អន្តរជាតិ
លោក ឌូ​ទើ​តេ ចង់​ប្ដូរ​ឈ្មោះ​ហ្វីលីពីន​ទៅជា «​មហា​លីកា​» (Maharlika)
12, Feb 2019 , 10:58 am        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ បានបង្ហាញ​ជំហរ​ផ្លាស់ប្ដូរ​ឈ្មោះ​ប្រទេស​ដោយ​ឈប់​ហៅថា ហ្វីលីពីន (Phillippines) ទៀត​។ លោក ឌូ​ទើ​តេ ចាត់ទុក​ឈ្មោះ​បច្ចុប្បន្ននេះ​ជា​កេរដំណែល​សល់​ពី​អាណានិគម​អេ​ស្ប៉ា​ញ និង​មិន​ជាប់ទាក់ទង​អ្វី​នឹង​អត្តសញ្ញាណ​ប្រទេស​ឡើយ​។ សម្រាប់​ឈ្មោះ​ប្រទេស​ថ្មី លោក​គាំទ្រ​គំនិត​របស់​អតីត​មេដឹកនាំ​ផ្ដាច់ការ ហ្វែ​ឌី​ណង់ ម៉ា​កូ​ស ដែល​ចង់​ប្ដូរ​ឈ្មោះ​ទៅជា មហា​លីកា (Maharlika) ។​

 
​ថ្លែង​ក្នុង​ពិធី​ចែក​កម្មសិទ្ធិ​ដីធ្លី​នៅ​ខេត្ត Maguindanao ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ និយាយថា វា​ជា​រឿង​ល្អ​ដែល​ហ្វីលីពីន​មានឈ្មោះ​ថ្មី ហើយ​ដែល​ឈ្មោះ​ថ្មី​នោះ​សមស្រប​នឹង​អត្តសញ្ញាណ​ម៉ា​ឡេ​របស់​ហ្វីលីពីន​។ លោក ឌូ​ទើ​តេ លើកឡើងថា ឈ្មោះ​ហ្វីលីពីន​តំណាង​ឲ្យ​ស្ដេច​របស់​អេ​ស្ប៉ា​ញ​ដែលជា​អតីត​ម្ចាស់​អាណានិគម​របស់​ហ្វីលីពីន​។​
 
​អេ​ស្ប៉ា​ញ បានដាក់​អាណានិគម​លើ​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ​តាំងពី​សតវត្សរ៍​ទី​១៥​មក​។ នៅ​សតវត្សរ៍​ទី​១៦ លោក ម៉ា​សេ​ឡង់ ក៏​ទៅដល់​ប្រជុំ​កោះ​នេះ ហើយក៏​ដាក់ឈ្មោះថា ហ្វីលីពីន តែម្ដង ដោយ​ហៅ​តាម​ព្រះនាម​មហាក្សត្រ​ហ្វី​លី​ព​ទី​២ របស់​អេ​ស្ប៉ា​ញ​នៅពេលនោះ​។ បើតាម​សារព័ត៌មាន​ហ្វីលីពីន ABS-CBN អ្នករុករក​អេ​ស្ប៉ា​ញ Ruy Lopez de Villalobos ជា​អ្នក​ហៅ​ប្រជុំ​កោះ​នោះ​ថា Las Islas Filipinas ។ 
 
​លោក ឌូ​ទើ​តេ ដែល​រិះគន់​អេ​ស្ប៉ា​ញ​ជា​ញឹកញយ​នោះ ចង់​ប្ដូរ​ឈ្មោះ​នេះ​ចេញ​។ លោក​បាន​រំឭក​ពី​ការប៉ុនប៉ង​របស់លោក ហ្វែ​ឌី​ណង់ ម៉ា​កូ​ស អតីត​មេដឹកនាំ​របស់​ហ្វីលីពីន​ក្នុងការ​ផ្លាស់ប្ដូរ​ឈ្មោះ​នេះ តែ​មិនបាន​សម្រេច ដ្បិត​លោក​កាន់អំណាច​ផ្ដាច់ការ​នៅពេលនោះ​។ លោក ឌូ​ទើ​តេ គាំទ្រ​ឲ្យ​ប្ដូរ​ឈ្មោះ​ប្រទេស​ថ្មី​ទៅជា «​សាធារណរដ្ឋ​មហា​លីកា​» វិញ ព្រោះ​វា​បញ្ជាក់​ពី​អត្តសញ្ញាណ​ម៉ា​ឡេ និង​មានន័យ​ទាក់ទង​សន្តិភាព និង​ភាពស្ងប់ស្ងាត់​។​
 
​នៅ​ហ្វីលីពីន ពាក្យ​មហា​លីកា​នេះ សំដៅ​ដល់​វណ្ណៈ​អ្នក​ប្រយុទ្ធ​ក្នុង​សម័យកាល Tagalog បុរាណ​នៅលើ​កោះ Luzon ប៉ុន្តែ​ក្នុង​សម័យកាល​ទំនើប​នេះ​មានន័យ​ពាក់ព័ន្ធ​នឹង​អភិជន​វិញ​។ សម្រាប់​ឬ​សគល់​ម៉ា​ឡេ​វិញ លោក ឌូ​ទើ​តេ បកស្រាយ​ថា ឥស្លាម​បាន​ចូលដល់​ហ្វីលីពីន​មុន​ការមកដល់​របស់​អេ​ស្ប៉ា​ញ​ទៅទៀត ហើយ​ជនជាតិ​ហ្វីលីពីន​មាន​ដើមកំណើត​ម៉ា​ឡេ​ដែរ ប៉ុន្តែ​សកម្មភាព​របស់​អាណានិគម ធ្វើ​ឲ្យ​អត្តសញ្ញាណ​ម៉ា​ឡេ​បាត់បង់​៕
 

Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com