អន្តរជាតិ
ហុងកុង បង្កើត​ច្បាប់​ដាក់ទោស​លើ​អ្នក​ចំអក​ភ្លេង​ជាតិចិន​
23, Jan 2019 , 9:59 pm        
រូបភាព
រូបភាព AP
រូបភាព AP
​រដ្ឋាភិបាល​ហុងកុង នៅ​ថ្ងៃទី​២៣ ខែមករា បានដាក់​សេចក្ដីព្រាងច្បាប់​ភ្លេងជាតិ​ទៅកាន់​សភា ដើម្បី​សុំ​ការអនុម័ត​។ តាម​សេចក្ដីព្រាងច្បាប់​នេះ ទង្វើ​មាក់ងាយ​ភ្លេង​ជាតិចិន ជា​ទោសឧក្រិដ្ឋ ដែល​ត្រូវមាន​ទោសទណ្ឌ ឬ​ការផាកពិន័យ​ជា​ប្រាក់​ធ្ងន់ធ្ងរ​។ សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ និង​ក្រុម​មាន​និន្នាការ​ទៅរក​ឯករាជ្យ​នៅ​ហុងកុង បាន​រិះគន់​រដ្ឋាភិបាល​យ៉ាងខ្លាំង និង​ចាត់ទុក​សេចក្ដីព្រាងច្បាប់​នេះ​ជាការ​បំពាន​សេរីភាព​បញ្ចេញមតិ​ក្នុង​ទីក្រុង​មួយ​នេះ​។​

 
​ជន​ណា​ដែល​មិន​គោរព​ភ្លេង​ជាតិចិន អាច​ជាប់ពន្ធនាគា​រដ​ល់​ទៅ​៣​ឆ្នាំ ឬ​ត្រូវ​ផាកពិន័យ​ទឹកប្រាក់​ដល់​ទៅជិត​៦៥០០​ដុល្លារ​។ នេះ​បើតាម​សេចក្ដីព្រាងច្បាប់​ភ្លេងជាតិ​ដែល​បញ្ជូន​ទៅកាន់​សភា​ដោយ​រដ្ឋាភិបាល​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៅ​ថ្ងៃទី​២៣ ខែមករា​។ សំណើ​នេះ បង្ក​ជា​កំហឹង​យ៉ាងខ្លាំង​ក្នុងចំណោម​សកម្មជន​សិទ្ធិមនុស្ស និង​គាំទ្រ​ប្រជាធិបតេយ្យ​របស់​ហុងកុង ដ្បិត​ច្បាប់​ថ្មី​អាច​ត្រូវ​ប្រើ​ដើម្បី​កំហិត​សេរីភាព​បញ្ចេញមតិ​។​
 
​បើតាម​កាសែត South China Morning Post បន្ថែម​ពី​ការដាក់ទោសទណ្ឌ និង​ការផាកពិន័យ​នេះ សំណើ​ច្បាប់​នេះ ក៏​ផ្ដល់​សិទ្ធិ​ឲ្យ​ប៉ូលិស​ដល់​ទៅ​ពីរ​ឆ្នាំ​ដើម្បី​ស៊ើបអង្កេត​ជនសង្ស័យ និង​តម្រូវ​ឲ្យ​សិស្ស​ច្រៀង និង​រៀន​ពីបទ March of Volunteer ដែលជា​ភ្លេង​ជាតិចិន​។ រដ្ឋលេខាធិការ​កិច្ចការ​ធម្មនុញ្ញ និង​ទំនាក់ទំនង​ជាមួយ​ដីគោក​លោក Patrick Nip Tak-kuen ជា​អ្នក​ដាក់​សេចក្ដីព្រាងច្បាប់​ទៅ​សភា​ហុងកុង​។ 
 
​ការជជែក​លើកទីមួយ​លើ​សេចក្ដីព្រាង​នេះ បានធ្វើ​ទៅដោយ​រលូន ប៉ុន្តែ​ការតវ៉ា និង​ការប្រឆាំង​បានចាប់ផ្ដើម​ពុះកញ្ជ្រោល​ក្នុងចំណោម​អ្នកការពារ​សិទ្ធិសេរីភាព​។ លោក Nip និយាយ​ការពារ​សេចក្ដីព្រាងច្បាប់​នេះ​ថា ជាការ​រក្សា​គោលបំណង​របស់​ច្បាប់​ភ្លេងជាតិ​របស់​ដីគោក និង​ការពារ​តម្លៃ​ភ្លេងជាតិ ព្រម​គ្នា​នឹង​ការគិតគូរ​ពី​ប្រព័ន្ធ​ច្បាប់​ហុងកុង​។ លោក​បន្តថា បុគ្គល​ដែល​គ្មាន​បំណង​មាក់ងាយ​ភ្លេងជាតិ នឹងមិន​ល្មើសច្បាប់​នេះឡើយ​។​
 
​មេដឹកនាំ​បក្សប្រឆាំង​លោក Fernando Cheung Chiu-hung បាន​ប្រតិកម្ម​នឹង​សំណើ​ច្បាប់​នេះ និង​ចាត់ទុកថា នេះ​មិនមែនជា​ផ្លូវ​ដើម្បី​ទទួលបាន​ការគោរព​ដោយស្មោះ​ត្រង់​ឡើយ តែ​ជាការ​ចាប់បង្ខំ​ឲ្យ​គោរព​ទៅវិញ​។ យ៉ាណា​មិញ សំឡេង​ប្រឆាំង​ទំនង​មិន​គ្មាន​បានការ​ទេ ដ្បិត​បក្សប្រឆាំង​គ្មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​បង្អាក់​នីតិវិធី​ឡើយ​។ តាម​ការគ្រោងទុក សភា​ហុងកុង​នឹង​អនុម័ត​សេចក្ដីព្រាង​នេះ​ដោយ​ស្រួល​ក្នុង​ខែកក្កដា​។​
 
​តាមពិតទៅ ករណី​ចំអក​ភ្លេងជាតិ​ចិន​នៅ​ហុងកុង ច្រើន​កើតឡើង​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​។ ប្រជាជន​ហុងកុង​ដែល​ចាត់ទុក​ខ្លួន​ថា មិនមែន​ជនជាតិ​ចិន​នោះ តែង​ស្រែក​រំខាន​ពេល​ភ្លេង March of Volunteer ចាក់​ម្ដងៗ​។ ពួកគេ​ចាត់ទុក​ទង្វើ​បែប​នោះ ជាការ​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​សកម្មភាព​ជ្រៀតជ្រែក​របស់​ប៉េកាំង​ចូល​កិច្ចការ​ហុងកុង​៕

Tag:
 ចិន​
  ហុងកុង​
© រក្សាសិទ្ធិដោយ thmeythmey.com