អន្តរជាតិ
មេដឹកនាំ​កូរ៉េខាងជើង​ជឿជាក់​លើ​លោក ត្រាំ ដែល​ចង់​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​
24, Jan 2019 , 2:28 pm        
រូបភាព
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បង្ហាញ​ក្ដី​រីករាយ​ជាខ្លាំង បន្ទាប់ពី​ទទួលបាន​សំបុត្រ​មួយ​ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ខណៈ​មេដឹកនាំ​ទាំងពីរ​គ្រោង​ជួបគ្នា​នៅ​ចុងខែ​កុម្ភៈ​ខាងមុខ​។ គម្រោង​នៃ​ជំនួប​នេះ នឹង​ផ្ដោតលើ​ការ​ព​ន្លឿ​ន​ដំណើរ​ការរំសាយ​នុយក្លេអ៊ែរ​ដែល​បាន​ព្រមព្រៀង​កាលពី​ជំនួប​នៅ​សិង្ហ​បុរី​។ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង លោក គីម ក៏​ជឿជាក់​លើ​លោក ត្រាំ ដែល​តាំងចិត្ត​ដោះស្រាយ​បញ្ហា​រវាង​ប្រទេស​ទាំងពីរ​ផង​។​

 
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ឲ្យ​លោក គីម យ៉ុង​ឈុ​ល មន្ត្រី​ទទួលបន្ទុក​ការចរចា​ជាមួយ​អាមេរិក ចូល​រាយការណ៍​ជុំវិញ​ជំនួប​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​សប្ដាហ៍​មុន​។ លោក គីម យ៉ុង​ឈុ​ល បានប្រគល់​សំបុត្រ​មួយច្បាប់​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទៅ​ឲ្យ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃទី​២៣ ខែមករា ប៉ុន្តែ​មិនបាន​រាយការណ៍​ពី​អត្ថន័យ​សំបុត្រ​ឡើយ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ដដែល​នេះ​ផ្សាយ​ថា លោក គីម ពិតជា​ពេញចិត្ត​ខ្លាំង​នៅពេល​ទទួល​សំបុត្រ​លោក ត្រាំ ហើយក៏​និយាយ​សរសើរ​ប្រធានាធិបតី​អាមេរិក​រូបនេះ​ដែលមាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ដើម្បី​ឈានទៅដល់​ជំនួប​អាមេរិក​-​កូរ៉េខាងជើង​លើក​ទី​ពីរ​។ លើសពីនោះ មេដឹកនាំ​កូរ៉េខាងជើង​ក៏​បង្ហាញ​ការជឿទុកចិត្ត​របស់ខ្លួន​ទៅលើ​លោក ត្រាំ ខណៈ​ប្រទេស​ទាំងពីរ​កំពុង​ដើរ​មួយ​ជំហាន​ម្ដងៗ​ទៅកាន់​គោលដៅ​ដែល​ឯកភាពគ្នា​។​
 
​នេះ​ជា​សេចក្ដីរាយការណ៍​លើកដំបូង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​មនុស្ស​ជំនិត​លោក គីម ជុង​អ៊ុន ទៅកាន់​អាមេរិក​ដើម្បី​ជជែក​ពី​ជំនួប​មេដឹកនាំ​លើក​ទី​ពីរ​។ នៅ​អាមេរិក លោក គីម បាន​ជួបចរចា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ និង​បន្ទាប់​មកជួប​លោក ត្រាំ នៅ​សេត​វិមាន ហើយក៏​បានប្រគល់​សំបុត្រ​របស់លោក គីម ឲ្យ​ពេល​នោះដែរ​។ 
 
​នា​ជំនួប​ជាមួយ​មន្ត្រី​សំខាន់ៗ​ដដែល​នោះ លោក គីម ក៏​បង្គាប់​ដាក់ចេញ​គោលការណ៍​ណែនាំ​ដើម្បី​ការរៀបចំ​ឲ្យ​ស្រេចបាច់​រៀប​ប​វារៈ​សម្រាប់​ជំនួប​ជាមួយ​លោក ត្រាំ នៅពេល​ខាងមុខ​។ កាលពី​សប្ដាហ៍​មុន សេត​វិមាន​ប្រកាស​ជា​សាធារណៈ​ពី​គម្រោង​នៃ​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង ដែល​ត្រូវធ្វើ​នៅ​ចុងខែ​កុម្ភៈ ប៉ុន្តែ​ទីតាំង​ជំនួប​មិនទាន់​ត្រូវបាន​ប្រកាស​នៅឡើយ​ទេ ទោះជា​លោក ត្រាំ ថា បានកំណត់​រួចរាល់​ទៅហើយ​។​
 
​វៀតណាម ត្រូវបាន​គេ​រំពឹងថា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ជំនួប​លើក​ទី​ពីរ​នេះ ដែល​គេឯង​សង្ឃឹមថា នឹងមាន​លទ្ធផល​ជាង​ជំនួប​លើកទីមួយ​។ នៅ​សិង្ហ​បុរី លោក ត្រាំ និង​លោក គីម បាន​ឯកភាពគ្នា​លើ​ការរំសាយ​នុយក្លេអ៊ែរ តែ​មិនបាន​កំណត់​និយមន័យ​ជាក់លាក់​ទេ​។ ក្រោយមក ដំណើរការ​លុបបំបាត់​ក​ជាប់គាំង ដោយ​ភាគី​ម្ខាងៗ​ទាមទារ​ឲ្យ​ដៃគូ​របស់ខ្លួន​ធ្វើ​សកម្មភាព​ជាមុន ទើប​ខ្លួន​ធ្វើតាម​ក្រោយ​។ ក្ដីសង្ឃឹម​នៅតែមាន បើ​មេដឹកនាំ​ទាំងពីរ​យល់ព្រម​លើ​ជំហាន​កាន់តែ​ជាក់ស្ដែង​ក្នុងជំនួប​លើក​ទី​ពីរ​នេះ​៕   

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com