អន្តរជាតិ
មេដឹកនាំ​ចាស់​ជាងគេ ជួប​មេដឹកនាំ​ក្មេង​ជាងគេ​លើ​ពិភពលោក​
22, Jan 2019 , 3:47 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ចាប់ដៃអធិការបតីអូទ្រីស សេបាស្ទៀន ឃើស (រូបភាព Bernama)
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ចាប់ដៃអធិការបតីអូទ្រីស សេបាស្ទៀន ឃើស (រូបភាព Bernama)
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​២១ ខែមករា បាន​ជួប​ជាមួយ​អធិការបតី​អូទ្រីស សេ​បា​ស្ទៀ​ន ឃើ​ស (Sebastian Kurz) ។ ការ​ចាប់ដៃគ្នា​នេះ បាន​បង្កើតជា​ប្រវត្តិសាស្ត្រ​មួយ គឺ​មេដឹកនាំ​ចាស់​ជាងគេ​លើ​ពិភពលោក ជួប​ជាមួយ​មេដឹកនាំ​ក្មេង​ជាងគេ​លើ​ពិភពលោក​។ លោក មហា​ធៀ បានប្រកាស​ស្វាគមន៍​ទុនវិនិយោគ​អូទ្រីស​នៅ​ម៉ាឡេស៊ី​។

 
​ក្នុង​វ័យ​៩៣​ឆ្នាំ លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ គឺជា​ប្រមុខ​រដ្ឋាភិបាល​ចាស់​ជាងគេ​លើ​ពិភពលោក ឯ​លោក សេ​បា​ស្ទៀ​ន ឃើ​ស ក៏​ជា​ប្រមុខ​រដ្ឋាភិបាល​ក្មេង​ជាងគេ​របស់​ពិភពលោក​ក្នុង​វ័យ​៣២​ឆ្នាំ​។ លោក មហា​ធៀ ជួប​លោក ឃើ​ស នៅឯ​ទីក្រុង​វី​យែ​ន​នៅ​ថ្ងៃទី​២១ ខែមករា អំឡុងពេល​ទស្សនកិច្ច​ការងារ​បី​ថ្ងៃ​នៅ​អូទ្រីស​។ នេះ​ក៏​ជា​ទស្សនកិច្ច​លើកដំបូង​របស់​មេដឹកនាំ​ម៉ាឡេស៊ី​រូបនេះ​នៅ​អូទ្រីស​តាំងពី​ឆ្នាំ​១៩៨៥ មក​។​
 
​លោក មហា​ធៀ ធ្លាប់​កាន់តំណែង​នាយករដ្ឋមន្ត្រី​២២​ឆ្នាំ​ម្ដង​ហើយ​ចន្លោះ​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​២០០៣ និង​ទើប​កាន់តំណែង​នេះ​ម្ដងទៀត​នៅ​ឆ្នាំ​២០១៨ មក​។ ឯ​លោក ឃើ​ស វិញ ធ្លាប់ជា​រដ្ឋមន្ត្រីការបរទេស​វ័យក្មេង​ចាប់ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧ មុននឹង​ក្លាយជា​អធិការបតី​អូទ្រីស​ចាប់ពី​ឆ្នាំ​២០១៧ ។​
 
​បើតាម​សារព័ត៌មាន​ម៉ាឡេស៊ី Bernama មេដឹកនាំ​ទាំងពីរ​បាន​ជជែក​គ្នា​លើ​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ការជំរុញ​ពាណិជ្ជកម្ម​និង​ការវិនិយោគ ការអប់រំ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ទេសចរណ៍ និង​បញ្ហា​តំបន់ និង​អន្តរជាតិ​ជាច្រើន​ទៀត​។ នា​ជំនួប​នេះ លោក មហា​ធៀ ចង់ឃើញ​ការវិនិយោគ​កាន់តែច្រើន​ពី​អូទ្រីស​ទៅ​ម៉ាឡេស៊ី ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​។ 
 
​ចំណែក​លោក ឃើ​ស វិញ បាន​អរគុណ​លោក មហា​ធៀ ដែល​ចំណាយពេល​ជួប​លោក​។ ក្រោយ​ការជួប​ចរចា​៤០​នាទី អធិការបតី​អូទ្រីស​វ័យក្មេង​រូបនេះ​និយាយថា​៖ លោក​ដឹងគុណ​ដែល​បាន​ជួប​ជាមួយ​មេដឹកនាំ​សម្បូរ​បទពិសោធ និង​ចាស់​ជាងគេ​របស់​ពិភពលោក​។ ជា​មេដឹកនាំ​ក្មេង​ជាងគេ​បំផុត ខ្ញុំ​មានរឿង​ច្រើន​ដែល​ត្រូវ​រៀន​ពី​គាត់​។​»
 
​លើ​វិស័យ​ពាណិជ្ជកម្ម​វិញ លោក ឃើ​ស អះអាងថា មាន​សក្ដានុពល​ជាច្រើន​សម្រាប់​ការធ្វើ​ជំនួញ​ទៀត​ពិសេស​វិស័យ​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​។ មេដឹកនាំ​អូទ្រីស​ចង់ឃើញ​ប្រទេស​ទាំងពីរ​ធ្វើការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ផងដែរ​៕
 

Tag:
 ម៉ាឡេស៊ី​
  អូទ្រីស​
  មហា​ធៀ មហាម៉ាត់​
  Sebastian Kurz
© រក្សាសិទ្ធិដោយ thmeythmey.com