អន្តរជាតិ
លោក ប្រា​យុទ្ធ ថា ចូលរួម​ជាមួយ​បក្ស​ដែល​អនុវត្ត​គោលនយោបាយ​របប​សឹក​ប៉ុណ្ណោះ​
23, Jan 2019 , 10:39 pm        
រូបភាព
រូបភាព The Nation
រូបភាព The Nation
​មេដឹកនាំ​របប​យោធា​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​២២ ខែមករា បានប្រកាស​ស្វាគមន៍​បក្សនយោបាយ​ណា​ដែល​ចង់​ឲ្យ​លោក​ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ពួកគេ​។ ប៉ុន្តែ​លោក ប្រា​យុទ្ធ ប្រកាស​មុន​ថា លោក​ចូលរួម​ជាមួយ​បក្ស​ដែល​មិន​គិតពី​ខ្លួនឯង ហើយ​បន្ត​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​បច្ចុប្បន្ន​ប៉ុណ្ណោះ​។ លោក​ក៏​ឆ្លៀត​ព្រមាន​បក្សនយោបាយ​ខ្លះ​ដែល​សន្យា​ធ្វើ​អ្វីដែល​មិនអាច​ទៅ​ដែរ​។​

 
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ប្រាប់​ឲ្យ​បក្សនយោបាយ​ទាំងឡាយណា​ដែល​ចង់​ឲ្យ​លោក​ចូលរួម​ជាមួយ មក​ទាក់ទង​រូបលោក​ដើម្បី​ជជែក​គ្នា ប៉ុន្តែ​ចូលរួម​ឬ​អត់​នោះ លោក​នឹង​សម្រេចចិត្ត​តាម​ក្រោយ​។ លោក ប្រា​យុទ្ធ ប្រកាស​បែបនេះ ខណៈដែល​ការ​ស្ថានភាព​នយោបាយ​នៅ​ថៃ​តានតឹង​ជាថ្មី​ជុំវិញ​ការកំណត់​កាលបរិច្ឆេទ​បោះឆ្នោត​ផ្លូវការ​។ កាលបរិច្ឆេទ​បោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ទំនងជា​មិនអាច​កើតឡើង​ឡើយ​។​
 
​ថ្លែង​ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២២ ខែមករា លោក ប្រា​យុ​ទ្ទ អះអាងថា ប្រសិនបើ​លោក​ចង់​បន្តការងារ​សព្វថ្ងៃ លោក​ត្រូវ​ចូលរួម​ជាមួយ​បក្សនយោបាយ​ណាមួយ ដែល​មោះមុត មិន​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន និង​តាំងចិត្ត​ផ្លាស់ប្ដូរ​ដើម្បី​ភាពល្អប្រសើរ​របស់​ជាតិ​។ យ៉ាងណាមិញ បក្ស​ដែល​ព្យាយាម​កែប្រែ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​សព្វថ្ងៃ នឹង​មិនអាច​ទាក់ទាញ​លោក​ឡើយ ហើយ​ការប្រឹងប្រែង​ផ្លាស់ប្ដូរ​កម្មវិធី​រដ្ឋាភិបាល​យោធា ជា​រឿង​អត់​ប្រយោជន៍​។​
 
​កន្លងមក បក្សនយោបាយ​ថ្មី Palang Pracharath បានប្រកាស​គាំទ្រ​លោក ប្រា​យុទ្ធ ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​បក្ស​ពួកគេ​។ ប៉ុន្តែ​ពេល​សួរថា បក្ស​នេះ​មាន​ទាក់ទង​លោក​ឬ​នៅ​នោះ មេដឹកនាំ​រដ្ឋាភិបាលយោធា​រូបនេះ​ឆ្លើយថា មិនទាន់​ទេ​។ បក្ស Palang Pracharath នេះ ត្រូវបង្កើត​ដោយ​រដ្ឋមន្ត្រី​មួយចំនួន​ក្នុងគណៈ​រដ្ឋមន្ត្រី​របស់​លោក ប្រា​យុទ្ធ ហើយ​ប្រកាស​ជា​ចំហ​ថា គាំទ្រ​របប​ដឹកនាំ​យោធា​ផងដែរ​។ នេះ​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍​។​
 
​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​រូបនេះ​ក៏​ប្រាប់​បក្សនយោបាយ​នានា កុំ​សន្យា​ហួសពេក និង​ពិបាក​អនុវត្ត​ក្នុងពេល​កាន់អំណាច​។ លោក ប្រា​យុទ្ធ ព្រមាន​ថា ការឃោសនា​ទាំងឡាយ​ត្រូវ​ពឹង​ផ្អែកលើ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ និង​ថវិកា​ដែល​គ្រប់គ្រង​ការចំណាយ​របស់​ប្រទេស​។ បើតាម​កថាខណ្ឌ​៥៧ ច្បាប់​ស្ដីពី​បក្សនយោបាយ គោលនយោបាយ​ដែល​ពាក់ព័ន្ធ​ហិរញ្ញវត្ថុ ត្រូវ​កំណត់​ឲ្យ​ច្បាស់​ពី​ព័ត៌មាន​លម្អិត ថវិកា​ចំណាយ ផលប្រយោជន៍​ដែល​ទទួលបាន ផលប៉ះពាល់ និង​ការប្រថុយប្រថាន​ផង​។​
 
«​អ្នក​អាច​និយាយ​អ្វី​ក៏បាន តែ​ខ្ញុំ​មិន​ច្បាស់​ថា អ្នកធ្វើ​វា​បាន​ឬ​អត់​ដែរ​។ គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​មាន​បញ្ញត្តិ​ជាច្រើន​ជុំវិញ​រឿងនេះ ហើយ​ប្រសិនបើ​ត្រូវគេ​ប្ដឹង នោះ​ការអនុវត្ត​នី​ត​វិធី​ច្បាប់​ក៏​កើតឡើង​ដែរ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ប្រា​យុទ្ធ ជុំវិញ​ការសន្យា​របស់​បក្សនយោបាយ​ទាំងអស់​ដែល​ចូលរួម​ការបោះឆ្នោត​នៅពេល​ខាងមុខ​៕ 
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
© រក្សាសិទ្ធិដោយ thmeythmey.com