​វត្តមាន​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម និង​បដិវត្តន៍​អ៊ីរ៉ង់ ជាការ​គំរាមកំហែង​ដ៏​ធំ​សម្រាប់​តំបន់​នេះ ហើយ​ការចូលរួម​ពី​សម្ព័ន្ធមិត្ត​អាមេរិក​ក្នុងការ​ទប់ទល់​អ៊ីរ៉ង់ គឺជា​រឿង​សំខាន់​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រីការបរទេស​អាមេរិក​រូបនេះ​អះអាងថា ការប្រឆាំង​បដិវត្តន៍​អ៊ីរ៉ង់ ជាការ​ងារ​រួម​ដែល​នៅតែមាន​ប្រសិទ្ធភាព​រហូត​មិន​អតីតកាល បច្ចុប្បន្ន ឬ​អនាគត​ឡើយ​។​
 
​ចំពោះមុខ​សម​ភាគី​ហ្ស៊​កដា​នី Ayman Safadi មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​លោក ត្រាំ រូបនេះ​បញ្ជាក់ថា នៅ​ប៉ុន្មាន​ថ្ងៃ និង​សប្ដាហ៍​ខាងមុខ​ទៀត​នេះ អាមេរិក​នឹង​បង្កើន​ទ្វេដង​នូវ​ការប្រឹងប្រែង​ផ្នែ​ការទូត និង​សេដ្ឋកិច្ច​ដើម្បី​សម្ពាធ​លើ​អ៊ីរ៉ង់ សំដៅ​សម្រេច​ឲ្យ​បាន​គោលដៅ​ដែល​ដាក់ចេញ​កាលពី​ឆ្នាំ​២០១៨ គឺ​ការដាក់ទណ្ឌកម្ម​មិន​ធ្លាប់មាន​អ៊ីរ៉ង់ ដែល​មិន​ព្រម​បោះបង់​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​ក​។ តម​ក អាមេរិក​ក៏​បិទ​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់ និង​ហាម​ប្រទេស​ផ្សេង​រកស៊ី​ជាមួយ​អ៊ីរ៉ង់​។​
 
​អំឡុង​ដំណើរ​ទស្សនកិច្ច​ពេល​វែង​នេះ លោក ប៉ុ​ម​ប៉េ​អូ នឹង​ទៅកាន់​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​ផ្សេងទៀត​ដូចជា​អេ​ហ្ស៊ី​ប បា​រ៉ែ​ន អេ​មី​រ៉ា​ត​អារ៉ាប់​រួម អូ​ម៉​ង់ ហើយ​ទំនងជា​អ៊ីរ៉ាក់​ផង​។ លោក នឹង​ប្រើ​ទស្សនកិច្ច​នេះ​ដើម្បី​ផ្ដល់​ការធានា​របស់​អាមេរិក​ទៅកាន់​ប្រទេស​អារ៉ាប់ ដែល​កំពុងតែ​ជ្រួលច្រាល​ដោយសារ​ការដក​ទ័ព​ពី​ស៊ី​រី​។ ព្រោះតែ​រឿងនេះ អាមេរិក កំពុង​មើលមុខ​គ្នា​មិន​ចំ​ជាមួយ​តួ​ក​គី ដ្បិត​អាមេរិក​ចង់​ការពារ​ជីវពល​ឃើ​ដដែល​ជួយ​ប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម តែ​តួ​ក​គី​ចង់​កម្ទេច​ក្រុម​នេះ​។​
 
​តួ​ក​គី ចាត់ទុក​ក្រុម​ឃើ​ដ​ស៊ី​រី​ជា​ដៃជើង​បក្ស​ពលករ​ឃើ​ដ​នៅ​តួ​ក​គី ហើយ​ដែល​តួ​ក​គី​ចាត់ទុកជា​ក្រុម​ភេរ​វករ ព្រោះ​ក្រុម​នេះ​បាន​អុកឡុក​តាំងពី​ទសវត្សរ៍​១៩៨០ មក​។ យ៉ាងណាមិញ ក្រុង​វ៉ាស៊ីនតោន​ចាត់ទុក​ក្រុម​ឃើ​ដ​ស៊ី​រី ជា​ដៃគូ​ដ៏​សំខាន់​ក្នុង​យុទ្ធនាការ​បោសសម្អាត​ក្រុម​រដ្ឋ​ឥស្លាម​ដែល​នៅ​សេសសល់ ដែល​ជំហរ​នេះ​ផ្ទុយ​ទាំងស្រុង​នឹង​ជំហរ​របស់​ក្រុង​អង់កា​រ៉ា ដែល​បារម្ភ​ថា ឃើ​ដ​ស៊ី​រីនឹង​ក្លាយជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ខ្លួន​៕
 

Tag:
 ​អាមេរិក​
  អ៊ីរ៉ង់​
  មជ្ឈិមបូព៌ា​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ​
© រក្សាសិទ្ធិដោយ thmeythmey.com