អន្តរជាតិ
លោក គីម ត្រឡប់​ទៅ​កូរ៉េខាងជើង​វិញ ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​ប៉េកាំង
09, Jan 2019 , 5:15 pm        
រូបភាព
រថភ្លើងពិសេសរបស់លោក គីម ជុងអ៊ុន ចាកចេញពីស្ថានីយ៍រថភ្លើងក្រុងប៉េកាំង (រូបភាព AFP)
រថភ្លើងពិសេសរបស់លោក គីម ជុងអ៊ុន ចាកចេញពីស្ថានីយ៍រថភ្លើងក្រុងប៉េកាំង (រូបភាព AFP)
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​៩ ខែមករា បានធ្វើ​ដំណើរ​តាមរយៈ​រថភ្លើង​ចាក​ចេញពី​រដ្ឋធានី​ប៉េកាំង ឆ្ពោះទៅកាន់​ព្យុងយ៉ាង​វិញ បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ទឹកដី​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ។ គ្មាន​ឡើយ​ព័ត៌មាន​លម្អិត​ជុំវិញ​ដំណើរ​ទស្សនកិច្ច​សម្ងាត់​មួយ​នេះ និង​ជំនួប​រវាង​លោក ស៊ី និង​លោក គីម ។ ប៉ុន្តែ​អ្វីដែល​ច្បាស់ គឺ​វា​ជំនួប​យុទ្ធសាស្ត្រ​មួយ​មុន​គម្រោង​នៃ​ការជួបគ្នា​រវាង​លោក គីម និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។​

 
​រថភ្លើង​ពិសេស​ដឹក​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ប្រតិភូ​កូរ៉េខាងជើង បាន​ចាក​ចេញពី​ស្ថានីយ៍​រថភ្លើង​ប៉េកាំង​នៅ​រសៀល​ថ្ងៃទី​៩ ខែមករា ។ លោក គីម ដែល​អមដំណើរ​ដោយ​ភរិយា រី សុល​ជូ និង​មន្ត្រីជាន់ខ្ពស់​ជា​ច្រើ​ទៀត បាន​ទៅដល់​ប៉េកាំង​នៅ​ថ្ងៃទី​៨ ខែមករា ក្រោយ​ធ្វើដំណើរ​ស្ទើរ​មួយថ្ងៃ​ក្នុង​ដំណើរ​ទស្ស​កិច្ច​លើក​ទី​៤ ទៅកាន់​ចិន ហើយ​បាន​ជួបចរចា​ជាមួយ​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង ដែលជា​អ្នក​អញ្ជើញលោក​។ 
 
​ដូច​ទស្សនកិច្ច​បី​លើក​មុន​ដែរ ទស្សនកិច្ច​នៅ​ទឹកដី​ចិន​របស់លោក គីម ធ្វើឡើង​ដោយ​មិន​ប្រកាស​មុន​ឡើយ​។ សម្រាប់​លើក​ទី​៤ នេះ ក្រៅពី​ព័ត៌មាន​ផ្សាយ​ដោយសារ​ព័ត៌មាន​រដ្ឋ​ចិន និង​កូរ៉េខាងជើង​ស្ដីពី​វត្តមាន​លោក គីម នៅ​ប៉េកាំង ព័ត៌មាន​ដទៃទៀត​នៃ​ដំណើរ​ទស្សនកិច្ច​នេះ មិន​ត្រូវបាន​បញ្ចេញ​ឡើយ​។ ប៉ុន្តែ​ជាធម្មតា​នោះ ព័ត៌មាន​ពិស្ដារ នឹងត្រូវ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ទាំងពីរ​ក្រោយ​ដំណើរ​ទស្សនកិច្ច​ត្រូវបាន​បញ្ចប់​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ជំនួប​លោក ស៊ី និង​លោក គីម ចំណាយពេល​មួយ​ម៉ោង ហើយ​មេដឹកនាំ​ទាំងពីរ និង​ភរិយា​រៀងៗ​ខ្លួន​ក៏​ចូលរួម​ក្នុង​ពិធី​លាង​សាយភោជន៍​នៅឯ​វិមាន​ប្រជាជន​ផង​។ ចំណែកឯ​ប្រធានបទ​នៃ​ជំនួប​វិញ ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​ដដែល​ផ្សាយ​ថា ផ្ដោតលើ​គម្រោង​ជួបគ្នា​រវាង​លោក គីម និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ 
 
​ដោយឡែក​មុន​ចាកចេញ​ទៅកាន់​មាតុភូមិ​វិញ មេដឹកនាំ​កូរ៉េខាងជើង ក៏​ឆ្លៀត​ទៅ​ទស្សនា​រោងចក្រ​ឱសថ​មួយកន្លែង​ក្នុង​រដ្ឋធានី​ប៉េកាំង​ដែលមាន​ប្រវត្តិ​ជិត​៣០០​ឆ្នាំ​មកហើយ​។ ក្រុមមន្ត្រី​ចិន​ទំនងជា​ចង់បង្ហាញ​ពី​សក្ដានុពល​របស់ខ្លួន​ទៅកាន់​លោក គីម ដែល​កំពុង​អនុវត្ត​នយោបាយ​ជំរុញ​សេដ្ឋកិច្ច​ដែរ​។ ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​ចិន​ដែល​បើកចំហ​តែ​ប្រកាន់ខ្ជាប់​ប្រព័ន្ធ​នយោបាយ​កុម្មុយនីស្ត អាចជា​គំរូ​មួយ​សម្រាប់​កូរ៉េខាងជើង​។​
 
​ក្រោយ​សម្រេច​គោលដៅ​អភិវឌ្ឍ​នុយក្លេអ៊ែរ​ហើយ​នោះ មេដឹកនាំ​ជំនា​ន់ទី​បី​កូរ៉េខាងជើង បាន​យក​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជា​គោលដៅ​បន្ទាប់​។ កាលពី​ឆ្នាំមុន លោក​មិនបាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​យោធា​ណាមួយ​ឡើយ តែ​បាន​ទៅពិនិត្យ​កសិដ្ឋាន ចម្ការ​ដំណាំ និង​ការដ្ឋាន​សាងសង់​ធំដុំ​ក្នុងន័យ​ជំរុញ​ការវិនិយោគ​។ ការចរចា​ជាមួយ​អាមេរិក មាន​ផ្នែក​ក៏​ជា​លទ្ធផល​នៃ​ការ​បង្វែរ​ទិសដៅ​ទៅរក​សេដ្ឋកិច្ច​ដែរ ប៉ុន្តែ​ទណ្ឌកម្ម​រាប់​សិន​ជាន់​របស់​អន្តរជាតិ ជា​របាំង​ដ៏​ធំ​សម្រាប់​កូរ៉េខាងជើង​៕
 

Tag:
 កូរ៉េខាងជើង​
  ចិន​
  គីម ជុង​អ៊ុន​
  ស៊ី ជិន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com