ជាតិ
សង្គមជាតិ
ស៊ុយអែតជួយ RUPP ប្រែក្លាយពី«រៀនតាមសៀវភៅ ទៅជារៀនបែបស្រាវជ្រាវ នៅថ្នាក់ក្រោយឧត្តម»
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមើលឃើញពីលទ្ធភាពផ្លាស់ប្ដូរយ៉ាងសំខាន់របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ទៅលើផ្នែកពិសោធន៍ ស្រាវជ្រាវ បន្ទាប់ពីប្រទេសស៊ុយអែតសម្រេចជួយលើផ្នែកនេះ ដែលគ្រោងចំណាយ ១០លានដុល្លារអាមេរិក។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាការបណ្ដុះបណ្ដាលរបស់គ្រឹះស្ថានអប់រំផ្សេងៗនៅកម្ពុជាភាគច្រើន គឺជាការរៀនតាមសៀវភៅ មិនមែនជាការរៀនដែលផ្ដោតការស្រាវជ្រាវនោះទេ ពោលគឺមើលទ្រឹស្ដីពីសៀវភៅដែលមានស្រាប់ មិនមែនរកឃើញថ្មី។ ដូចនេះហើយប្រទេសស៊ុយអែត នឹងជួយឧបត្ថម្ភ ដើម្បីប្រែក្លាយការរៀនបែបទ្រឹស្ដីទៅជារៀនបែបស្រាវជ្រាវ ពិសោធន៍បង្កើតថ្មី។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារុ៉ន ថ្លែងដូច្នេះថា៖«ភាគច្រើននៅកម្ពុជា ផ្ដោតការបង្រៀនសុទ្ធសាធ អត់មានការស្រាវជ្រាវទេ។ ដូច្នេះយើងមានចក្ខុវិស័យពីសាកលវិទ្យាល័យដែលបង្រៀនសុទ្ធសាធ មកជាសាកលវិទ្យាល័យផ្ដោតលើការស្រាវជ្រាវ ដើម្បីពង្រឹងសមត្ថភាពរបស់គ្រូផង ព្រោះបើអត់ស្រាវជ្រាវ នោះគាត់បង្រៀនអ្វីដដែលៗ និងមួយទៀតដើម្បីរកអ្វីថ្មី ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ»។
ស៊ុយអែតបានជ្រើសរើសអនុវត្តគម្រោងរបស់ខ្លួនជាមួយ RUPP ដែលគិតជាទឹកប្រាក់ចំនួន ១០លានដុល្លារអាមេរិក សម្រាប់រយៈពេលសាកល្បង ៤ឆ្នាំ។ មូលនិធិនេះ ផ្ដោតសំខាន់លើការសិក្សាថ្នាក់អនុបណ្ឌិត បណ្ឌិត ពិសេសលើមុខវិជ្ជាវិទ្យាសាស្ត្រពិត។ ស៊ុយអែត មិនទម្លាក់លុយទាំងដុលនោះទេ តែគេនឹងសហការជាមួយ RUPP ជាប្រចាំ។ តាមមូលនិធីiនេះ ស៊ុយអែតនឹងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបរិក្ខាផ្នែកមន្ទីរពិសោធន៍ ផ្នែកព័ត៌មានវិទ្យា អ៊ីនធឺណិតសម្រាប់ក្រាស្រាវជ្រាវ បណ្ណាល័យទំនើប និងពង្រឹងសមត្ថភាពធនធានមនុស្សរបស់ RUPP។ ការផ្ដល់អាហារូបករណ៍ទៅសិក្សានៅស៊ុយអែត ការបញ្ជូនសាស្ត្រាចារ្យពីប្រទេសនេះមកកម្ពុជា នឹងត្រូវធ្វើឡើងតាមរយៈគម្រោងមួយនេះ។
ខាងក្រោមនេះ ជាប្រសាសន៍របស់លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជុំវិញគម្រោងគាំទ្ររបស់ស៊ុយអែតដល់សាកលវិទ្យាល័យមួយនេះ៖
© រក្សាសិទ្ធិដោយ thmeythmey.com