អន្តរជាតិ
លោក ត្រាំ គំរាម​កម្ទេច​សេដ្ឋកិច្ច​តួ​ក​គី បើ​ហ៊ាន​វាយ​ក្រុម​ឃើ​ដ​ស៊ី​រី​
14, Jan 2019 , 10:13 am        
រូបភាព
ប្រធានាធិបតីអាមេរិក និងសមភាគីតួកគីអំឡុងជំនួបមេដឹកនាំណាតូនៅបែលហ្ស៊ិក (រូបភាព AFP)
ប្រធានាធិបតីអាមេរិក និងសមភាគីតួកគីអំឡុងជំនួបមេដឹកនាំណាតូនៅបែលហ្ស៊ិក (រូបភាព AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៣ ខែមករា បាន​ព្រមាន​តួ​ក​គី​ដោយ​ចំៗ​ជុំវិញ​ការ​គំរាម​វាយប្រហារ​លើ​ក្រុម​ឃើ​ដ​នៅ​ស៊ី​រី​។ តួ​ក​គី​ដែល​ក្នុង​ភ្នែក​មើលឃើញ​ក្រុម​ឃើ​ដ​ស៊ី​រី ជា​ពួក​ភេរវ​ករ​នោះ បាន​ប្រមូលផ្ដុំ​កម្លាំង​ត្រៀម​កម្ទេច​ក្រុម​ជីវពល​មួយ​នេះ​ពេល​អាមេរិក​ដកទ័ព​ចេញពី​ស៊ី​រី ប៉ុន្តែ​ត្រូវបាន​អាមេរិក​ហាម​ដាច់ខាត​។ លោក ត្រាំ គំរាម​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​តួ​ក​គី​ដុនដាប បើ​ហ៊ាន​វាយ​ក្រុម​ឃើ​ដ​តាមចិត្ត​ចង់​របស់ខ្លួន​នោះ​។

 
​អាច​ចាត់ទុកថា នេះ​ជា​រឿង​កម្រ​ដែល​មេ​សម្ព័ន្ធ​យោធា​ណា​តូ​គំរាម​ដោយផ្ទាល់​ទៅ​សមាជិក​មួយទៀត​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​នៅ​មជ្ឈិមបូព៌ា​រញ្ជួយ​ចិត្ត​ពេល​ប្រកាស​ដកទ័ព​ពី​ស៊ី​រី បាន​គំរាម​តួ​ក​គី​ដែលជា​សមាជិក​របស់​ស​ម្ព័​ន្ធ​យោធា​ណា​តូ ដ្បិត​តួ​ក​គី​ចង់​កម្ទេច​ក្រុម​ឃើ​ដ​ស៊ី​រី​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ​របស់​អាមេរិក​ក្នុង​យុទ្ធនាការ​អន្តរជាតិ​បោសសម្អាត​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​។ 
 
​តាមរយៈ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី​១៣ ខែមករា លោក ត្រាំ បាន​បង្ហើប​ព័ត៌មាន​ទាក់ទង​ការចាប់ផ្ដើម​ដក​ទាហាន​អាមេរិក​ពី​ទឹកដី​ស៊ី​រី ដែល​លោក​អះអាងថា ត្រូវបាន​ពន្យារពេល​ជា​យូរ​មកហើយ​។ យ៉ាងណាមិញ ក្នុងពេល​ដកទ័ព​នេះ អាមេរិក​នឹង​បន្ត​វាយប្រហារ​គោលដៅ​ក្រុម​រដ្ឋ​ឥស្លាម​ដែល​នៅ​សេសសល់​ទៀត​ពី​ទិសដៅ​ជាច្រើន​។ លោក​ក៏​ឆ្លៀត​គំរាមថា អាមេរិក​នឹង​ប្រើ​មូលដ្ឋានទ័ព​នៅក្បែរ​ស៊ី​រី​ដើម្បី​វាយប្រហារ​ជាថ្មីទៀត បើ​ក្រុម​នេះ​ងើបឡើង​ជាថ្មី​។​
 
