អន្តរជាតិ
លោក​គីម ប្រាប់​លោក​ស៊ី ថា កូរ៉េខាងជើង​នៅតែ​ចង់​រំសាយ​នុយក្លេអ៊ែរ និង​ត្រៀម​ជួប​លោក ត្រាំ​
10, Jan 2019 , 12:11 pm        
រូបភាព
លោក ស៊ី ជិនភីង និងលោក គីម ជុងអ៊ុន ដើរត្រួតពលក្នុងវិមានប្រជាជនចិន។ (រូបភាព Xinhua)
លោក ស៊ី ជិនភីង និងលោក គីម ជុងអ៊ុន ដើរត្រួតពលក្នុងវិមានប្រជាជនចិន។ (រូបភាព Xinhua)
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានប្រកាស​ចំពោះមុខ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ថា កូរ៉េខាងជើង​នៅតែ​បន្ត​ការប្ដេជ្ញាចិត្ត​ក្នុងការ​រំសាយ​នុយក្លេអ៊ែរ​ដដែល​។ នា​ជំនួប​នៅ​ទីក្រុង​ប៉េកាំង​ថ្ងៃទី​៨ ខែមករា លោក គីម ក៏​ប្រា​ប់លោក ស៊ី ថា កូរ៉េខាងជើង​នឹង​ប្រឹងប្រែង​ដើម្បី​រៀបចំ​ជំនួប​មេដឹកនាំ​កូរ៉េខាងជើង​-​អាមេរិក​លើក​ទី​២ ឲ្យ​មាន​លទ្ធផល​ល្អ​សម្រាប់​ពិភពលោក​ទាំងមូល​។ ប៉ុន្តែ​មេដឹកនាំ​ទាំងពីរ​ក៏​ឯកភាព​ដែរ​ថា ការទាមទារ​កន្លងមក​របស់​កូរ៉េខាងជើង ត្រូវតែ​ដោះស្រាយ​ឲ្យ​បាន​។​

 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន នៅ​ថ្ងៃទី​១០ ខែមករា បាន​ផ្សាយ​ពី​ព័ត៌មាន​លម្អិត​ទាក់ទង​ដំណើរ​ទស្សនកិច្ច​សម្ងាត់​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​រដ្ឋធានី​ប៉េកាំង ដែល​ទើបតែ​បញ្ចប់​។ លោក គីម បាន​ជួបចរចា​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង លើ​ទំនាក់ទំនង​ទ្វេភាគី បញ្ហា​តំបន់ និង​ពិភពលោក ខណៈ​ការរំសាយ​នុយក្លេអ៊ែរ​ក៏ត្រូវ​បាន​ជជែក​ដែរ​។ មេដឹកនាំ​ទាំងពីរ​ក៏​ប្រាប់​គ្នា​ទៅមក​ពី​ស្ថានការណ៍​ប្រទេស​រៀងៗ​ខ្លួន​ដែរ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ផ្សាយ​ថា លោក គីម និង​លោក ស៊ី បាន​ឯកភាពគ្នា​ជំរុញ​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​សករាជ​ថ្មី បន្ត​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​តាមផ្លូវ​នយោបាយ សំដៅ​នាំយក​ប្រយោជន៍​ដល់​ប្រជាជន​ប្រទេស​ទាំងពីរ​។ មេដឹកនាំ​កូរ៉េខាងជើង ដែល​ទៅ​ទឹកដី​ចិន​បួន​ដង​ក្នុងពេល​មិន​ដល់​មួយឆ្នាំ ក៏បាន​សរសើរ​វឌ្ឍនភាព​របស់​ចិន និង​ចាត់ទុក​ការរីកចម្រើន​របស់​ចិន​ជា​គំរូ​សម្រាប់​ដកស្រង​បទពិសោធ​ផង​។​
 
​កូរ៉េខាងជើង​នៅតែ​ចង់​រំសាយ​នុយក្លេអ៊ែរ​, ចិន​គាំទ្រ​ជម្រើស​របស់​កូរ៉េខាងជើង​
 
​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ត្រូវ​បានលើកឡើង​ក្នុងជំនួប​លើក​ទី​បួន​រវាង​មេដឹកនាំ​កូរ៉េខាងជើង និង​ចិន ដោយ​លោក គីម អះអាង​ចំពោះមុខ​លោក ស៊ី ថា កូរ៉េខាងជើង​បន្ត​ប្រកាន់ខ្ជាប់​ជំហរ​រំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន​ដដែល និង​ដោះស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ​ដោយ​សន្តិវិធី និង​ការចរចា​។ ប៉ុន្តែ​លោក គីម ចង់​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពិចារណា​ការទាមទារ​របស់​កូរ៉េខាងជើង​ដូចគ្នា និង​ឆ្លើយតប​ឲ្យ​បាន​សមរម្យ​ដើម្បី​ជំរុញ​ការដោះស្រាយ​បញ្ហា​ឲ្យ​គ្រប់​ជ្រុងជ្រោយ​។​
 
