អន្តរជាតិ
សិង្ហ​បុរី​ចង់​ធ្វើជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា ការច្នៃប្រឌិត​ថ្មី និង​ពាណិជ្ជកម្ម​ប្រចាំ​ទ្វីបអាស៊ី​
24, Jan 2019 , 9:59 pm        
រូបភាព
លោក ហេង ស្វីគៀត រដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរី (រូបភាព AFP)
លោក ហេង ស្វីគៀត រដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរី (រូបភាព AFP)
​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សិង្ហ​បុរី ហេង ស្វី​គៀត និយាយថា សិង្ហ​បុរី អាច​ក្លាយជា​មជ្ឈមណ្ឌល​នៃ​បច្ចេកវិទ្យា ការច្នៃប្រឌិត​ថ្មី និង​សហគ្រាស​ពាណិជ្ជកម្ម​នៅ​អាស៊ី​។ លោក ហេង និយាយ​បែបនេះ​ក្នុង​កិច្ចពិភាក្សា​មួយ​ស្ដីពី​សាកលភាវូបនីយកម្ម​នៅ​ថ្ងៃទី​២៣ ខែមករា ខាងក្រៅ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង Davos ។ បើតាម​រដ្ឋមន្ត្រី​រូបនេះ ក្រុមហ៊ុន​ធំៗ​អាច​ពង្រីក​ការរកស៊ី​របស់ខ្លួន​ទៅកាន់​ប្រទេស​ផ្សេងទៀត​នៅ​អាស៊ី​បន្ទាប់ពី​បោះ​ទីស្នាក់ការ​នៅ​សិង្ហ​បុរី​។​

 
​ក្នុង​វេទិកា​ដែល​រៀបចំ​ដោយ​សាកល​វិទ្យា​ជាតិ​សិង្ហ​បុរី និង​សាកលវិទ្យាល័យ​ជាតិ​បច្ចេកវិទ្យា​នៅឯ​ទឹកដី​ស្វ៊ី​ស រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សិង្ហ​បុរី ហេង ស្វី​គៀត លើកឡើងថា សិង្ហ​បុរី​ចាំបាច់​ធ្វើការ​ច្រើន​ដើម្បី​ផ្លាស់ប្ដូរ​តួនាទី​របស់ខ្លួន​ក្នុង​សម័យកាល​សាកលភាវូបនីយកម្ម​ជំនា​នទី​៤ ។ លោក​ជឿថា សិង្ហ​បុរី​អាច​ធ្វើជា​បណ្ដុំ​នៃ​បច្ចេកវិទ្យា នវានុវត្តន៍ និង​ជាទី​ស្នាក់ការ​របស់​ក្រុមហ៊ុន​ធំៗ​ប្រចាំ​តំបន់​អាស៊ី​ផងដែរ ព្រោះ​សិង្ហ​បុរី​មាន​កត្តា​អំណោយផល​ច្រើន​។​
 
​ចំពោះមុខ​អ្នកចូលរួម​ជាច្រើន អនាគត​នាយករដ្ឋមន្ត្រី​ទី​បួន​របស់​សិង្ហ​បុរី​រូបនេះ​រៀបរាប់ថា សិង្ហ​បុរី​អាចជា​ទីតាំង​ល្អ​ដើម្បី​ការ​វាតទី​ចូល​ទីផ្សារ​តំបន់ ហើយ​សិង្ហ​បុរី​អាចជា​ទីប្រជុំ​សម្រាប់​ក្រុមហ៊ុន​អន្តរជាតិ​ដែរ​។ រដ្ឋមន្ត្រី​សិង្ហ​បុរី​រូបនេះ​ក៏​លើក​ហេតុផល​ទៀតថា សិង្ហ​បុរី​ជា​ប្រទេស​និយាយ​ភាសា​អង់គ្លេស ស្គាល់​ពី​តំបន់​អាស៊ី​បាន​ច្បាស់ ហើយ​សិង្ហ​បុរី គឺជា​ទីតាំង​ល្អ​បំផុត​សម្រាប់​ក្រុមហ៊ុន​នានា​ដែល​ត្រៀម​ចូល​ទីផ្សារ​ទ្វីបអាស៊ី​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ Channel NewsAsia ។​
 
«​យើង​មាន​សង្គម​ដែល​ពហុ​សាសន៍ និង​ពហុវប្បធម៌ ក្មេងៗ​សិង្ហ​បុរី​សុទ្ធតែ​អាច​ប្រើប្រាស់​ភាសា​ពីរ​មាន​អង់គ្លេស និង​ភាសា​ដើមកំណើត ដែល​នេះ​អនុញ្ញាត​ឲ្យ​យើង​អា​ចត​ភ្ជាប់​ជាមួយ​គ្រប់ផ្នែក​របស់​ពិភពលោក​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ហេង ស្វី​គៀត ដែល​នឹងត្រូវ​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​ពី​លោក លី សៀន​ឡុង ។ លោក​បន្តថា អាស៊ី​កំពុង​រីកចម្រើន​យ៉ាង​រហ័ស ហើយ​សិង្ហ​បុរី​មាន​ទីតាំង​ពិសេស​ដែល​អាច​ជំរុញ​កំណើន​នេះ​។​
 
​ក្នុងការ​ជជែក​ដដែល រដ្ឋមន្ត្រី​សិង្ហ​បុរី​ក៏បាន​និយាយ​ដល់​តួនាទី​របស់​បច្ចេកវិទ្យា​ក្នុងការ​ជំរុញ​គំនិត​ច្នៃប្រឌិត​ថ្មី និង​កំណើនសេដ្ឋកិច្ច ដែល​កត្តា​ទាំងនេះ​ក៏​នឹង​ជួយ​បង្កើត​ជីវភាព​រស់នៅ​របស់​ប្រជាជន​ដែរ​។ លោក ហេង បាន​ប្រាប់​ឲ្យ​ប្រជាជន​សិង្ហ​បុរី​ប្រកាន់​គំនិត​រៀន​មួយជីវិត​ដើម្បី​សម្រេច​គោលដៅ​បែបនេះ ហើយ​ត្រូវ​រៀនសូត្រ​ពី​មនុស្ស​គ្រប់គ្នា​នៅ​គ្រប់ពេលវេលា​ទៀតផង​។​
 
​ការរៀនសូត្រ​នេះ​ទៀតសោត បើតាម​លោក ហេង ស្វី​គៀត គឺ​រៀន​នៅពេល​ធ្វើការ រៀន​ពី​អ្នក​នៅ​ជុំវិញខ្លួន​ទៀតផង​។ លើសពីនោះ ការអប់រំ​ក្មេង​ក៏​ជា​រឿង​សំខាន់​ដែរ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​មាន​សមត្ថភាព​ក្នុង​ការរៀន និង​បង្កើត​ឱកាស​បាន​៕
 

Tag:
 សិង្ហ​បុរី​
  ហេង ស្វី​គៀត
© រក្សាសិទ្ធិដោយ thmeythmey.com