ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី ព្រមាន​ថា អ្នក​អម​លោក សម រង្ស៊ី មក​ខ្មែរ ក៏​ប្រឈម​ជាប់គុក​ដែរ
25, Jan 2019 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ


សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រាប់​គេឯង​ថា មិន​លូក​មាត់​ជាមួយ​លោក សម រង្ស៊ី ទៀត​ទេ តែដោយសារ​លោក សម រង្ស៊ី នៅតែ​បន្ត​ផ្ញើ​សារ​នយោបាយ​មិន​ឈប់ ជាពិសេស​ការប្រកាស​ធ្វើ​មាតុភូមិ​និវត្ត​របស់លោក សម្តេច ហ៊ុន សែន ក៏​ទ្រាំ​មិនបាន ហើយ​ក៏បង្ខំចិត្ត​ឆ្លើយតប​វិញ​។
 
​ដោយ​ធុញទ្រាន់​នឹង​ការប្រកាស​ជា​ដដែលៗ​របស់លោក សម រង្ស៊ី នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ពន្យុះ​ថែម ឲ្យ​លោក សម រង្ស៊ី ឆាប់​វិល​មក​កម្ពុជា​វិញ​ដូច​ការប្រកាស​របស់ខ្លួន​។ ពី​វេទិកា​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​នៅ​ខេត្តកំពត នា​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩​នេះ ប្រធាន​គណបក្សកាន់អំណាច និយាយ​ចំអក​ថា ខ្លួន​កំពុង​រង់ចាំ​លោក សម រង្ស៊ី​។  
 
​ប្រមុខ​រដ្ឋាភិបាល ព្រមាន​លោក សម រង្ស៊ី បែបនេះ​ថា​៖«​ប្រកាស​ទៅ ផែនការ​រៀបចំ​យ៉ាងម៉េច ទៅ​ពី​ព្រលានយន្តហោះ​ណា អ្នកណា ទៅ​រង់ចាំ​កន្លែង​ណា ហើយ​អង្គការសហប្រជាជាតិ អមដំណើរ​ពេលណា ធ្វើទៅ សូម​អញ្ជើញ​...​តើ​ហ៊ុន សែន ចាត់ការ​របៀប​ណា​»​។ 
 
​មេដឹកនាំ​រូបនេះ ផ្ញើ​សារ​ទៅ​លោក សម រង្ស៊ី ថា​៖«​ខ្ញុំ​ក៏​ចង់​ឲ្យ​អ្នក​មក​ទីកន្លែង ដែល​អ្នក​ត្រូវ​នៅ តាម​សាលក្រម​របស់​តុលាការ​។ ខ្ញុំ រង់ចាំ​យ៉ាង​អន្ទះសា​។ ស្តាយ​ណាស់ ដែល​ឲ្យ​អ្នកឯង​រត់​រួច ឥឡូវ បាន​អ្នកឯង​មកវិញ គឺ​ស្មើនឹង​ដើររក​ឧស ប្រទះ​ឈើ​ងាប់​»​។ 
 
​បន្ទាប់ពី​និយាយ​បែប​ចំអក​ផង​និង​ព្រមាន​ផង​ដាក់​លោក សម រង្ស៊ី សម្តេច ហ៊ុន សែន ក៏មាន​សារ​សម្រាប់​អ្នក ដែល​ចង់​រួម​ដំណើរ​មកជា​មួយ​លោក សម រង្ស៊ី ដែរ​។ ប្រធាន​គណបក្សកាន់អំណាច ព្រមាន​យ៉ាង​ដូច្នេះ​ថា​៖«​អ្នក​មិន​ពាក់ព័ន្ធ មិន​ចង់​ចូល​គុក កុំ​ចង់​ចូល​ប្រថុយ​ជាមួយ​»​។​

សំឡេងនាយករដ្ឋមន្រ្តី ដែលថ្លែងនៅចំពោះមុខកម្មករ-កម្មការិនី៖ 



 
​កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩ អតីត​គណបក្សប្រឆាំង បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់ខ្លួន នៅ​សហរដ្ឋអាមេរិក ដោយមាន​ការចូលរួម​ផ្ទាល់​ពី​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយចំនួនទៀត ដូចជា អ្នកស្រី មូរ សុខ​ហួរ  លោក អេង ឆៃអ៊ាង និង​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ជាដើម ដើម្បី​កំណត់​ផែនការ​ជាក់លាក់​ពី​ការធ្វើ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី​។ ផែនការ​ដ៏​សំខាន់​មួយ ដែល​អតីត​គណបក្សប្រឆាំង បានដាក់​ចេញ គឺ​ការបង្កើត​ក្រុមការងារ ដើម្បី​រៀបចំ​កម្លាំង ត្រៀម​ទទួល​លោក សម រង្ស៊ី​។ 
 
​យ៉ាងណា អតីត​គណបក្សប្រឆាំង ពុំបាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​នៃ​ការវិលត្រឡប់​របស់លោក​សម រង្ស៊ី ឡើយ​។ ប៉ុន្តែ លោក សម រង្ស៊ី ខ្លួនឯង ធ្លាប់​ប្រកាសថា លោក នឹង​មក​កម្ពុជា​វិញ នៅ​ឆ្នាំ​២០១៩​នេះ​។ 
 
​ជុំវិញ​ផែនការ​នៃ​ការវិលត្រឡប់​របស់លោក សម រង្ស៊ី លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ក៏មាន​សារ​ផ្តាំផ្ញើ​ដែរ​។ លោក បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នាពេល​ថ្មី​នេះ ដោយ​បញ្ជាក់ថា រដ្ឋាភិបាល និង សមត្ថកិច្ច នឹង​ចាត់វិធានការ ចំពោះ​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី បើ​មានការ​ស្នើសុំ​ពី​តុលាការ​៕ 

អត្ថបទទាក់ទង

 
 

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com