ជាតិ
នាយករដ្ឋមន្ត្រី​៖ ជាតិ​រីកចម្រើន មិនអាច​អត់​អ្នកកាសែត​ឡើយ
10, Jan 2019 , 4:14 pm        
រូបភាព
សម្តេច​ ហ៊ុន សែន ឆ្លើយសំណួរអ្នកកាសែត​ក្នុង​ឆ្នាំ​២០០៦។ រូបថតដោយ លោក ខឹម សុវណ្ណារ៉ា
សម្តេច​ ហ៊ុន សែន ឆ្លើយសំណួរអ្នកកាសែត​ក្នុង​ឆ្នាំ​២០០៦។ រូបថតដោយ លោក ខឹម សុវណ្ណារ៉ា
​ភ្នំពេញ​៖ «​ពិតប្រាកដ​ណាស់ ការរីកចម្រើន​របស់​ប្រទេសជាតិ គឺ​មិនអាច​កាត់ផ្តាច់ ពី​ការចូលរួម​របស់​អ្នកសារព័ត៌មាន​បានឡើយ​»​។ នេះ​សារ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១០​មករា​នេះ​។

 
​នាយករដ្ឋមន្ត្រី សរសេរថា ក្រោយពី​ប្រទេសជាតិ មាន​សុខសន្តិភាព​ពេញលេញ កម្ពុជា​ត្រូវការ​ទេសចរ ពាណិជ្ជករ និង​អ្នកវិនិយោគទុន​បរទេស​ជាច្រើន​។ ដូច្នេះ​ការចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត គឺ​កាន់តែ​ផ្តល់នូវ​ទំនុកចិត្ត​ដល់​ទេសចរ​និង​វិនិយោគ​គិ​នប​រទេស​។ 
 
​បន្ទាប់មក ប្រមុខ​រដ្ឋាភិបាល ក៏​អរគុណ​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​អំពី​កម្ពុជា ទៅកាន់​ពិភពលោក ក្នុង​ផ្លូវ​វិជ្ជមាន​។ ប្រមុខ​រដ្ឋាភិបាល ចាត់ទុកថា ជា​ចំណុច​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​កម្ពុជា កាន់តែ​រីកចម្រើន​។  
 
​សារ​របស់​មេដឹកនាំ​កម្ពុជា គឺធ្វើឡើង​មុន​មួយថ្ងៃ​ប៉ុណ្ណោះ នៃ​ពិធី​ជួប​សំណេះសំណាល​និង​ពិសា​អាហារ​សាមគ្គី​ប្រចាំឆ្នាំ​ជាមួយ​អ្នកសារព័ត៌មាន​ប្រមាណ​៥​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ល្ងាច​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩​។ 
 
​យោងតាម​របាយការណ៍​ពី​ក្រសួង​ព័ត៌មាន កម្ពុជា មាន​សារព័ត៌មាន​ជាតិ​៣៥៣​អង្គភាព ទស្សនាវដ្ដី​ជាតិ​មាន​១២៦​អង្គភាព ព្រឹត្តិ​ប​ត្តិ​២១​អង្គភាព កាសែត​អន្តរជាតិ​៤៤​អង្គភាព ទស្សនាវដ្ដី​អន្តរជាតិ​៦១​អង្គភាព សមាគម​អ្នកសារព័ត៌មាន​៤០​អង្គភាព​។ ទីភ្នាក់ងារសារព័ត៌មាន​បរទេស​១៨​អង្គភាព រោង​ពុ​ម្ភ និង​គ្រឹះស្ថាន​បោះ​ពុ​ម្ភ​១២៤​អង្គភាព ស្ថានីយទូរទស្សន៍​ផ្សាយ​ផ្ទាល់​នៅ​ភ្នំពេញ​មាន​២២​ស្ថានីយ និង​ផ្សាយ​បន្ត​ពី​ភ្នំពេញ​ទៅ​ខេត្ត​មាន​១៣២​ស្ថានីយ​។ ទូរទស្សន៍​ខ្សែកាប​ទាំង​នៅ​រាជធានី​-​ខេត្ត មាន​១៣៣​ស្ថានីយ​។ ស្ថានីយ៍​វិទ្យុ FM នៅ​រាជធានី​ភ្នំពេញ មាន​៨០​ស្ថានីយ នៅតាម​ខេត្ត​មាន​២៥៤​ស្ថានីយ និង​ស្ថានីយ​វិទ្យុ​AM មាន​១​ស្ថានីយ​៕
 

Tag:
 កាសែត​
 ​សម្តេច ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com