អន្តរជាតិ
កាសែត​ជប៉ុន​៖ លោក​ត្រាំ ចង់​ជួប​លោក គីម ក្នុង​ពាក់កណ្ដាល​ខែកុម្ភៈ​នៅ​វៀតណាម​
13, Jan 2019 , 7:39 pm        
រូបភាព
​កាសែត​ជប៉ុន Yomiuri Shimbun នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ផ្សាយ​ថា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ស្នើ​រៀបចំ​ជំនួប​លើក​ទី​២ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ពាក់កណ្ដាល​ខែកុម្ភៈ​ខាងមុខ​។ លោក ត្រាំ ចង់​ឲ្យ​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​ជំនួប​នេះ​ផង​។ កាសែត​ដដែល​បន្តថា ការសម្រេចចិត្ត​លើ​ទីតាំង និង​ពេលវេលា​នេះ កំពុងស្ថិត​ក្នុងការ​ពិនិត្យ​របស់​កូរ៉េខាងជើង​នៅឡើយ​។​

 
​លើក​ទី​១ ជួប​នៅ​សិង្ហ​បុរី​។ លើក​ទី​២ នៅ​វៀតណាម​? ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​វៀតណាម កំពុង​នាំមុខគេ​ក្នុងចំណោម​ប្រទេស​នានា​ដែល​អាចធ្វើ​ម្ចាស់ផ្ទះ​ជំនួប​លើក​ទី​២ រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ នេះ​ក៏​ព្រោះតែ​កាសែត​ជប៉ុន Yomiuri Shimbun បាន​ស្រង់​ប្រភពពី​មន្ត្រី​ដែល​ពាក់ព័ន្ធ​ការងារ​នេះ ថា លោក ត្រាំ ចង់​ជួប​លោក គីម នៅ​វៀតណាម​។​
 
​យ៉ាងណាមិញ បើតាម​កាសែត Yomiuri Shimbun កូរ៉េខាងជើង​មិនទាន់​ឆ្លើយតប​សំណើ​របស់​អាមេរិក​នៅឡើយ​ទេ​។ សន្តិសុខ ទីតាំង​ជំនួប និង​ការធ្វើដំណើរ​ជាដើម សុទ្ធតែជា​កត្តា​បូកផ្សំ​ដើម្បី​ពិចារណា​ក្នុងការ​រៀបចំ​ជំនួប​ដ៏​ធំ​នេះ​។ មិន​តែ​ប្រតិភូ​អាមេរិក និង​កូរ៉េខាងជើង ប្រទេស​ម្ចាស់ផ្ទះ​ក៏ត្រូវ​ទទួល​អ្នកសារព័ត៌មាន​រាប់ពាន់នាក់ ដែល​តាម​ប្រមាញ់​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ផងដែរ​។ ដូចនេះ​វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់​រដ្ឋ​ដែល​ចេញ​រៀបចំ​នោះ​។​
 
​ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​នេះ ធ្វើឡើង​ក្រោយ​ការលេចឮ​ថា មេដឹកនាំ​ទាំងពីរ នឹង​ជួបគ្នា​ឆាប់ៗ​នេះ ដើម្បី​ចាប់ផ្ដើម​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​ឡើងវិញ​។ កាលពី​ជំនួប​លើក​ទី​១ នៅ​សិង្ហ​បុរី លោក ត្រាំ និង​លោក គីម បាន​ឯកភាពគ្នា​លុបបំបាត់​នុយក្លេអ៊ែរ​ទាំង​ស្រុង ប៉ុន្តែ​មិន​និយាយ​ឲ្យ​ច្បាស់​ពី​មធ្យោបាយ និង​រយៈពេល​នៃ​ដំណើការ​ឡើយ​។ បញ្ហា​ក៏​កើតឡើង​តម​ក ដ្បិត​ភាគី​ទាំង​ប្រកាន់​ជំហរ​ខុសគ្នា​លើ​បញ្ហា​នេះ​។​
 
​ខុសគ្នា​ត្រង់​ថា ត្រូវធ្វើ​ដូចម្ដេច​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ​តាម​ការឯកភាព​កាលពី​ជំនួប​នៅ​សិង្ហ​បុរី ដែ​លោក គីម សន្យា​បោះបង់​នុយក្លេអ៊ែរ ជា​ថ្នូរ​ការធានា​សន្តិសុខ​កូរ៉េខាងជើង​នោះ​។ ដំណើរការ​នេះ​កាន់តែ​យឺតយ៉ាវ​ខ្លាំង​នៅពេល​ក្រុង​ព្យុងយ៉ាង​ចង់បាន​ការលើកលែង​ទណ្ឌកម្ម​ចំពោះ​អ្វីដែល​ខ្លួន​បានធ្វើ​កន្លងមក ប៉ុន្តែ​ក្រុង​វ៉ា​ស៊ី​តោន​ហាក់​មាន​ជំហរ​តឹងរ៉ឹង​លើ​បញ្ហា​នេះ និង​ចង់​ឲ្យ​កូរ៉េខាងជើង​លុបបំបាត់​នុយក្លេអ៊ែរ​ទាំង​មូល​សិន​។​
 
​គេ​រំពឹងថា ជំនួប​លើក​ទី​២ នេះ អាចមាន​លទ្ធផល​ល្អ​ជាង​ជំនួប​លើក​ទី​១ ហើយ​ភាគី​ទាំងពីរ​អាច​និយាយ​គ្នា​ឲ្យ​បាន​ច្បាស់​ពី​វិធីសាស្ត្រ​រំសាយ​នុយក្លេអ៊ែរ និង​ចំណាត់ការ​ពាក់ព័ន្ធ​ផ្សេងទៀត សំដៅ​ព​ន្លឿ​ន​ដំណើរ​លុបបំបាត់​អាវុធ​គ្រោះថ្នាក់​នេះ និង​ការបង្កើត​សន្តិភាព​អចិន្ត្រៃយ៍​ផង​៕
 
 
 
 
 
 
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com