សមាជិកព្រឹទ្ធសភាអាមេរិកពីររូប គឺ លោក Ted Cruz និង លោក Chris Coons បានផ្តើមគំនិតធ្វើ
សេចក្តីស្នើច្បាប់មួយស្តីពី«ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩» ។ គោលបំណងនៃការធ្វើច្បាប់នេះ គឺដើម្បីឲ្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ពិនិត្យឡើងវិញលើការអនុគ្រោះពន្ធនៃការនាំចូលទំនិញពីកម្ពុជា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធមួយ ដែលហៅថា General System Preference (GSP)។
មូលហេតុដែលជំរុញឲ្យសមាជិកព្រឹទ្ធសភាអាមេរិកទាំងពីរ សម្រេចធ្វើច្បាប់នេះឡើង គឺដោយសារតែពួកលោក មិនពេញចិត្តនឹងទង្វើរបស់រដ្ឋាភិបាលកម្ពុជា។ លោក Ted Cruz ដែលធ្លាប់ឈរឈ្មោះប្រជែងយកតំណែងប្រធានាធិបតីអាមេរិក និងតែងវាយប្រហាររដ្ឋាភិបាលកម្ពុជាបាននិយាយថា អាមេរិកបានវិនិយោគលើអនាគតនយោបាយកម្ពុជា ដោយបង្កើតពាណិជ្ជកម្មដែលអាចជឿទុកចិត្តបាន ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះ GSP។ លោកបានចោទសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថាបានកេងយកប្រយោជន៍ពីការអនុគ្រោះពន្ធនេះ ដែលផ្តល់ដោយអាមេរិក និងសហភាពអឺរ៉ុប។
សមាជិកព្រឹទ្ធសភាអាមេរិករូបនេះ បានពន្យល់យ៉ាងដូច្នេះថា៖«គាត់ [សម្តេច ហ៊ុន សែន] បានបរាជ័យក្នុងការបំពេញតាមស្តង់ដារនៃសិទ្ធិការងារ និងធ្វើឲ្យប៉ះពាល់ដល់សុចរិតភាពនៃការបោះឆ្នោត ហើយថែមទាំងទោរទន់ទៅរកចិនទៀតផង។ ច្បាប់នេះមានគោលបំណងធ្វើឲ្យគាត់ និងរដ្ឋាភិបាលរបស់គាត់មានទំនួលខុសត្រូវចំពោះទង្វើនោះ ហើយពង្រឹងជំហរឡើងវិញដែលសហភាពអឺរ៉ុបជាដៃគូរបស់យើងកំពុងតែធ្វើ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដូចជាមិនបារម្ភអ្វីឡើយចំពោះសេចក្តីស្នើច្បាប់នេះ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទ លោកឆ្លើយតបថា បើទោះបីជាព្រឹទ្ធសភាអាមេរិក អនុម័តសេចក្តីស្នើច្បាប់នេះក៏ដោយ ក៏រដ្ឋបាលរបស់លោក ត្រាំ មិនយកទៅអនុវត្តដែរ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖«យើងឃើញពួកគាត់ ដូចជាធ្វើច្បាប់ដាក់ទណ្ឌកម្មកម្ពុជាហ្នឹងច្រើនដងហើយ តែដូចជាមិនឃើញមានប្រយោជន៍អ្វីផង។ ធ្វើច្បាប់ហ្នឹង គ្រាន់តែជាការបំភ័យទេ»។
ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច លោកហ៊ានសន្និដ្ឋានថា ការស្នើច្បាប់របស់សមាជិកព្រឹទ្ធសភាអាមេរិកនឹងមិនអាចទៅរួចនោះទេ។ បន្ទាប់មក លោកក៏ច្រានចោលការចោទប្រកាន់របស់សមាជិកព្រឹទ្ធសភាអាមេរិកដែលថា កម្ពុជារំលោភសិទ្ធិមនុស្ស មិនគោរពសិទ្ធិការងារ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។
មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច បានសរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមយ៉ាងដូច្នេះថា៖«ការចោទប្រកាន់នេះ មានចរិតនយោបាយ និងផ្ទុយពីការពិត មិនអាចឲ្យស្ថាប័នពាក់ព័ន្ធ ជឿតាមនិងសម្រេចតាមនោះទេ។ ដូច្នេះចេតនាចង់កាត់ប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗដោយអាមេរិក នឹងមិនអាចបានសម្រេចផលឡើយ»។
រីឯ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មើលឃើញថា ផលប៉ះពាល់ មិនធ្ងន់ធ្ងរនោះទេ បើអាមេរិក ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ លោក ប្រាប់សារព័ត៌មានថ្មីថា៖«ប៉ះពាល់ វា តែងតែមានហើយ តែតិចតួចទេ។ អាមេរិក ឲ្យយើងនាំទំនិញចូលប្រមាណ៦ពាន់មុខ ដោយមិនយកពន្ធមែន តែក្នុងនោះ មានទំនិញប្រមាណ៩៧ភាគរយ គឺយើងអត់សូវបាននាំចូលទេ»។