​ចំណែក​លោក ស៊ី វិញ ក៏​ប្រកាស​គាំទ្រ​ទិសដៅ​របស់​កូរ៉េខាងជើង​ក្នុងការ​លុបបំបាត់​នុយ​ក្លេ​អ៊ែរ ទំនាក់ទំនង​អន្តរ​កូរ៉េ ក៏ដូចជា​ជំនួប​មេដឹកនាំ​អាមេរិក​-​កូរ៉េខាងជើង​ផងដែរ​។ បើតាម​លោក​ប្រធានាធិបតី​ចិន ចិន​ក៏​គាំទ្រ​ដែរ​ការដោះស្រាយ​បញ្ហា​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​តាមរយៈ​ការចរចា ហើយ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​ភាគី​ផ្សេងទៀត ក្នុងការ​ដើរតួនាទី​វិជ្ជមាន​របស់ខ្លួន សំដៅ​រក្សា​សន្តិភាព ស្ថិរភាព និង​ធ្វើ​យ៉ាង​ឲ្យ​ការរំសាយ​នុយក្លេអ៊ែរ​ក្លាយជា​ការពិត​។ 
 
​ក្នុង​ដំណើរ​ការចរចា​ដើម្បី​លុបបំបាត់​នុយក្លេអ៊ែរ​វិញ មេដឹកនាំ​ចិន​ក៏​សង្ឃឹមថា កូរ៉េខាងជើង និង​អាមេរិក អាចធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅវិញទៅមក​ដែរ ហើយ​តម្រូវការ​របស់​កូរ៉េខាងជើង នឹងត្រូវ​ដោះស្រាយ​ដែរ​។ លោក ស៊ី ទំនង​ចង់​ឲ្យ​អាមេរិក​ផ្ដល់​ការលើកទឹកចិត្ត​ចំពោះ​កូរ៉េខាងជើង ដែល​មកទល់ពេលនេះ​បានធ្វើ​សកម្មភាព​មួយចំនួន​ហើយ​ដូចជា​ការបិទ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ បិទ​មជ្ឈមណ្ឌល​បាញ់​មី​ស៊ី​ល ដោះលែង​ជនជាតិ​អាមេរិក និង​មិន​ធ្វើ​សកម្មភាព​យោធា​ធំដុំ​ណាមួយ​នោះ​។ 
 
​ជួប​លោក ត្រាំ ដើម្បី​សម្រេច​ឲ្យ​បាន​លទ្ធផល​ពិភពលោក​ចង់បាន​
 
​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​ប៉េកាំង​ពីរ​ថ្ងៃ មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង​ក៏​ប្រាប់​ប្រធានាធិបតី​ចិន​ដែរ​ថា កូរ៉េខាងជើង ប្រឹងប្រែង​ដើម្បី​ឲ្យ​ជំនួប​ជាមួយ​មេដឹកនាំ​អាមេរិក​លើក​ទី​ពីរ ទទួលបាន​ផ្លែផ្កា​ដែល​សហគមន៍​អន្តរជាតិ​ស្វាគមន៍​។ លោក គីម អះអាង​ទៀតថា មកទល់ពេលនេះ គ្មានអ្វី​ប្រែប្រួល​ឡើយ​នៅ​កូរ៉េខាងជើង​ក្នុងការ​អនុវត្តតាម​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​ក្នុងជំនួប​លើកទីមួយ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សិង្ហ​បុរី​។ 
 
​គម្រោង​នៃ​ជំនួប​លើក​ទី​ពីរ​នេះ កំពុងស្ថិត​ក្នុងដំណាក់កាល​ស្វែងរក​ទីតាំង​នៅឡើយ ដោយ​មន្ត្រី​អាមេរិក​កំពុង​ពិចារណា​ទីតាំង​ចំនួន​មាន រាជធានី​បាងកក រដ្ឋធានី​ហាណូយ និង​កោះ​ហា​វ៉ៃ ប៉ុន្តែ​មិនទាន់​យក​ជម្រើស​នេះ​ទៅ​ជជែក​ជាមួយ​កូរ៉េខាងជើង​នៅឡើយ​ទេ​។ ការសម្រេចចិត្ត​ទាំងឡាយ​ទាក់ទង​ទីតាំង កាលបរិច្ឆេទ​ជំនួប និង​បញ្ហា​ផ្សេងៗ អាច​ត្រូវ​ជជែក​ក្នុង​កម្រិត​មន្ត្រី​ក្រុមការងារ​។ យ៉ាងណាក្ដី ភាគី​ទាំងពីរ​មិនទាន់បាន​ជួបគ្នា​ទេ​។​
 

Tag:
 ​កូរ៉េខាងជើង​
  ចិន​
  អាមេរិក​
  គីម ជុង​អ៊ុន​
  ស៊ី ជិន​ភីង​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com