អន្តរជាតិ
ជម្លោះ​ប្រជុំ​កោះ​គូ​រី​ល​៖ ជំនួប​ចរចា​ពូ​ទីន​-​អា​បេ​នៅ​មូ​ស្គូ គ្មាន​បាន​ផល
23, Jan 2019 , 4:08 pm        
រូបភាព
​ជំនួប​រវាង​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃទី​២២ ខែមករា មិនអាច​សម្រេចបាន​កិច្ចព្រមព្រៀង​ណាមួយ​ជុំវិញ​ជម្លោះ​អធិបតេយ្យភាព​លើ​ប្រជុំ​កោះ​គូ​រី​ល​។ ជម្លោះ​នេះ គឺជា​ឆ្អឹង​ទទឹង​ក​ដែល​ក្នុង​ការចរចា​សន្ធិសញ្ញា​សន្តិភាព​រវាង​រុស្ស៊ី និង​ជប៉ុន​តាំងពី​ការ​ចប់​សង្គ្រាមលោកលើកទីពី​រម​ក​។ លោក ពូ​ទីន និយាយថា ភាគី​ទាំងពីរ​មាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ ហើយ​រុស្ស៊ី​ក៏ត្រូវ​ស្ដាប់​មតិ​ក្នុងស្រុក​របស់ខ្លួន​ដែរ​។​

 
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បានធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​មូ​ស្គូ​នៅ​ថ្ងៃទី​២២ ខែមករា ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ជុំវិញ​ជម្លោះទឹកដី​នៅ​ប្រជុំ​កោះ​គូ​រី​ល ដែល​ជប៉ុន​ចាត់ទុកជា​ទឹកដី​ខាងជើង​។ នេះ​ជា​ជំនួប​លើក​ទី​២៣ រវាង​លោក អា​បេ និង​លោក ពូ​ទីន ចាប់តាំងពី​ឆ្នាំ​២០១៣ មក ដែល​នេះ​ជាការ​កសាង​ទំនុកចិត្ត​រវាង​គ្នា ស្រប​ដែល​ជម្លោះទឹកដី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​នៅតែ​ជា​ឧបសគ្គ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ដដែល​។​


ប្រជុំកោះគូរីល (រូបភាព Al Jazeera)
 
​យ៉ាងណាមិញ ជំនួប​ទ្វេភាគី​នេះ មិនមាន​លទ្ធផល​អ្វី​ឡើយ ទោះជា​លោក អា​បេ អះអាងថា លោក​បាន​ជជែក​ជាមួយ​លោក ពូ​ទីន ដោយ​គ្មាន​ការលាក់លៀម​គ្នា​អ្វី​ក្ដី​។ លោក​បន្តថា ភាគី​ទាំងពីរ​បន្តការងារ​រ​បស់​ខ្លួន​ទៀត​។ ឯ​លោក ពូ​ទីន វិញ​និយាយថា ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន គឺមាន​ប្រយោជន៍ នឹង​ខ្លឹមសារ​ច្រើន ប៉ុន្តែ​នៅមាន​ការងារ​លម្អិត​ជាច្រើន​ដែល​ត្រូវបំពេញ មុននឹង​សម្រេចបាន​កិច្ចព្រមព្រៀង​ណាមួយ​នោះ​។​
 
​សាវតារ​ជម្លោះ​ដណ្ដើម​កោះ​គូ​រី​ល​រវាង​រុស្ស៊ី និង​ជប៉ុន​
 
​ប្រជុំ​កោះ​គូ​រី​ល ជា​បណ្ដុំ​កោះ​ចំនួន​៤ ដែល​ស្ថិតនៅ​ខាងជើង​បំផុត​របស់​ជប៉ុន ក្បែរ​កោះ​ហុក​កៃ​ដូ​ក្នុង​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ពីគ្នា​ប៉ុណ្ណោះ​។ កងទ័ព​សូ​វៀតបាន​ដណ្ដើម​កាន់កាប់​កោះ​នេះ​នៅពេល​ចុងក្រោយ​នៃ​សង្គ្រាមលោកលើកទីពីរ ពេល​ជប៉ុន​កំពុង​ធ្លាក់ដៃ​ក្នុង​សង្គ្រាម និង​រងគ្រោះ​ដោយសារ​ការទម្លាក់​គ្រាប់​នុយក្លេអ៊ែរ​ពីរ​គ្រាប់​ផង​។ ជម្លោះ​ទាមទារ​ដែន​កោះ​ទាំង​៤ ធ្វើ​ឲ្យ​ការចរចា​សន្ធិសញ្ញា​សន្តិ​ភាព​រវាង​រវាង​រុស្ស៊ី និង​ជប៉ុន ត្រូវ​ជាប់គាំង​រហូតមក​។ 
 
​កោះ​ទាំង​៤ មានដូចជា​កោះ Iturup ដែល​ជប៉ុន​ហៅថា​កោះ Etorofu , Kunashir ឬ Kunashiri, Shikotan និង Habomai ។ ប្រជុំ​កោះ​នេះ​ស្ថិត​ចុង​ខាងត្បូង​បំផុត​នៃ​ខ្សែ​ភ្នំភ្លើង ដែល​ខណ្ឌ​ចែក​សមុទ្រ Okhotsk និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ រុស្ស៊ី​ដាក់​ប្រជុំ​កោះ​ទាំងនេះ​ស្ថិតក្រោម​រដ្ឋបាល​កោះ​សាខា​លីន ឯ​ជប៉ុន​ដាក់​ក្នុងការ​គ្រប់គ្រង​របស់​កោះ​ហុក​កៃ​ដូ​។ 
 