អ្នកជំនាញសេដ្ឋកិច្ច មានការពិចារណាខុសពីអ្នកនយោបាយ។ លោក ចាន់ សុផល អ្នកជំនាញសេដ្ឋកិច្ច នៅតែបារម្ភដោយខ្លាចក្រែងច្បាប់នេះត្រូវបានអនុម័តមែន។ លោកបានប្រាប់សារព័ត៌មានថ្មីៗបែបនេះថា៖«បើប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល វាមិនប៉ះពាល់ទេ។ តែបើថាប៉ះពាល់បែបជាក់លាក់ណាមួយនោះ គឺវាប៉ះពាល់ហើយ»។
លោកបានពន្យល់ថា ប្រព័ន្ធអនុគ្រោះពន្ធ GSP បានអនុគ្រោះការយកពន្ធពីប្រទេសក្រីក្រ លើការនាំចូលទំនិញ និងផលិតផលរាប់ពាន់មុខឯណោះ ទៅកាន់ទីផ្សារអាមេរិក។ ប៉ុន្តែ លោកអះអាងថា កម្ពុជាពុំមានទំនិញ និងផលិតផលច្រើនមុខបែបនេះនាំចូលទៅទីផ្សារមេរិកនោះទេ។
លោកបន្តថា ជាទូទៅ កម្ពុជានាំចូលតែផលិតផលសម្រាប់ធ្វើដំណើរ (Travel Goods) ប៉ុណ្ណោះ ជាពិសេស វ៉ាលី និង កាបូប និងអាចមានផលិតផលផ្សេង ដូចជា អង្ករ និងដំឡូង ជាដើម ទៅកាន់ទីផ្សារអាមេរិក។ លោក ចាន់ សុផល បានមានប្រសាសន៍ថា៖«យើងឃើញថា ២-៣ឆ្នាំនេះមានគេមកវិនិយោគច្រើនលើការផលិតទំនិញសម្រាប់ធ្វើដំណើរ។ អុីចឹង បើឈប់អនុគ្រោះពន្ធ គឺប៉ះពាល់រោងចក្រដែលផលិតទំនិញទាំងហ្នឹង»។
ទោះជាយ៉ាងនេះក្តី អ្នកជំនាញរូបនេះបញ្ជាក់ថាប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក មិនទូលំទូលាយ ដូចប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបឡើយ។ លោកបន្ថែមថា បើដកប្រព័ន្ធអនុគ្រោះពន្ធ GSP កម្ពុជាអាចនឹងបាត់បង់ប្រាក់ ក្នុងរង្វង់រយលានដុល្លារ តែបើដកប្រព័ន្ធអនុគ្រោះពន្ធ EBA កម្ពុជា អាចនឹងបាត់បង់ប្រាក់ដល់ទៅខ្ទង់ពាន់លានដុល្លារឯណោះ។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាកន្លងមក ការអនុគ្រោះពន្ធ GSP ត្រូវបន្តសុពលភាពរហូតដល់ដំណាច់ឆ្នាំ២០២០។ តែរយៈពេលនៃសុពលភាពនេះ វាអាចនឹងប្រែប្រួល បើសេចក្តីស្នើច្បាប់ខាងលើ ត្រូវបានអនុម័ត ហើយត្រូវដាក់ឲ្យអនុវត្ត។
ចំណែក សហភាពអឺរ៉ុប ក៏កំពុងដំណើរការនីតិវិធីនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជា។ នីតិវិធីនេះ ត្រូវប្រើពេល១២ខែ ហើយក្រោយមកទើបសហភាពអឺរ៉ុប សម្រេចជាផ្លូវការថា ដកឬមិនដក។ មកដល់ពេល ដំណើរការនីតិវិធីនេះ មានរយៈពេលជិត៦ខែហើយ។
សហរដ្ឋអាមេរិនិងសហភាពអឺរ៉ុប តែងគាំទ្រគ្នាទៅវិញទៅមក ក្នុងការដាក់សម្ពាធនិងទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជា។ កន្លងមក ដៃគូទាំងពីរនេះ បានចាត់វិធានការជាក់ស្តែងរួចហើយ ដោយរឹតបន្តឹងក្នុងការផ្តល់ទិដ្ឋាការមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់កម្ពុជា និងការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ព្រមទាំងការដកជំនួយលើការបោះឆ្នោតថែមទៀត។
សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ទើសចិត្តដូចគ្នា ពេលគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា ត្រូវបានរំលាយចោល ហើយប្រធានគណបក្សនេះត្រូវចាប់ខ្លួន បូករួមទាំងការហាមឃាត់ថ្នាក់ដឹកនាំនៃគណបក្សនេះ មិនឲ្យធ្វើនយោបាយថែមទៀត។ ប្រទេសទាំងពីរនេះ ក៏រិះគន់រដ្ឋាភិបាលកម្ពុជាផងដែរ ថាបានរឹតត្បិតសារព័ត៌មាន និងសង្គមស៊ីវិល។
ទង្វើរបស់រដ្ឋាភិបាលកម្ពុជាខាងលើ គឺជាមូលហេតុចម្បង ដែលនាំឲ្យមានការព្រមានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប និងបណ្តាប្រទេសខ្លះទៀត៕