ជាតិ
អាជ្ញាធរ​អប្សរា​ប្រាប់​ទៅ Amazon ឲ្យ​ឈប់​លក់​សម្ភារ​បន្ទប់ទឹក​ដែលមាន​រូប​អង្គរវត្ត​
17, Jan 2019 , 5:27 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បានផ្ដល់​បទ​សម្ភាស​ដ​ល់​សារព័ត៌មាន​ថ្មីៗ​ថា អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្ញើលិខិត​ទៅ​ក្រុមហ៊ុន Amazon ឱ្យ​ឈប់​លក់​ផលិតផល​ប្រើប្រាស់​ក្នុង​បន្ទប់ទឹក ដែលមាន​រូប​ប្រាសាទអង្គរវត្ត​បន្តទៀត​។​


 
​បើ​តាមលោក ឡុង កុសល ខ្លឹមសារ​លិខិត​ដែល​ផ្ញើ​ទៅ ក្រុមហ៊ុន Amazon មាន​ពីរ​ចំណុច​សំខាន់ៗ គឺ​ត្រូវ​បញ្ឈប់​ការលក់​ផលិតផល​ទាំងឡាយណា ដែល​ធ្វើឱ្យប៉ះពាល់​តម្លៃ​របស់​ប្រាសាទអង្គរវត្ត ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ចំណុច​ទី​២​រាល់​ប្រាសាទ​ទាំងអស់​រួមមាន​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​ដទៃទៀត ក្នុង​ដែន​អភិរក្ស​របស់​អាជ្ញាធរ​ជាតិ​អប្សរា ហាម​យកទៅ​ផ្សព្វផ្សាយ​ក្នុង​រូបភាព​ដែល​មិនឱ្យ​តម្លៃ​។ 
 
​អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ ៖« ការងារ​នេះ​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ជាមួយ​ក្រសួង​វប្បធម៌​និង វិចិត្រសិល្បៈ ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្លាំង​ពី​លោក ជំទាវ ភឿង ស​កុ​ណា យើង​បាន​ផ្ញើលិខិត​ទៅ​ក្រុមហ៊ុន​នោះ​ហើយ​។ ខ្លឹមសារ​សំខាន់​ក្នុង​លិខិត​នោះ គឺ​យើង​ហាម​ក្រុមហ៊ុន Amazon លក់​ផលិតផល​ទាំងនោះ​ទៀត​។ ទី​ពីរ​រាល់​ប្រាសាទ​ទាំងអស់​មាន​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​ផ្សេងៗ​ទៀត ដែល​ស្ថិតក្នុង​ដែន​អភិរក្ស​របស់​អាជ្ញាធរ​ជាតិ​អប្សរា ហាម​យកទៅ​ផ្សព្វផ្សាយ​ក្នុង​រូបភាព​មិនឱ្យ​តម្លៃ​»​។​
 
​សូមបញ្ជាក់ថា ក្រុមហ៊ុន Amazon បាន​ផលិត​សម្ភារ​សម្រាប់​តុបតែង និង​ប្រើប្រាស់​ក្នុង​បន្ទប់ទឹក​ជាច្រើន​ប្រភេទ ដែល​សម្ភារ​ទាំង​នោះបាន​បង្ហាញឱ្យឃើញ​ការមិន​ឱ្យ​តម្លៃ​ប្រាសាទអង្គរវត្ត ៕

Tag:
 អាជ្ញាធរ​ជាតិ​អប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com