​មុន​ឆ្នាំ​១៩៤៥ ប្រជុំ​កោះ​គូ​រី​ល ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ជប៉ុន​បន្ទាប់ពី​យកឈ្នះ​រុស្ស៊ី​ក្នុង​សង្គ្រាម​១៩០៥ ។ យ៉ាងណាក្ដី ជប៉ុន​ដែល​បរាជ័យ​ក្នុង​សង្គ្រាមលោកលើកទី​២ បាន​បាត់បង់​ការគ្រប់គ្រង​កោះ​នេះ​ទាំងស្រុង​នៅ​ចុងខែ​សីហា ឆ្នាំ​១៩៤៥ ក្រោយពេល​យោធា​ជប៉ុន​ប្រកាស​ចុះចាញ់​។ រុស្ស៊ី​ធ្លាប់​អះអាងថា ប្រធានាធិបតី​អាមេរិក Franklin Roosevelt សន្យា​ចំពោះមុខ​លោក Joseph Stalin នៅ​ឆ្នាំ​១៩៤៥ ថា សូ​វៀត​អាច​យក​ប្រជុំ​កោះ​គូ​រី​ល​បាន បើ​ចូលប្រឡូក​សង្គ្រាម​។​
 
​កាលពី​ឆ្នាំ​១៩៥៦ មេដឹកនាំ​សូ​វៀត Nikita Krushchev ធ្លាប់​ស្នើ​ប្រគល់​កោះ​តូចៗ​ចំនួន​ពីរ​គឺ Shikotan និង Habomai ទៅ​ឲ្យ​ជប៉ុន ជា​ថ្នូរ​ការចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​។ ប៉ុន្តែ​គំនិត​នេះ​បរាជ័យ​បន្ទាប់ពី​ជប៉ុន​ចងសម្ព័ន្ធភាព​យោធា​ជាមួយ​អាមេរិក​។ យ៉ាងណាមិញ លោក ពូ​ទីន បង្ហើប​ថា រុស្ស៊ី​មាន​ចំណាប់អារម្មណ៍​ដោះស្រាយ​បញ្ហា​តាម​សេចក្ដីប្រកាស​ឆ្នាំ​១៩៥៦ នេះដែរ​។ ប៉ុន្តែ​លោក​ក៏ត្រូវ​សួរ​ប្រជាជន​រុស្ស៊ី​ថា ពួកគេ​ចង់​ឲ្យ​កោះ​ទៅ​ជប៉ុន​ឬ​យ៉ាងណា​។ 
 
​ហេតុអ្វី​រុស្ស៊ី និង​ជប៉ុន​ឈ្លោះ​គ្នា​ដណ្ដើម​កោះ​គូ​រី​ល​? 
 
​ការគ្រប់គ្រង​ប្រជុំ​កោះ​មួយក្រុម​នេះ ជា​កត្តា​យុទ្ធសាស្ត្រ​យោ​ធាំ​មួយ​។ ពោល គឺ​នាវាចម្បាំង​រុស្ស៊ី និង​នាវាមុជទឹក​របស់​កង​នាវាចម្បាំង​ប្រចាំ​ប៉ាស៊ីហ្វិក​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក អាចធ្វើ​ដំណើរ​ចេញចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​គ្រប់ពេល​ទាំងអស់​។ នេះ​ក៏​ព្រោះតែ​ច្រក​សមុទ្រ​រវាង​កោះ Kunashir និង​កោះ Iturup មិន​កក​រឹង​ឡើយ​ក្នុង​រដូវ​ត្រជាក់ ដែល​នេះ​ជា​ចំណុច​អំណោយផល​បំផុត​សម្រាប់​យោធា​។​
 
​កន្លងមក រុស្ស៊ី​ក៏បាន​បង្កើត​មូលដ្ឋានទ័ព និង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​រួចហើយ​លើ​ប្រជុំ​កោះ​ដែល​ប្រជាជន​ប្រមាណ​ពីរម៉ឺន​នាក់​។ ក្រៅពី​ផលប្រយោជន៍​យោធា ដែន​កោះ​មួយក្រុម​នេះ​ក៏មាន​សក្ដានុពល​ច្រើន​លើ​វិស័យ​នេសាទ ថាមពលខ្យល់ និង​ទេសចរណ៍​ផង​។ កាន់តែ​ពិសេស​នោះ ប្រជុំ​កោះ​គូ​រី​ល​ក៏​សម្បូរ​ដោយ​រ៉ែ​កម្រ​រ៉េ​ញ៉ូ​ម​ដែល​ប្រើ​សម្រាប់​ការផលិត​យន្តហោះ​ល្បឿន​លឿន​ទៀតផង​៕ 
 

Tag:
 ​រុស្ស៊ី​
  ជប៉ុន​
  ប្រជុំ​កោះ​គូ​រី​ល​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  ស៊ីន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com