ជាតិ
អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាត់វិធានការ​ម៉ឺងម៉ាត់ បើ​Amazon គ្មាន​ការឆ្លើយតប​ណាមួយ​
23, Jan 2019 , 4:31 pm        
រូបភាព
រូបពីហ្វេសប៊ុករបស់លោក ឡុង កុសល
រូបពីហ្វេសប៊ុករបស់លោក ឡុង កុសល
​ភ្នំពេញ​៖ រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​Amazon នៅ​មិនទាន់​ឆ្លើយតប​ថា​យ៉ាងណា​នៅឡើយ មក​ក្រសួង​វប្បធម៌ ក៏ដូចជា​អាជ្ញាធរ​ជាតិ​អប្សរា​។ អាជ្ញាធរ​ជាតិ​អប្សរា ព្រមាន​ចាត់វិធានការ​ម៉ឺងម៉ាត់ ក្រុមហ៊ុន​Amazon នៅតែ​ព្រងើយកន្តើយ​ចំពោះ​ទង្វើរ​ខ្លួន​។​


 
​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​បញ្ជាក់ថា កម្ពុជា​នៅ​រង់ចាំ​ចម្លើយ​ពី​ក្រុមហ៊ុន Amazon ដែល​កម្ពុជា ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​លក់ និង​ផ្សព្វផ្សាយ​ផលិតផល​តែង​លម្អរ និង​សម្ភារ​បន្ទប់ទឹក ដែលមាន​រូប​ប្រាសាទ និង​ទង់ជាតិ​ខ្មែរ​។ បើសិនជា​ក្រុមហ៊ុន​ដ៏​ធំ ដែលមាន​ទីតាំងនៅ​អាមេរិក​មួយ​នេះ នៅតែ​ព្រងើយកន្ដើយ​ចំពោះ​ការលើកឡើង​របស់​កម្ពុ​ជា​ទៀត​នោះ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ចាត់វិធានការ​ម៉ឺងម៉ាត់​ទៅ​Amazon តែម្ដង​។ ប៉ុន្តែ​វិធានការ​យ៉ាងណា​នោះ លោក កុសល មិនទាន់​អាច​បញ្ជាក់​ឱ្យបាន​ច្បាស់​នៅឡើយ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា ៖« បើ​ឱ្យ​ខ្ញុំ​ប្រាកដថា​គេ​នៅ​បន្ត​លក់ ឬក៏​ឈប់​លក់ ផលិតផល​នោះ យើង​មិនអាច​ប្រាកដ​បានទេ​។ ប៉ុន្តែ​គ្រាន់តែ​ខ្ញុំ​ជម្រាប​ថា ការងារ​នេះ​យើង​ធ្វើ​ម៉ឺងម៉ាត់ យើង​បាន​ទាក់ទង​ទៅ​ក្រសួងការបរទេស ទៅ​ស្ថានទូត ដើម្បី​ដោះស្រាយ​រឿងនេះ​។ នៅពេលនេះ​យើង​មិនទាន់​អាច​ប្រាប់​ពី​វិធានការ​ថា​ធ្វើយ៉ាងណា​បានឡើយ​»​។​
 
​ដើម្បី​បង្ការ​កុំឱ្យ​កើតមាន​រឿងហេតុ​ដូច​ករណី​ក្រុមហ៊ុន Amazon ទៅ​ថ្ងៃ​ខាងមុខ អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ច្បាប់​ស្ដីពី ការប្រើប្រាស់​រូបភាព និង​ពាក្យពេចន៍​ទាក់ទង​នឹង​ពាក្យ​ថា​«​អង្គរ​»​។  «​តាមពិត​កិច្ចការ​នេះ​យើង​បានរៀបចំ​យូរហើយ តែ​ដោយមាន​បញ្ហា​បច្ចេកទេស​មួយចំនួន ទើប​យើង​អាក់ខាន​ទៅវិញ​។ ឥឡូវ​យើង​កំពុងតែ​ធ្វើ​ច្បាប់ តាំងពី​ការប្រើប្រាស់​ពាក្យពេចន៍​(​ប្រាសាទ​អង្គរ​) ទាំង​ការប្រើប្រាស់​រូបភាព​។ ព្រោះថា​ពាក្យ​ថា​អង្គរ​នេះ មិនមែន​គ្រាន់តែ​សំដៅទៅ​តែ​ប្រាសាទ​ទេ គឺ​សំដៅ​ទៅដល់​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ អី​ទាំង​អស់ហ្នឹង​។ ចឹ​ង​យើង​ត្រូវធ្វើ​ច្បាប់​ការពារ​»​។ នេះ​បើតាម​លោក ឡុង កុសល​។​
 
​រូបភាព​នៃ​ប្រាសាទអង្គរវត្ត ដោយ​រួមមាន អង្គរវត្ត តា​ព្រហ្ម បាយ័ន ឬ​បឹងមាលា ដែល​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក តាំងពី​ឆ្នាំ​១៩៩២ និង​ទទួលបាន​អត្ថប្រយោជន៍​ពី​អង្គការ​អភិរក្ស​អន្តរជាតិ (UNESCO) ចាប់តាំងពី​ឆ្នាំ​២០០៧ ត្រូវបាន​ក្រុមហ៊ុន Amazon ប្រើប្រាស់​ផលិត​ទំនិញ​មួយចំនួន ដូចជា​គម្រប​បង្គន់ កម្រាល​បន្ទប់ទឹក កម្រាល​ជើង​មុខ​បង្គន់ វាំងនន​ងូតទឹក និង​កម្រាល​ផ្ទះបាយ​ជាដើម​៕

Tag:
 អាជ្ញាធរ​ជាតិ​អប្សរា​
  ប្រាសាទ​អង្គរ​
  បេតិកភណ្ឌ​ពិភពលោក​
  Amazon
© រក្សាសិទ្ធិដោយ thmeythmey.com