​ដោយនិយាយ​ចំឈ្មោះ​តួ​ក​គី ប្រធានាធិបតី​អាមេរិក​រូបនេះ​ក៏​ព្រមាន​សម្ព័ន្ធមិត្ត​ណា​តូ​របស់ខ្លួន បើ​នៅតែ​បន្ត​ជំហរ​វាយ​ក្រុម​ឃើ​ដ​ស៊ី​រី​នោះ​។ តាម​ទម្លាប់​ប្រើ​បណ្ដាញ​សង្គម​ដើម្បី​ផ្ញើ​សារ​ទៅកាន់​សាធារណជន លោក ត្រាំ សរសេរថា នឹង​បំផ្លាញ​សេដ្ឋកិច្ច​តួ​ក​គី បើ​តួ​ក​គី​វាយ​ក្រុម​ឃើ​ដ ហើយ​អាមេរិក​កំពុង​បង្កើត​តំបន់ទ្រនាប់​សុវត្ថិភាព​២០​ម៉ា​យល៍ ដើម្បី​ខណ្ឌ​ចែក​ភាគី​ទាំងពីរ​។ យ៉ាងណា លោក​មិន​បញ្ជាក់​ពី​ទីតាំង​នៃ​តំបន់​នេះឡើយ​។​
 
​ទន្ទឹមគ្នា​នឹង​ការ​គំរាម​តួ​ក​គី លោក ត្រាំ ក៏​ប្រាប់​ឲ្យ​ក្រុម​ឃើ​ដ​នៅ​ឲ្យ​ស្ងៀម និង​មិន​ត្រូវធ្វើ​អ្វី​ឲ្យ​តួ​ក​គី​ទាស់ចិត្ត​ឡើយ​។ កន្លងមក ក្រុង​វ៉ាស៊ីនតោន​ក៏បាន​ស្វែងរក​ការធានា​ពី​ក្រុង​អង់កា​រ៉ា ដែល​ប្រុង​បើក​យុទ្ធនាការ​យោធា​ក្នុង​ទឹកដី​ស៊ី​រី​ដែល​កាន់កាប់​ដោយ​សកម្មជន​ឃើ​ដ​ស៊ី​រី​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ធ្លាប់​និយាយ​ហើយ​ថា អាមេរិក​នឹង​ឲ្យ​តួ​ក​គី​ធានាថា ខ្លួន​នឹងមិន​សម្លាប់​រង្គាល​ជនជាតិ​ឃើ​ដ​ស៊ី​រី​ឡើយ​។​
 
​ហេតុអ្វី​លោក ត្រាំ ចង់​ការពារ​ក្រុម​ឃើ​ដ​ស៊ី​រី​? ឃើ​ដ​ស៊ី​រី (YPG) នេះហើយ ដែលជា​កម្លាំង​ស្នូល​របស់​ក្រុម​សម្ព័ន្ធមិត្ត​ចម្រុះ​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​រដ្ឋ​ឥស្លាម​ដែល​ធ្លាប់​អុកឡុក​នៅ​ស៊ី​រី​។ អាមេរិក​បាន​បំពាក់បំប៉ន​បច្ចេកទេស ការហ្វឹកហាត់ និង​សព្វាវុធ​ជាច្រើន​ឲ្យ​ក្រុម​សកម្មជន​មួយ​នេះ​ដើម្បី​កម្ទេច​ក្រុម​ជ្រុលនិយម​មួយ​នេះ​។ ឃើ​ដ​ស៊ី​រី នឹង​ដើរតួ​ជា​ភ្នែក​ច្រមុះ​របស់​អាមេរិក​នៅ​ស៊ី​រី ក្រោយ​អាមេរិក​ដកទ័ព​នៅពេល​ខាងមុខ​នោះ​។​
 
​ផ្ទុយ​ពី​អាមេរិក តួ​ក​គី​មើលឃើញ​ក្រុម​ឃើ​ដ​នេះ​ជា​បន្លា​ក្នុង​ភ្នែក​របស់ខ្លួន​ទៅវិញ​។ តួ​ក​គី​ចាត់ទុក​ក្រុម​ឃើ​ដ​ស៊ី​រី ជា​ខ្សែបណ្ដាញ​របស់​បក្ស​ពលករ​ឃើ​ដ (KKK) ដែល​អុកឡុក​តួ​ក​គី​តាំងពី​ឆ្នាំ​១៩៨៤ មក​។ មេដឹកនាំ​តួ​ក​គី​ក៏​ធ្លាប់បាន​ព្រមាន​ប្រទេស​មួយចំនួន​រួចហើយ​ដែល​ចង់​ការពារ​ក្រុម​ឃើ​ដ​ក្នុង​កាលៈទេសៈ​នេះ​ផងដែរ ខណៈ​ការដក​ទ័ព​របស់​អាមេរិក​ជា​ឱកាសល្អ​សម្រាប់​ទីក្រុង​អង់កា​រ៉ា​ក្នុងការ​លុប​បំ​បាត​ការគំរាមកំហែង​លើ​សន្តិសុខ​របស់ខ្លួន​៕
 

Tag:
 អាមេរិក​
  តួ​ក​គី​
  ស៊ី​រី​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com