អន្តរជាតិ
របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ ផ្ដាច់ចំណង​ការទូត​ជាមួយ​អាមេរិក តែ​អាមេរិក​មិន​យល់ព្រម​
24, Jan 2019 , 9:35 am        
រូបភាព
លោក Juan Guaido ដែលតាំងខ្លួនជាប្រធានាធិបតីវ៉េណេស៊ុយអេឡា (រូបភាព AFP)
លោក Juan Guaido ដែលតាំងខ្លួនជាប្រធានាធិបតីវ៉េណេស៊ុយអេឡា (រូបភាព AFP)
​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ នៅ​ថ្ងៃទី​២៣ ខែមករា បានប្រកាស​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​អាមេរិក បន្ទាប់ពី​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ទទួលស្គាល់​ប្រធានសភា​វ៉េ​ណេ​ស៊ុ​អេ​ឡា ជា​មេដឹកនាំ​បណ្ដោះអាសន្ន​។ លោក ម៉ា​ឌុយ​រ៉ូ បាន​ទុកពេល​៧២​ម៉ោង​ឲ្យ​មន្ត្រី​ទូត​អាមេរិក​ចាកចេញ​ពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ យ៉ាងណាមិញ អាមេរិក​តប​វិញ​ថា ខ្លួន​នៅតែមាន​ចំណង​ការទូត​ជាមួយ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដដែល តែមាន​ជាមួយ​មេដឹកនាំ​ថ្មី មិនមែន​រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ ឡើយ​។​

 
​សហរដ្ឋអាមេរិក មិន​អើពើ​នឹង​ការប្រកាស​ផ្ដាច់ទំនាក់ទំនង​ការទូត​របស់​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ ឡើយ​។ ការប្រកាស​របស់លោក ម៉ា​ឌុយ​រ៉ូ ធ្វើឡើង​បន្ទាប់ពី​អាមេរិក​ទទួលស្គាល់​លោក Juan Guaido ជា​មេដឹកនាំ​ស្របច្បាប់​តែមួយគត់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​បដិសេធ​ដក​បេសកកម្ម​អាមេរិក​ពី​រដ្ឋធានី​កា​រ៉ា​កាស់ និង​ព្រមាន​ចាត់វិធានការ បើ​បុគ្គលិក និង​មន្ត្រី​ទូត​អាមេរិក​មាន​បញ្ហា​។​
 
​ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​២៣ ខែមករា លោក ប៉ុ​ម​ប៉េ​អូ និយាយថា អាមេរិក​មិនដែល​ទទួលស្គាល់​រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ ឡើយ ដូចនេះ​លោក ម៉ា​ឌុយ​រ៉ូ គ្មាន​អំណាច​អ្វី​ដើម្បី​ផ្ដាច់ទំនាក់ទំនង​ការទូត​ទ្វេភាគី​ឡើយ​។ មានន័យថា អាមេរិក​នឹង​នៅតែ​បន្ត​ចំណង​ការទូត​ជាមួយ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ហើយ​អាមេរិក​នឹងធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​លោក Juan Guaido ដែល​អាមេរិក​ទទួលស្គាល់​ជា ប្រធានាធិបតី​បណ្ដោះអាសន្ន​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​
 
​លោក Juan Guaido ដែលជា​ប្រធានសភា​នោះ បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី ដោយមាន​អាមេរិក ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន​ជាច្រើន​ទទួលស្គាល់​ផង​។ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជា​អ្នក​ប្រកាស​ទទួលស្គាល់ Guaido ជា​សាធារណៈ និង​ត្រៀម​ជួយ​ការបោះឆ្នោត​ផង​។ អ្នកជិតខាង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​មាន​ប្រេ​ស៊ី​ល និង​កូ​ឡុំ​ប៊ី​ក៏​ដើរ​តាម​អាមេរិក​ក្នុងការ​ទទួលស្គាល់​ភាពស្របច្បាប់​របស់លោក Guaido ដែរ​។​
 
​ទោះ​អាមេរិក​មិន​ទទួលស្គាល់ រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស់​ក៏​មិន​ឯកោ​ពេក​ដែរ​។ ប្រទេស​ឆ្វេងនិយម​នៅ​អាមេរិក​មាន​បូ​លី​វី និង​គុយបា សុទ្ធតែ​គាំទ្រ​លោក ម៉ា​ឌុយ​រ៉ូ ខណៈ​ម៉ិ​ក​ស៊ិ​ក​អះអាងថា សម្រាប់​បច្ចុប្បន្ន​ខ្លួន​នឹងធ្វើ​ការ​ជាមួយ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដដែល​។ 
 
​លោក ម៉ា​ឌុយ​រ៉ូ ដែល​ទើប​ស្បថ​ចូលកាន់​តំណែង​អាណត្តិ​ទី​ពីរ បាន​ចោទ​ក្រុមប្រឆាំង​ថា ព្យាយាម​ធ្វើ​រដ្ឋប្រហារ​ដោយមាន​អាមេរិក​នៅ​ពីក្រោយ​ខ្នង​។ ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍ ប្រធានាធិបតី​រូបនេះ​អះអាងថា ក្រុមប្រឆាំង​ចង់​គ្រប់គ្រង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ពី​រដ្ឋធានី​វ៉ាស៊ីនតោន ប៉ុន្តែ​ជា​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នឹង​ការពារ​ទឹកដី​របស់ខ្លួន​។ 
 
​នៅពេលនោះ វ៉េ​ណេ​ស៊ុយ​អេ​ឡា​កំពុងស្ថិត​ក្នុងស្ថានភាព​នយោបាយ​មិន​ច្បាស់លាស់ ហើយ​នឹងមាន​រដ្ឋាភិបាល​ដល់​ទៅ​ពីរ មួយ​គឺ​រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ និង​មួយទៀត​រដ្ឋាភិបាល​លោក Guaido ដែល​គ្មាន​អំណាច​ក្នុងស្រុក​ដែលមាន​អន្តរជាតិ​ជាច្រើន​ទទួលស្គាល់ ហើយ​ប្រើប្រាស់​ទឹកដី​អាមេរិក​ដើម្បី​តស៊ូ​។ ក្នុង​កាលៈទេសៈ​បែបនេះ ការផ្លាស់ប្ដូរ​អំណាចរដ្ឋាភិបាល​នឹង​ពឹង​ផ្អែកលើ​កងទ័ព​វ៉េ​ណេ​ស៊ុយ​អេ​ឡា​តែម្ដង​។​
 
​បច្ចុប្បន្ននេះ កងទ័ព​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅតែ​ស្មោះត្រង់​ប្ដូរផ្ដាច់​នឹង​លោក ម៉ា​ឌុយ​រ៉ូ ដដែល​។ ប៉ុន្មាន​ម៉ោង​ក្រោយ​លោក Guaido ប្រកាស​ខ្លួន​ជា​ប្រធានាធិបតី​នោះ រដ្ឋមន្ត្រី​ការពារជាតិ Vladimir Padrino និយាយថា កងទ័ព​វ៉េ​ណេ​ស៊ុយ​អេ​ឡា មិន​ទទួលស្គាល់​ប្រធានាធិបតី​ដែលមាន​អាមេរិក​ពីក្រោយ​ខ្នង​ឡើយ ហើយ​កងទ័ព​នៅតែ​ប្ដេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ និង​អធិបតេយ្យ​ជាតិ​៕
 

Tag:
 ​អាមេរិក​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ​
© រក្សាសិទ្ធិដោយ thmeythmey.com